ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​សង្កែ​នឹង​ចាប់ផ្ដើម​ថយ​ចុះ​នៅ​ល្ងាច​នេះ ខណៈ​នៅ​តំបន់​«អាង​ស្ដុក​ទឹក​ពហុ​បំណង​»​​ស្រក​ចុះ​២​ម៉ែត្រ ​និង​ស្បើយ​ទឹក​ភ្លៀង

2 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​ពិតមែនតែ​កម្ពស់​ទឹកស្ទឹង​សង្កែ នៅ​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា​នេះ  នៅ​«ទ្រឹង​»​ស្មើនឹង​កម្ពស់​កាលពី​ម្សិលមិញ ​«១៤.២០​ម៉​» ប៉ុន្តែ​វា​នឹង​ចាប់ផ្ដើម​ថមថយ​ចុះ​ជា​បណ្ដើរ​ៗ​ចាប់ពី​ពេល​ល្ងាច​នេះ​តទៅ ព្រោះ​កម្ពស់​ទឹក​នៅ​តំបន់ «​អាង​ស្ដុក​ទឹក​ពហុ​បំណង​បាត់ដំបង»បាន​ស្រក​ចុះ​ប្រហែល​០២​ម៉ែត្រ​ហើយ  ហើយ​តាម​បណ្ដា​អូរ ព្រែក ឬ​ស្ទឹង នៅ​​​ក្នុងស្រុក​សំឡូត​​​ក៏​ស្រក​​ចុះ​អស់ ហើយ​ក៏​ស្បើយ​ទឹកភ្លៀង​ដែរ ​។ នេះ​បើ​តាម​ដំណឹង​ពី​ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ ។

​លោក ខៃ សុ​ដា ប្រធាន​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​បាន​និយាយ​ថា  កម្ពស់​ទឹក​នៅ​«​ទំនប់​អាង​ព​ហុ​បំណង​បាត់ដំបង» បាន​ថយ​ចុះ​ប្រហែល​០២​ម៉ែត្រ​ហើយ  រីឯ​នៅ​ប៉ែក​ខាងលើ នៃ​តំបន់​ស្រុក​សំឡូត ក៏​ស្បើយ​ទឹកភ្លៀង​ដែរ​ ។ ដូច្នេះ​ ស្ថានភាព​ទឹក​នៅ​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង​សង្កែ​បាន​ថយ​ចុះ​ជា​បណ្ដើរ​ៗ​​ ស្រក​ចុះ​មក​កាន់​ប៉ែក​ខាងក្រោម ​។

​លោក​ថា  ពេល​នេះ ​កម្ពស់​ទឹកស្ទឹង​សង្កែ នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ស្ថិត​នៅ​ «ទ្រឹង​»​​នៅឡើយ  តែ​វា​អាច​នឹង​ចាប់ផ្ដើម​ស្រក​ចុះ​ជា​បណ្ដើរ​ៗ​នៅ​ល្ងាច​នេះ និង​ថ្ងៃស្អែក​។ ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ បាន​គ្របដណ្ដប់​ទូ​ទាំង​ខេត្តបាត់ដំបង​ ។ នេះ​បើ​យោង​លើ​របាយ​ការ​ណ៍​​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​មូលដ្ឋាន និង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ផង​ ។

​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​នេះ បាន​ធ្វើ​ឲ្យ​លិចលង់​ផ្លូវថ្នល់ លំនៅ​ឋាន សាលារៀន វត្ត​អារាម ស្ទើរ​គ្រប់កន្លែង នៅ​តាម​បណ្ដា​ក្រុង និង​ស្រុក​នានា​ ។ នៅ​តាម​បណ្ដា​ស្រុក​ខ្លះ ត្រូវ​អាជ្ញាធរ ​និង​សមត្ថកិច្ច ប្រើប្រាស​គ្រប់​មធ្យោបាយ​ ដើម្បី​ជម្លៀស​ពលរ​ដ្ខ​ចេញពី​តំបន់​គ្រោះថ្នាក់ ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ ។

កំណាត់​ផ្លូវ​មួយ​ចំនួន​ត្រូវ​ទឹក​ហូរ​កាត់​ផ្ដាច់ និង​រង​ផល​ប៉ះពាល់ ​រីឯ​ស្ពាន​ក៏​រង​ការ​ខូច​ខា​ច​ច្រើន​​កន្លែង​ផង​ដែរ ​រហូត​អាជ្ញាធរ ត្រូវ​បិទ​ការ​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន​តែ​ម្ដង ​។ ដោយឡែក បើ​ក្រឡេក​មក​មើល​ក្រុង​បាត់ដំបង​វិញ​ ដែល​សំបូរ​ដោយ​អគារ​បេ​តិក​ណ្ឌ នៅ​តំបន់​រ៉​ប​មាត់​ស្ទឹង​សង្កែ ក៏​រង​ការ​លិច​លង់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​​យ៉ាងធ្ងន់ធ្ងរ​ដែរ ​។  ស្ទើរ​គ្រប់​ផ្លូវ​ទាំងអស់​​នៅ​ក្នុង​ក្រុង​បាន​រង​ការ​ផល​ប៉ះពាល់ និង​ខូចខាត​តែ​ម្ដង​ ។

​អភិបាលក្រុង​បាត់ដំបង លោក លាង វាសនា  បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ​នេះ​ដែរ​ថា  ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បាន​ធ្វើ​ឲ្យ​លិចលង់​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៥០% នៃ​ផ្ទៃដី​ក្រុង​បាត់ដំបង​​ទាំងមូល​ ។ ពេល​នេះ ​កម្ព​ស់​ទឹក​នៅ​ចំ​កណ្ដាល​ក្រុង នៅ​«​ទ្រឹង»​ដដែល  ប៉ុន្តែ​បើ​តាម​​មន្ទីរ​ធនធានទឹក​​ដែល​បាន​លើក​ឡើង  ទឹកនឹង​ថយ​ចុះ​ជា​បណ្ដើរ​ៗ ប្រសិនបើ​នៅ​ប៉ែក​ខាងលើ​ ពុំ​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ ។​ ជំំ​ន​ន់​ទឹក​ភ្លៀងនេះ​មួយ​ផ្នែក​ធំ  បាន​ហូរហៀ​បែកធ្លាយ​​ចេញ​ដងស្ទឹង​សង្កែ  ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ។  

ជា​ពិសេស ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ស្រុក និង​ក្រុង  ដែល​ស្ទឹង​សង្កែ​ឆ្លងកាត់ ​។  ប៉ុន្តែ​យ៉ាងណា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ស្រុក​ដែល​កំពុង​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ធ្ងន់ធ្ងរ​ជាងគេ ​ក្នុង​ពេល​នេះ គឺ​ស្រុក​ឯក​ភ្នំ ដែល​ស្ថិត​នៅ​តំបន់​ទំនាប​ខ្លាំង  ហើយ​នៅ​ប៉ែក​​ខាងក្រោម​នៃ​ដងស្ទឹង​សង្កែ​ទៀត​ ៕