ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​អះ​អាង​ថា​កង​ទ័ព​របស់​ខ្លួន​វា.យ​ដ.ណ្ដើ.ម​​បាន​មក​វិញ​នូវ​ទឹក​ដី​មួយ​ចំណែក​នៃតំបន់​ដូញែត​

2 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ កង​ទ័ព​អ៊ុយ​ក្រែន​ទើប​តែ​វាយ​ដណ្ដើម​បាន​មក​វិញ​ពី​កណ្ដាប់​ដៃ​រុស្ស៊ី​នូវ​ទឹក​ដី​មួយ​ផ្នែក​នៅ​ភាគ​ខាង​ជើង​តំបន់​ដូញែត​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មេ​បញ្ជា​ការកំពូល​កង​ទ័ពអ៊ុយ​ក្រែន​។ នេះ​ជា​ផ្នែក​មួយ​នៃ​ប្រតិ​បត្តិ​ការ​សឹក​របស់​អ៊ុយ​ក្រែន​ដើម្បី​បង្ក​ភាព​ស្មុគ​ស្មាញ​សម្រាប់​ផែន​ការ​វាយ​លុក​របស់​រុស្ស៊ី​ទៅ​លើ​ទី​តាំង​ដែល​មាន​ប្រព័ន្ធ​ការ​ពារ​ដ៏​រឹង​មាំ​សំខាន់​ៗ​ជា​ច្រើន​កន្លែង​នៅ​ប្រទេស​អ៊ុយ​ក្រែន​ភាគ​ខាង​កើត​។​

កង​អង្គ​ភាព​ទ័ព​ទី​បី​របស់​អ៊ុយ​ក្រែន​ទើប​តែ​វាយ​ដណ្ដើម​បាន​ទឹក​ដី​៥១​​គីឡូ​ម៉ែត្រ​ការ៉េ​ពី​រុស្ស៊ី​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​​របស់​ឧត្ដម​សេនីយ៍​អាន​ឌ្រី ប៊ីឡេ​ស្គី (Andrii Bilestskyi) ដែល​បន្ត​ដឹក​នាំ​បញ្ជា​ប្រតិ​បត្តិ​ការ​សឹក​នៅ​តំបន់​នេះ​ចាប់​តាំង​ពី​ខែ​សីហា​។ ជា​សរុប​ ប្រតិ​បត្តិ​ការ​ដែល​មាន​ឈ្មោះ​សម្ងាត់​ថា​ «វី​វ៉ាល់​ឌី -Vivaldi» វាយ​ដណ្ដើម​បាន​ដី​ទំហំ​១៧៦​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ភាគ​ខាង​ជើង​តំបន់​ដូញែត​, រំដោះ​បាន​ភូមិ​ចំនួន​បី​ និង​បោះ​មូល​ដ្ឋាន​ទ័ព​ឈរ​ជើង​នៅ​លើ​ភូមិ​ចំនួន​២​។

«វិទ្យា​ស្ថាន​សិក្សា​អំពី​សង្គ្រាម»​ ដែល​ជា​ក្រុម​អ្នក​វិភាគ​មាន​ទី​តាំង​នៅ​វ៉ាស៊ីន​តោន​ថ្លែង​ថា​ប្រតិ​បត្តិ​ការ​សឹក​របស់​អ៊ុយ​ក្រែន​អាច​សម្រេច​បាន​គោល​ដៅ​ដ៏​សំខាន់​គួរ​ឱ្យ​កត់​សម្គាល់​ដោយ​​បន្ទច់​បង្អាក់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទី​ក្រុង​ម៉ូស្គូ​ក្នុង​ការ​វាយ​ប្រហារ​ព័ទ្ធ​ស្នែង​ក្របី​ទៅ​លើ​តំបន់​បន្ទាយ​ការ​ពារ​ដ៏​រឹង​មាំ​នៅ​ជុំ​វិញ​ទី​ក្រុង​នានា​របស់​អ៊ុយ​ក្រែន​។ គួរ​កត់​សម្គាល់​ថា​នៅ​ឆ្នាំ​នេះ ចលនា​វាយ​រុល​ទៅ​មុខ​របស់​កង​ទ័ព​រុស្ស៊ី​មាន​សភាព​យឺត​ៗ​។ ប៉ុន្តែ​ពួក​គេ​បន្ត​វាយ​ប្រហារ​ចេញ​ពី​ភាគ​ខាង​ត្បូង​ទៅ​លើ​ទី​ក្រុង​នានា​​របស់​អ៊ុយ​ក្រែន​ ព្រម​ទាំង​រុល​កាន់​តែ​ជ្រៅ​ទៅ​ៗ​ចូល​ទៅ​ទី​ក្រុង​កូស្ទី​យ៉ាន់​ទី​នីវ​កា (Kostiantynivka) នៅ​ភាគ​ខាង​កើត​។​

តំបន់​ដូញែត​គឺ​ជា​សមរភូមិ​ស៊ី​សាច់​ហុត​ឈាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​។ ទី​នេះ​ជា​តំបន់​ប្រទាញ​ប្រទង់​គ្នា​ដ៏​ក្ដៅ​គគុក​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​។ សព្វ​ថ្ងៃ​នេះ អ៊ុយ​ក្រែន​បន្ត​កាន់​កាប់​ទឹក​ដី​ប្រហែល​២០%​នៅ​ដូញែត​។ រុស្ស៊ីនៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​វាយ​យក​តំបន់​នេះ​ទាំង​មូល​មក​គ្រប់​គ្រង។ ដំណឹង​ដែល​ថា​យោធា​អ៊ុយ​ក្រែន​វាយ​កាន់​កាប់​បន្ថែម​ទៀត​នូវ​តំបន់​ដូញែត​អាចជា​សញ្ញា​ល្អ​សម្រាប់​អ៊ុយ​ក្រែន​ដើម្បី​វាយ​​រុញ​ច្រាន​ទៅ​ភាគ​ឦសាន​។ អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​វាយ​យក​បាន​ជាង​៧០០​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ក្នុង​យុទ្ធ​នា​ការ​វាយ​បក​រយៈ​ពេល​ជា​ច្រើន​ខែ​៕ ប្រភព៖ Reuters