ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ហូរ​ខ្លាំង លិច​ទូក​ចម្លង​១​គ្រឿង នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ មនុស្ស​មានសុវត្ថិភាព តែ​លិច​បាត់ម៉ូតូ​៤​គ្រឿង​

2 ថ្ងៃ មុន

ខេត្តក្រចេះ ៖ នា​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ ទូក​ចម្លង​ប្រជាពលរដ្ឋ មួយ​គ្រឿង បាន​ជួប​ហេតុការណ៍​ផ្កាប់​លិច​នៅ​ក្នុង​ទឹក នៅ​ចំណុច​អូរ​គ្រៀង ស្ថិត​ក្នុងភូមិ​រវៀង ឃុំ​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ បណ្តាល​មក​ពី​ផ្ទុក​លើស​ចំណុះ ។

យោង​តាម​ប្រភព​ព័ត៌មាន និង​វី​ដេ​អូ​ឃ្លី​ប​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទូក​ពណ៌​ក្រហម មួយ​គ្រឿង​បាន​លិច​ផ្កាប់​ក្នុង​ទឹកអូរ ដែល​មាន​ចរន្ត​ហូរ​យ៉ាង​គំហុក ខណៈ​ដែល​អ្នកដំណើរ​ជា​ច្រើន​នាក់ បាន​ខិតខំ​ប្រឹង​ហែល​ទឹក​ឆ្លងកាត់​ចរន្តទឹក​ហូរ​ឡើង​មក​កាន់​ច្រាំង​វិញ ។

តាម​ការ​បញ្ជាក់​បឋម មនុស្ស​ដែល​ជិះ​នៅ​លើ​ទូក​ទាំងអស់ បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយ​អាច​ហែល​ទឹក​ឡើង​ដល់ទី​សុវត្ថិភាព ប៉ុន្តែ​ម៉ូតូ ចំនួន ៤​គ្រឿង ត្រូវ​បាន​រាយការណ៍​ថា បាន​ធ្លាក់​ចូល​ក្នុង​ទឹក លិច​បាត់ ។

ជុំវិញ​ទីតាំង​កើតហេតុ​នេះ ជា​ធម្មតា​នៅ​រដូវប្រាំង ប្រជាពលរដ្ឋ​អាច​បើកបរ​ឆ្លងកាត់​បាន​ធម្មតា ប៉ុន្តែ​ក្នុង​រដូវវស្សា​ទឹកជំនន់​លិចលង់​ខ្លាំង​រហូត​ដល់​កម្រិត​ទឹក​ឡើង​ខ្ពស់ ប្រមាណ ៥​ម៉ែត្រ ទើប​តម្រូវ​ឱ្យ​ប្រើប្រាស់​ទូក​ចម្លង​ចំនួន ២​គ្រឿង (​ទៅ និង​មក​ម្ខាង​ម្នាក់​) ជា​មធ្យោបាយ​ឆ្លងកាត់​ពី​ត្រើយម្ខាង​ទៅ​ម្ខាង​ទៀត ។

លោក ឈា ផ​ល្លី អភិបាលស្រុក​អូរ​គ្រៀង​សែន​ជ័យ បាន​មាន​ប្រសាសន៍ នា​ល្ងាច​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦​នេះ​ថា ស្ថានភាព​ទឹកជំនន់​នេះ បង្ក​ឡើង​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ ដែល​បាន​បង្ក​ការ​លិចលង់​អូរ​មួយ​នេះ ប៉ុន្តែ​ជា​ធម្មតា​វា​និង​ស្រក​ទៅ​វិញ ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ បើ​មេឃ​ស្រឡះ មិន​ធ្លាក់​ភ្លៀង ។

លោក​បន្ត​ថា ចំណុច​អូរ​គ្រៀង​នោះ មាន​ទទឹង​ពី​ម្ខាង​ទៅ​ម្ខាង​ប្រហែល​ជាង​៥០​ម៉ែត្រ បើ​ស្ថិត​ក្នុង​ស្ថានភាព​ពេល​នេះ​កម្ពស់​ទឹក​នៅ​ចំណុច​អូរ​នោះ អាច​មាន​កម្ពស់​៥​ម៉ែត្រ តែ​ហេតុការណ៍​នេះ ពុំ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​ឡើយ ។

បច្ចុប្បន្ន ក្រុមការងារ​ក្នុង​មូលដ្ឋាន រួម​មាន អាជ្ញាធរ​ស្រុក មេឃុំ មេ​ភូមិ និង​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ប្រជុំ​ត្រៀមលក្ខណៈ​អន្តរាគមន៍​ដោះស្រាយ ក៏​ដូច​ជា​ចុះ​ត្រួតពិនិត្យ​មើល​សកម្មភាព​ជាក់ស្តែង និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ៕