ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងបង្ហាញការអាក់អន់ស្រពន់ចិត្តជាខ្លាំងដែលអ៊ុយក្រែនមិនគោរពសន្យា និងទម្លាយអាថ៌កំបាំងដែលមិនគួរទម្លាយ។ ថ្ងៃនេះ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងទាមទារឱ្យអ៊ុយក្រែនផ្ដល់ការពន្យល់បកស្រាយជាផ្លូវការ និងសូមអភ័យទោសជាបន្ទាន់ ហេតុអ្វីបានជានៅសុខៗពួកគេបញ្ចេញការណ៍សម្ងាត់ពាក់ព័ន្ធនឹងការប្រគល់ឈ្លើយសឹកជនជាតិកូរ៉េខាងជើង២នាក់ទៅទីក្រុងសេអ៊ូល។

រឿងនេះបានសន្យាគ្នារួចហើយថាដឹងតែ២នាក់ប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងរឿងនេះបានឮខ្ចខ្ចាយពេញពិភពលោក។ លោកសឹងគីហុងជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងទទួលបន្ទុកខាងទំនាក់ទំនងសាធារណៈបានសរសេររៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងសោកស្ដាយជាពន់ពេកចំពោះអ៊ុយក្រែនដែលបញ្ចេញរឿងនេះឱ្យគេដឹងជាអត្តនោម័តដោយគ្មានសាកសួរកូរ៉េខាងត្បូង ហើយក្រោយមកប្រកាសទាំងខុសឆ្គងថាគ្មានកិច្ចព្រមព្រៀងលាក់ការណ៍សម្ងាត់ទេ។

លោកសរសេររៀបរាប់បន្តទៀតថារដ្ឋាភិបាលរបស់លោកកំពុងពិភាក្សាគ្នាថាតើត្រូវចាត់វិធានការបែប ណាចំពោះរឿងនេះ។ លោកសឹងថ្លែងថាអ៊ុយក្រែនបានបញ្ចេញឱ្យគេដឹងម្ដងហើយម្ដងទៀតនូវការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើងទៅទីក្រុងសេអ៊ូល។ លោកថាកូរ៉េខាងត្បូងបានស្នើសុំឱ្យអ៊ុយក្រែនកុំធ្វើអីចឹង ហើយត្រូវរក្សាការណ៍សម្ងាត់។ កូរ៉េខាងត្បូងយល់ព្រមរក្សាបញ្ហានេះទុកជាការណ៍សម្ងាត់ដោយផ្អែកទៅលើបញ្ហាសន្តិសុខ ការទូត និងមនុស្សធម៌ រួមទាំងសុវត្ថិភាពរបស់ឈ្លើយសឹក និងក្រុមគ្រួសាររបស់ពួកគេផងដែរ។

កូរ៉េខាងត្បូងយល់ថាអ៊ុយក្រែនធ្វើបែបនេះនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរចំពោះការជឿទុកចិត្តគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលប្រទេសទាំង២ ហើយក៏អាចនឹងប៉ះពាល់ទំនាក់ទំនងទ្វេភាគីផងដែរ។ សូមរំលឹកថាលោកហ្សេឡិនស្គីនៅពេលឡើងថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាចំហតែម្ដងថាអ៊ុយក្រែនបញ្ជូនឈ្លើយសឹកកូរ៉េខាងជើង២នាក់ទៅឱ្យកូរ៉េខាងត្បូង។ អ្នកទាំងនោះត្រូវបានចាប់ខ្លួនទាំងរស់នៅពេលពួកគេត្រូវបានបញ្ជូនទៅជួយរុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ Arab News

ចែករំលែកព័តមាននេះ