ទីក្រុងប៉េកាំង ៖ ប្រទេសចិនបានបង្កើតក្រុមការងារពិសេសជាបន្តបន្ទាប់ ដើម្បីតាមដាន និងប្រមូលពន្ធពីក្រុមអ្នកមានលុយ ដោយក្នុងនោះអង្គភាពខ្លះផ្តោតគោលដៅលើមហាសេដ្ឋីតែម្នាក់ក៏មាន។ វិធានការនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់ប្រទេសចិន ក្នុងការជំរុញប្រភពចំណូលពន្ធ និងពង្រឹងការប្រមូលពន្ធលើបុគ្គលមានទ្រព្យស្តុកស្តម្ភ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន Bloomberg នៅថ្ងៃទី២៨ ខែកញ្ញា ដោយយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ។
តាមរបាយការណ៍ ក្រុមការងារទាំងនោះរួមមានទាំងមន្ត្រីរដ្ឋាភិបាល អ្នកជំនាញផ្នែកត្រួតពិនិត្យ និងអាជ្ញាធរគ្រប់គ្រង ដែលមានគោលបំណងប្រឆាំងតបតនឹងក្រុមមេធាវី ទីប្រឹក្សាពន្ធដារ និងអ្នកពិគ្រោះយោបល់ ដែលត្រូវបានជួលដោយក្រុមអ្នកមានស្តុកស្តម្ភនៅក្នុងប្រទេសចិន ដើម្បីកាត់បន្ថយការបង់ពន្ធរបស់ពួកគេ។
វិធានការនេះ បានកើតឡើង ខណៈពេលដែលទីក្រុងប៉េកាំងបានប្រកាសពីច្បាប់ថ្មីមួយកាលពីខែកក្កដាថា អាជ្ញាធរនឹងកំណត់ពន្ធលើប្រាក់ចំណូលបុគ្គល ចំពោះទ្រព្យសម្បត្តិដែលស្ថិតក្នុងមូលនិធិក្រៅប្រទេស ព្រមទាំងប្រាក់ចំណូលបង្កើតឡើងដោយមូលនិធិទាំងនោះ និងភាគលាភនានាផងដែរ។
ជាលទ្ធផល នៅពេលថ្ងៃឱសានវាទនៃច្បាប់ថ្មីនេះ កាន់តែកៀកមកដល់ក្នុងខែតុលា គេសង្កេតឃើញក្រុមអ្នកមានស្តុកស្តម្ភរបស់ចិន បាននិងកំពុងប្រញាប់ប្រញាល់មកបង់ពន្ធលើមូលនិធិក្រៅប្រទេសរបស់ពួកគេ។ អ្នកខ្លះប្រញាប់ស្វែងរកលិខិតឆ្លងដែនបរទេស ដោយបារម្ភថា ប្រទេសកំណើតពួកគេនឹងកំណត់ពន្ធចាកចេញ ចំពោះបុគ្គលផ្លាស់ទីទៅរស់នៅបរទេស ខណៈពេលដែលអ្នកខ្លះទៀតកំពុងលក់ភាគហ៊ុន ឬខ្ចីប្រាក់ពីបរទេស ដើម្បីសងបំណុលពួកគេផងដែរ។
លើសពីនេះទៅទៀត ក្រុមអ្នកមានចិនមួយចំនួនតូច ក៏បានព្យាយាមចរចាជាមួយមន្ត្រីពន្ធដារ ហើយអ្នកខ្លះទៀតក៏កំពុងពិចារណាលើចំណាត់ការផ្លូវច្បាប់តបត ដើម្បីការពារសិទ្ធិរបស់ពួកគេ ប្រសិនបើបន្ទុកពន្ធនោះមើលទៅហាក់ដូចជាមិនយុត្តិធម៌ ឬខ្ពស់ពេកមិនអាចមានលទ្ធភាពបង់បាន៕ ប្រភព ៖ Bloomberg និង The Standard (Hong Kong)


ចែករំលែកព័តមាននេះ