ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ជួយ​សង្គ្រោះ​នេ​ប៉ាល់​បន្ត​ស្វែង​រកមនុស្ស​បា.ត់​ខ្លួ.ន​១២​នាក់​ក្រោយ​ការ​បាក់​ផ្ទាំង​ទឹ​កក​ដ៏​ធំ​មួយ

2 ថ្ងៃ មុន

ទី​ក្រុង​កាត់​ម៉ាន់​ឌូ៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​មនុស្ស​១២​នាក់​ដែល​បាត់​ខ្លួន​ក្រោយ​ហេតុ​ការណ៍​បាក់​ផ្ទាំង​ទឹក​​កក​។ ​មនុស្ស​យ៉ាង​តិច​២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​។ ព្រឹត្តិការណ៍​នេះ​កើ​តឡើង​នៅ​លើ​ភ្នំ​មួយ​របស់​នេប៉ាល់​នៅ​ពេល​កើត​មាន​អាកាស​ធាតុ​ដ៏​អាក្រក់​មួយ​។ មនុស្ស​ដប់​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​នៅ​លើ​ភ្នំ​ហ៊ីម​ឡុង (Himlung) ដែល​មាន​កម្ពស់​៧១២៦​ម៉ែត្រ​ស្ថិត​នៅ​ប្រទេស​នេ​ប៉ាល់​ភាគ​ខាង​ជើង​ក្រោយ​ហេតុ​ការណ៍​បាក់​ផ្ទាំង​ទឹក​កក​កាល​ពី​ថ្ងៃ​អាទិត្យ​។

អ្នក​ស្លាប់​ និង​អ្នក​​បាត់​ខ្លួន​ទាំង​នោះ​សុទ្ធ​តែ​ជា​ជន​ជាតិ​នេប៉ាល់​ទាំង​អស់​។ ហេតុ​ការណ៍​បាក់​ផ្ទាំង​ទឹក​កក​កើត​ឡើង​នៅ​ឯ​កន្លែង​បោះ​តង់​សម្រាក​លំហែ​កាយ​។ ពេល​នោះ ពួក​គេ​កំពុង​រង់​ចាំ​ការ​មក​ដល់​នៃ​ក្រុម​អ្នក​ទេស​ចរ​បរទេស​ដើម្បី​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំង​អស់​គ្នា​នៅរដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ​ដែល​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​កញ្ញា​។ អ្នក​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ពី​កន្លែង​កើត​ហេតុ​តាម​ឧទ្ធម្ភាគ​ចក្រ​។

ដោយ​ឡែក​ សាក​សព​ជន​រង​គ្រោះ​២​នាក់​ដែល​បាន​ស្លាប់​ត្រូវ​បាន​ដឹក​​​ទៅ​​អាកាស​យាន​ដ្ឋាន​នៃ​រដ្ឋ​ធានី​កាត់​ម៉ាន់​ឌូ និង​ដឹក​បន្ត​ទៅ​មន្ទីរ​ពេទ្យ​សាកល​​វិទ្យាល័យ​ទ្រី​ភូវ៉ាន (Tribhuvan)។ ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​របស់​ជន​រង​គ្រោះធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​សាក​សព​នៅ​ទី​បច្ឆា​ ប៉ុន្តែ​ពួក​គេ​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​។ ​មាន​សេចក្ដីរាយ​ការណ៍​អំពី​​ទឹក​ជំនន់ និង​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​នៅ​ស្រុក​ម៉ាណាង (Manang) ជា​ទី​កន្លែង​ដែល​ភ្នំ​នោះ​តាំង​នៅ​។ ហេតុ​ការណ៍​ទាំង​នេះ​សុទ្ធ​តែ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រីរដ្ឋ​បាល​ស្រុក​។

ហេតុ​ការណ៍​បាក់​ផ្ទាំង​ទឹក​កក​លើក​នេះ​កើត​មាន​ឡើង​ចំពេល​ដែល​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូន​ដំណឹង​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អាកាស​ធាតុ​​ប្រែ​ប្រួល​ដ៏​អាក្រក់​នៅ​ទូទាំង​ប្រទេស​។ គណៈ​កម្ម​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ថ្លែង​ថា​មនុស្ស​២១​នាក់​បាន​ស្លាប់​ និង​៥​នាក់​ទៀត​​បាត់​ខ្លួន​នៅ​ក្នុង​ហេតុ​ការណ៍​ផ្សេង​ៗ​គ្នា​​គិត​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃអាទិត្យ​។ នេប៉ាល់​ទើប​តែ​កើត​មាន​គ្រោះ​មហន្ត​រាយ​ដ៏​ធំ​កាល​ពី​ខែ​សីហា​ដោយ​សារ​ទឹក​ជំនន់​ធ្លាក់​ពី​កំពូល​ភ្នំ​លិច​ភូមិ​ជា​ច្រើន​នៅ​ប៉ែក​ខាង​ក្រោម​។ មនុស្ស​ជាង​១៤០០​នាក់​បាន​ស្លាប់​ និង​ជិត​៦​ពាន់​នាក់​ទៀត​បន្ត​បាត់​ខ្លួន​រហូត​ដល់​សព្វ​ថ្ងៃ​៕ ប្រភព៖ AP​