ទីក្រុងសាណា៖ ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉េនអះអាងថាយោធាអារ៉ាប៊ីសាអូឌីតបើកការវាយប្រហារពីលើអាកាសចំនួន២៦ដងទៅលើទីតាំងនានារបស់ពួកគេនៅក្នុងខេត្តចំនួន៥នៃប្រទេសយេម៉េននារយៈពេល២៤ម៉ោងកន្លងទៅនេះ។ ចំណែករដ្ឋាភិបាលយេម៉េនប្រកាសថាយោធារបស់ខ្លួនក៏បានបើកការវាយប្រហាររាប់រយករណីទៅលើគោលដៅយោធារបស់ហ៊ូទីនៅក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះផងដែរ។ ដូច្នេះ ឃើញថាហ៊ូទីកំពុងទទួលរងការវាយប្រហារផ្គួបគ្នា។

នៅក្នុងសេចក្ដីប្រកាសដែលផ្សព្វផ្សាយតាមបណ្ដាញអ៊ិច អ្នកនាំពាក្យក្រុមហ៊ូទី លោកយ៉ាយ៉ា សារ៉ា ថ្លែងថាយន្តហោះម៉ាកអែហ្វ១៥ (F-15) របស់អារ៉ាប៊ីសាអូឌីតហោះចេញពីមូលដ្ឋានទ័ពអាកាសខាមីស មូសាអ៊ីត (Khamis Mushait) ដើម្បីទៅវាយប្រហារខេត្តតាអ៊ីស (Taiz), អាល់ចាហ្វ (Al-Jawf), ម៉ារីប (Marib), ដាម៉ា (Dhamar) និងសាអាដា (Saada)។ លោកថ្លែងថាការវាយប្រហារទាំងនោះបណ្ដាលឱ្យស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែលោកមិនបានបញ្ចេញចំនួនពិតប្រាកដទេ។

លោកគ្រាន់តែអះអាងជាសរុបថាចាប់តាំងពីអារ៉ាប៊ីសាអូឌីតបើកប្រតិបត្តិការវាយប្រហារដោយយន្តហោះ និងបាញ់មីស៊ីលចូលយេម៉េនមក ចំនួនអ្នកស្លាប់កើនឡើងដល់១០៨៥នាក់។ កងទ័ពរដ្ឋាភិបាលយេម៉េនថ្លែងថាខ្លួនវាយប្រហារចំនួន៧៥៦ករណីទៅលើមូលដ្ឋានរបស់ក្រុមហ៊ូទីនៅក្នុងរយៈពេល៧២ម៉ោងចុងក្រោយ។ អ្នកនាំពាក្យរដ្ឋាភិបាលយេម៉េន លោកម៉ាជីត អាល់នូហ្សាអ៊ីលី (Majid al-Nuzaili) បង្ហោះសារនៅលើបណ្ដាញអ៊ិចថាប្រតិបត្តិការរបស់យោធាខ្លួនបានវាយកម្ទេច ឬធ្វើឱ្យលែងដំណើរការនូវយានជំនិះយោធា ជើងទម្របាញ់មីស៊ីល ឃ្លាំងអាវុធ និងគ្រឿងបរិក្ខារជាច្រើនទៀត។

លោកអះអាងថាយុទ្ធជនរបស់ហ៊ូទីសរុប២៣១៦នាក់បានស្លាប់ ឬរបួសនៅក្នុងការវាយប្រហារទាំងនោះ។ រហូតមកដល់ពេលនេះ ក្រុមហ៊ូទីនៅរក្សាភាពស្ងៀមស្ងាត់ដោយមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលយេម៉េនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីឡើងកម្ដៅកាន់តែខ្លាំងឡើងៗនៅប្រទេសយេម៉េនភាគនិរតីបន្ទាប់ពីហ៊ូទីរឹបអូសបានទីក្រុងកំពង់ផែម៉ូឆា (Mocha) និងកោះម៉ៃយុន (Mayyun) នៃច្រកសមុទ្របាប អាល់មេនដេប (Bab al-Mandab) កាលពីដើមខែកញ្ញា៕ ប្រភព៖ Xinhua

ចែករំលែកព័តមាននេះ