លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់សាធារណជនឱ្យប្រើប្រាស់ប្រេងឥន្ធនៈ និងហ្គាសប្រកបដោយការទទួលខុសត្រូវ និងចេះសន្សំសំចៃ ខណៈដែលភាពមិនច្បាស់លាស់ជុំវិញការផ្គត់ផ្គង់ថាមពលសកល បន្តរុញច្រានតម្លៃប្រេងឥន្ធនៈក្នុងស្រុកឱ្យឡើងខ្ពស់ ។

នៅក្នុងសុន្ទរកថា ជាវីដេអូដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជារក្សាបាននូវស្តុកប្រេងឥន្ធនៈដែលស្មើនឹងការប្រើប្រាស់រយៈពេល២១ថ្ងៃ សម្រាប់សាំង, ១៥ថ្ងៃសម្រាប់ប្រេងម៉ាស៊ូត, ១០ថ្ងៃសម្រាប់ហ្គាស និង១០ថ្ងៃសម្រាប់ប្រេងឥន្ធនៈយន្តហោះ ។
លោកបានបញ្ជាក់ថា កម្រិតស្តុកទាំងនេះ នៅតែដដែល បើធៀបនឹងរយៈពេលមុនពេលមានការរំខានដល់ការដឹកជញ្ជូនប្រេង និងឧស្ម័នកាត់តាមច្រកសមុទ្រហ័រមូស ។

លោកបានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ គឺមិនមានសញ្ញានៃការរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នមកកាន់កម្ពុជានោះទេ ។
ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ស្ថានភាពជុំវិញច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់របស់ពិភពលោក នៅតែមានភាពផុយស្រួយ និងមិនច្បាស់លាស់ ខណៈដែលប្រទេសមួយចំនួនកំពុងរឹតបន្តឹង ឬដាក់កម្រិតលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ ។

លោកបានមានប្រសាសន៍ថា ក្រសួងរ៉ែ និងថាមពល អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តប្រើប្រាស់ប្រេង និងឧស្ម័នប្រកបដោយការទទួលខុសត្រូវខ្ពស់ និងចេះសន្សំសំចៃឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍វិវត្តនៅក្នុងតំបន់មជ្ឈិមបូព៌ា និងសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពសម្រាប់អ្នកប្រើប្រាស់ ។

ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិប្រែប្រួលខ្លាំងក្រោយសង្គ្រាមនៅអ៊ីរ៉ង់ រយៈពេល៨ខែ នៃឆ្នាំ២០២៦នេះ កម្ពុជាបានបង្កើនការចំណាយលើការនាំចូលប្រេងឥន្ធនៈដល់ទៅ ៤០ភាគរយ ។
ស្ថិតិដែលប្រភពផ្តល់ឲ្យបានឲ្យដឹងថា នៅក្នុងរង្វង់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជាចំណាយលើការនាំចូលប្រេងឥន្ធនៈសរុបមានតម្លៃដល់ទៅ៣,៣៨ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ