ទីក្រុងប៉េកាំង៖ ថ្ងៃនេះ ចិន និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងកាត់បន្ថយតម្លៃពន្ធ៦០ពាន់លានដុល្លារដែលត្រូវយកពីទំនិញនាំចូលគ្នាទៅវិញទៅមក។ ទំនិញទាំងនោះរាប់ចាប់តាំងពីពោតរបស់អាមេរិករហូតដល់គ្រឿងសម្អាង។ ផលិតផលរបស់ចិនរាប់ចាប់តាំងពីគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះរហូតដល់គ្រឿងប្រដាប់សម្រាប់ក្មេងលេង។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកែសម្រួលទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២ដែលធ្លាប់តែជួបភាពតានតឹងនឹងគ្នា។

យោងតាមគណៈកម្មការពាណិជ្ជកម្មនៃប្រទេសអាមេរិក និងប្រទេសចិន ប្រទេសទាំង២បានផ្ដល់អនុសាសន៍កាត់បន្ថយអត្រាពន្ធលើទំនិញមិនសូវសំខាន់ចំនួន៣០ពាន់លានដុល្លារពីគ្នាទៅវិញទៅមកដើម្បីបង្កបរិយាកាសល្អជាងមុនសម្រាប់វិស័យពន្ធគយ។ នេះបើយោងតាមអ្នកតំណាងក្រសួងពាណិជ្ជកម្មអាមេរិក លោកជេមីសុន គ្រីអឺ (Jamieson Greer) ដែលសរសេររៀបរាប់នៅក្នុងសេចក្ដីប្រកាសកាលពីយប់មិញ។

សម្រាប់អាមេរិក នេះជាការទទួលបានឱកាសកាន់តែធំទូលាយទៅកាន់ទីផ្សារលក់ទំនិញប្រមាណ៣០%លើទំនិញនាំទៅចិន។ ការសម្រេចបញ្ចុះអត្រាពន្ធគយបដិការ រួមទាំងការបន្តសុពលភាពផ្អាកជម្លោះពាណិជ្ជកម្មនេះជាលទ្ធផលនៃកិច្ចជំនួបកំពូលរវាងលោកត្រាំ និងលោកស៊ីជីនពីងនៅឆ្នាំនេះ។ របាយការណ៍បង្ហាញថាចិនគ្រោងកាត់តម្រឹមពន្ធគយទៅលើកសិផលអាមេរិកដូចជាពោត ស្រូវសាលី សាច់ ផលិតផលពីទឹកដោះគោ ប្រេងបន្លែ។ល។

គួរកត់សម្គាល់ថានៅក្នុងបញ្ជីកាត់បន្ថយអត្រាពន្ធគយនោះមិនមានមុខទំនិញសណ្ដែកសៀងទេ។ ចិនក៏ចង់កាត់បន្ថយពន្ធគយលើទំនិញនាំចូលពីអាមេរិកប្រភេទត្រី និងគ្រឿងសមុទ្រ ឈើហុប និងផលិតផលកែច្នៃពីឈើ គ្រឿងសម្អាង និងគ្រឿងបរិក្ខារពេទ្យផងដែរ។ នៅក្នុងបញ្ជីមួយទៀតគឺជាអត្រាបញ្ចុះពន្ធគយបដិការពីអាមេរិកសម្រាប់គ្រឿងបរិក្ខារដូចជាឧបករណ៍ឆុងកាហ្វេ និងប្រដាប់គាបនំ សម្ភារៈផ្ទះបាយ ភួយ និងកម្រាលពូក៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ