ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ត្រាំ​បដិសេធ​លក្ខ​ខណ្ឌ​​​របស់​ខ្លួន​ អុីរ៉ង់​ទទូច​ថា​មាន​តែ​ការ​ទូត​ទេ​ទើប​អាច​ដោះ​ស្រាយ​ជម្លោះ

2 ថ្ងៃ មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ ប្រទេស​អុីរ៉ង់​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា​មាន​តែ​មធ្យោបាយ​ការ​ទូតប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ខ្លួនជា​មួយ​អាមេរិក និង​អុីស្រា​អែល​។ អុីរ៉ង់​ប្រកាស​ដូច្នេះ​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​លោក​សូម​បដិ​សេធ​លក្ខ​ខណ្ឌ​របស់​អុីរ៉ង់​ដែល​បញ្ជូន​ទៅ​ឱ្យ​លោក​ដើម្បី​​ជា​ថ្នូរ​នឹង​ការ​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ និង​បិទ​បញ្ចប់​សង្គ្រាម​ជា​ស្ថាពរ​។ ​ការ​ប្រកាស​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​សង្គ្រាម​អូស​បន្លាយ​ពេល​ជាង​កន្លះ​ឆ្នាំ។

រដ្ឋ​មន្ត្រី​ការ​បរទេស​អុីរ៉ង់ លោក​អាបាស់​ អារ៉ាក់​ឈី ថ្លែង​ថា​លក្ខ​ខណ្ឌ​របស់​យើង​មាន​ភាព​ច្បាស់​លាស់​ ហើយ​លទ្ធ​ភាព​នៃ​ការ​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​វា​ទាល់​តែ​អនុវត្ត​ទៅ​តាម​លក្ខ​ខណ្ឌ​ទាំង​នោះ​ជា​ដាច់​ខាត​។ លោក​ថ្លែង​បន្ត​ទៀត​ថា​មាន​តែ​ការ​ចរចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប៉ុណ្ណោះ​ទើប​អាច​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​នេះ​បាន​។ សូម​រំលឹក​ថា​កាល​ពី​សប្ដាហ៍​មុន អុីរ៉ង់​ប្រកាស​ថា​ខ្លួន​បាន​បញ្ជូន​ផែន​ការ​សន្តិ​ភាព​នោះ​ទៅ​ទី​ក្រុង​វ៉ាស៊ីនតោន​តាម​រយៈ​ប្រទេស​​កាតា​ដែល​ជា​អន្តរ​ការី​។

អុីរ៉ង់​ប្រកាស​​អំពី​ការ​បញ្ជូន​​សំណើ​នោះ​​​នៅ​ឯ​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​។ លោក​ត្រាំ​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​លោក​សូម​ជំទាស់​នឹង​សំណើ​នោះ​។ លោក​លើក​ទឡ្ហីករណ៍​ថា​អុីរ៉ង់​កំពុង​អន្ទះ​អន្ទែង​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ជា​ខ្លាំង​។ លោក​ថា​ពួក​គេ (អុីរ៉ង់) ចង់​បើក​ច្រក​ហ័រ​ម៉ូស​ជា​បន្ទាន់​ព្រោះ​ពួក​គេ​ខាតបង់​ធ្ងន់​ណាស់​។ ​ថ្វី​ដ្បិត​លោក​បដិសេធ​សំណើ​នេះ ប៉ុន្តែ​លោក​នៅ​តែ​បើក​ទ្វារ​ចំហ​ជា​និច្ច​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​តាម​មធ្យោ​បាយ​ការ​ទូត​។

លោក​ថ្លែង​ប្រាប់​គេហ​ទំព័រ​អាក់​សឺស (Axios) តាម​ទូរ​ស័ព្ទ​កាល​ពី​យប់​មិញ​ថា​​ការ​ចរ​ចា​គ្នា​អាច​នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​នេះ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អុីរ៉ង់ លោក​អារ៉ាក់​ឈី​ ថ្លែង​ថា​ក្រុម​ប្រទេស​អន្តរ​ការី​មិន​ទាន់​ពាំ​នាំ​នូវ​ពាក្យ​ពេចន៍​ថា​អាមេរិក​បដិសេធ​សំណើ​នោះ​ជា​ផ្លូវ​ការ​ទៅ​អុីរ៉ង់​នៅ​ឡើយ​ទេ​។ លោក​ថា​យើង​កំពុង​រង់​ចាំ​ស្ដាប់​ចម្លើយ​ពី​ក្រុម​ប្រទេស​សម្រប​សម្រួល​ ហើយ​យើង​នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ផ្អែក​ទៅ​លើ​ទស្សនៈ​របស់​អាមេរិក​ចំពោះ​សំណើ​នោះ​៕ ប្រភព៖ Reuters​