ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​ទី​ក្រុង​នានា​ស្លា.ប់​បី​នា.ក់បន្ទាប់​ពី​​​​​​ត្រាំ និង​ហ្សេ​ឡិន​ស្គី​ចង់​បញ្ចប់​សង្គ្រាម​មុន​រដូវ​រងា

2 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ សង្គ្រាម​អ៊ុយ​ក្រែន​នៅ​តែ​បន្ត​ឆាប​ឆេះ​យ៉ាង​ក្ដៅ​គគុក​ទោះ​បី​លោក​ហ្សេឡិនស្គី និង​លោក​ដូណាល់​ត្រាំ​ថ្លែង​កាល​ពីមុន​នេះ​ថា​អស់​លោក​ចង់​ឃើញ​​សង្គ្រាម​​បិទ​បញ្ចប់​ទៅ​វិញ​​នៅ​មុន​រដូវ​រងា​​ឆ្នាំ​នេះ​យ៉ាង​ណា​ក្ដី​។ ថ្មី​ៗ​នេះ ដ្រូន​របស់​រុស្ស៊ី​វាយ​ប្រហារ​បណ្ដាល​ឱ្យ​ឆេះ​ផ្សារ​មួយ​កន្លែង​នៅ​ខាង​ក្រៅ​រដ្ឋ​ធានី​កៀវ និង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​។ រដ្ឋ​ធានី​របស់​អ៊ុយ​ក្រែន​ក៏​រង​ការ​វាយ​ប្រហារ​ដូច​គ្នា​។ នេះបើ​យោង​តាម​មន្ត្រី​មូល​ដ្ឋាន​។

រដ្ឋ​អាជ្ញា​អ៊ុយ​ក្រែន​ថ្លែង​ថា​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​រុស្ស៊ី​ទៅ​លើ​ផ្សារ​នៅ​តំបន់​សូហ្វ៊ីស​ស្កា​ បោះ​​ឆា​ហ៊ីវកា (Sofiska Borshchahivka) ខាង​លិច​ទី​ក្រុង​កៀវ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​១០​នាក់។ តាម​រយៈ​រូប​ថត​ដែល​គេ​​​បង្ហោះ​​ផ្សព្វ​ផ្សាយ​តាម​អន​ឡាញ​  គេ​ឃើញ​​​រូប​អគារ និង​រថ​យន្ត​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។ នៅ​លើ​ដី​រាយ​ប៉ាយ​ដោយ​កម្ទេច​កម្ទី​។ នៅ​រដ្ឋធានី​កៀវ អភិបាល​នៃ​គណៈ​អភិបាល​ទី​ក្រុង​នេះ​គឺ​លោក​វ៉ាទីលី គ្លីត​ឆ្កូ ថ្លែង​ថា​មនុស្ស​៩​នាក់​រង​របួស​ រួម​ទាំង​កុមារ​ម្នាក់​ផង​ដែរ​​។ ​កាល​ពី​មុន​នេះ រុស្ស៊ី​ច្រើន​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ទី​ក្រុង​តូច​ធំ​នានា​របស់​អ៊ុយ​ក្រែន​នៅ​ពេល​យប់​។

ប៉ុន្តែ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​ពេល​ថ្ងៃ​វិញ​ម្ដង​សឹង​តែ​រៀង​រាល់​ថ្ងៃ​​។ លោក​ហ្សេឡិនស្គី​ប្រកាស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​លើក​ចុង​ក្រោយ​ដោយ​អះអាង​ថា​​នោះ​ជា​ទី​តាំង​ជន​ស៊ីវិល​រស់​នៅ​។ ដូច្នេះ​វា​ប្រៀប​បាន​នឹង​អំពើ​ភេរវ​កម្ម​ដូច្នោះ​ដែរ​។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​រុស្ស៊ី​គ្មាន​គោល​ដៅ​យោធា​ដែល​ត្រូវ​វាយ​ប្រហារ​ទី​នោះ​ទេ​។ នេះ​ជា​ការ​ប៉ុន​ប៉ង​បំបាក់​ស្មារតី​របស់​ប្រជា​ជន​អ៊ុយ​ក្រែន​ និង​ជា​ការ​ព្យាយាម​​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​សង្គម​របស់​យើង​។

ក្រឡេក​ទៅ​មើល​ទី​ក្រុង​ស៊ូមី​នៅ​ភាគខាង​ត្បូង​​ដែល​ជា​គោល​ដៅ​រុស្ស៊ី​វាយ​ប្រហារ​ជា​រឿយ​ៗ​ គ្រាប់​បែក​មាន​ប្រព័ន្ធ​នាំ​ផ្លូវ​បានធ្លាក់​ក្បែរ​មជ្ឈ​មណ្ឌល​ជួយ​គាំទ្រ​ជន​ស៊ីវិល​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​។ នេះ​បើ​យោង​តាម​អភិបាល​នៃ​គណៈ​អភិបាល​តំបន់​ លោក​អូឡេ រី​ហូ​រ៉ូវ​​។ នៅ​ខា​គីវ​ដែល​ជា​ទី​ក្រុង​ធំ​ទី​២​របស់​អ៊ុយ​ក្រែន ដ្រូន​របស់​រុស្ស៊ី​វាយ​ប្រហារ​រថ​យន្ត​មួយ​គ្រឿង​បណ្ដាល​ឱ្យ​ស្លាប់​​អ្នក​បើក​បរ​​។ លោក​ហ្សេឡិន​ស្គី​អះ​អាង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​២៧៧​គ្រឿង​ទៅ​វាយ​ប្រហារ​ ក្នុង​នោះ​១៥៥​គ្រឿង​ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​កម្លាំង​ខ្លាំង​៕ ប្រភព៖ Reuters