ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ប្រេង​នៅ​មជ្ឈិមបូព៌ា​ងើបឡើង​វិញ ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត​ បង្កើន​ការ​ដឹក​ជញ្ជូន

2 ថ្ងៃ មុន

អន្តរជាតិ ៖ ការ​នាំ​ចេញ​ប្រេង​ឆៅ​ចេញពី​បណ្តា​ប្រទេស​ផលិត​ធំ​ៗ​នៅ​មជ្ឈិមបូព៌ា​បាន​ងើបឡើង​វិញ​ក្នុង​ខែកញ្ញា​នេះ ដល់​ទៅ ១២,៨ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ជា​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក​-​អ៊ី​ស្រា​អែ​ល​ជាមួយនឹង​អ៊ី​រ៉​ង់ បាន​ចាប់ផ្តើម​កាលពី​ខែកុម្ភៈ​កន្លង​ទៅ ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម បាន​ជម្រុញ​ការ​នាំ​ចេញ​រៀងខ្លួន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​ក្រុមហ៊ុន Kpler​។

ការ​ងើបឡើង​វិញ​នេះ កើតឡើង​បន្ទាប់​ពី​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការ​នាំ​ចេញ​តាម​រយៈ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ដល់​ប្រហែល ៧,៤ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ក្នុង​ខែ​នេះ ដោយសារ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បង្វែរ​ទិស​ដៅ​នាំ​ចេញពី​កំពង់​ផែ​យ៉ា​ន​ប៊ូ (Yanbu) នៅ​សមុទ្រ​ក្រហម ក្រោយ​ការ​វាយប្រហារ​បាន​បំផ្លាញ​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​ពី​ភាគ​ខាងកើត​ទៅ​ខាងលិច​របស់​ខ្លួន​។

ខណៈ​ពេល​ការ​នាំ​ចេញ​ប្រេង​ឆៅ​ពី​តំបន់ ដែល​រួម​មាន​អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ាត​អា​រ៉ាប់​រួម អ៊ី​រ៉ា​ក់ អូ​ម៉​ង់ កា​តា កូ​វែ​ត និង​អ៊ី​រ៉​ង់ បាន​ងើបឡើង​វិញ​ក៏​ដោយ ក៏​ការ​នាំ​ចេញ​ទាំងនោះ​នៅ​តែ​មាន​កម្រិត​ទាប​ជាង​មុន​ប្រមាណ ៦ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បើ​ធៀប​នឹង​ចំនួន ១៨,៨ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ កាលពី​ខែកុម្ភៈ​។

ប្រទេស​នាំ​ចេញ​ច្រើន​ជាងគេ​ប្រចាំ​តំបន់​គឺ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រមាណ ៥,៤ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ក្នុង​ខែ​នេះ ដែល​ងើបឡើង​វិញ​យ៉ាង​ខ្លាំង​ពី​ចំនួន​ត្រឹម​ជាង ២,៤ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ កាលពី​ខែសីហា​។ ទិន្នន័យ​ពី Kpler ក៏​បាន​បង្ហាញ​ទៀត​ថា កប៉ាល់​ដឹក​ប្រេង​ឆៅ​ខ្នាត​យក្ស​សរុប​ចំនួន ១៩ គ្រឿង ដែល​១​គ្រឿង​ៗ​ដឹក​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន ២ លាន​បារ៉ែល បាន​ចាក​ចេញពី​ច្រក​សមុទ្រ Hormuz កាលពី​ស​ប្តា​ហ៍​មុន​។ ទិន្នន័យ​ទាំងនេះ មិន​បាន​រាប់​បញ្ចូល​បណ្តា​កប៉ាល ដែល​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ដោយ​បិទ​ឧបករណ៍​បញ្ជូន​សញ្ញា​ស្វ័យប្រវត្តិ (AIS) ដើម្បី​គេចវេស​ពី​ការ​តាមដាន​នោះ​ទេ​។

មុន​ពេល​សង្គ្រាម​អ៊ី​រ៉​ង់ ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ច្រក​សមុទ្រ​ហ័​រ​មូស ធ្លាប់​ជា​ផ្លូវ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​ខ្នាត​ធំ​ប្រហែល ១២៥ គ្រឿងក្នុង​មួយ​ថ្ងៃ ដែល​រួម​មាន​កប៉ាល់​ដឹក​ប្រេង ឧស្ម័ន ទំនិញ​ស្ងួត និង​កុងតឺន័រ ដែល​មាន​ចំណែក ប្រហែល ២០% នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ប្រចាំ​ថ្ងៃ​របស់​ពិភពលោក​។

ទោះជា​យ៉ាងណា​ក៏​ដោយ គិត​ត្រឹម​ម៉ោង ២ រសៀល ថ្ងៃ​ទី​២៨ ខែកញ្ញា (​ម៉ោង​នៅ​កម្ពុជា​) ប្រេង​ឆៅ Brent ស្តង់ដា​អន្តរជាតិ ឈរ​នៅ​តម្លៃ ១០៦,៦ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល កើនឡើង​ជាង ២,២៦ ដុល្លារ ឬ ២,១៧% ខណៈ​ប្រេង​ឆៅ WTI របស់​សហរដ្ឋអាមេរិក កើនឡើង ១,១៧ ដុល្លារ ឬ ១,២៧% តម្លៃ ៩៣,៥៨ ដុល្លារ​/​បារ៉ែល​។ ការ​កើនឡើង​នេះ កើតឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​បដិសេធ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ពី​ប្រទេស​អ៊ី​រ៉​ង់​៕