ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​នាំ​អាហ្វ្រិក​ខាង​ត្បូង​សន្យា​​ទប់​ស្កាត់​អំ.ពើ​ហិ.ង្សា​ក្រោយ​ការ​​បា.ញ់​ប្រ.ហារផ្ទួន​ៗ​គ្នា​ស្លា.ប់​២៧​នា.ក់

2 ថ្ងៃ មុន

ទី​ក្រុង​ចូ​ហាន់​ណេ​ស្បឺក​៖ នគរ​បាល​អាហ្វ្រិក​ខាង​ត្បូង​កំពុង​តាម​ប្រមាញ់​ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​បាញ់​ប្រហារ​២​ករណី​ផ្សេង​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៧​នាក់។ ​​ការ​បាញ់​ប្រហារ​ទាំង​នេះ​ឃ្លាត​គ្នា​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។ ព្រឹត្តិ​ការណ៍​ទាំង​នេះ​រំលេច​ឱ្យ​ឃើញ​ថា​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កំពុង​តែ​កម្រើក​រំពើក​​នូវ​អំពើ​ហិង្សា​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កាំ​ភ្លើង​។ ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង​ លោក​​រ៉ា​ម៉ា​ហ្វូ​សា​ (Ramaphosa) ថ្លែង​ថា​លោក​​មិន​​បណ្ដោយ​ឱ្យ​ព្រឹត្តិការណ៍​បែប​នេះ​កើត​ឡើង​ជា​បន្ត​ទៀត​ទេ​។

កាល​ពី​មុន​នេះ​មួយ​ថ្ងៃ​ទើប​តែ​មាន​ព្រឹត្ត​ការណ៍​បាញ់​ប្រហារ​ស្លាប់​មនុស្ស​១១​នាក់​នៅ​ឯ​ពិធី​ជប់​លៀង​នៅ​​ក្បែរ​ទី​ក្រុង​ដឺបាន (Durban)។ អាជ្ញា​ធរ​កំពុង​តែ​សិក្សា​អំពី​មូល​ហេតុ​នៃ​អំពើ​បាញ់​ប្រហារ​ក្បែរ​ទី​ក្រុង​ចូហាន់​ណេស្បឺក និង​ទី​ក្រុង​ខេប​ថោន​នោះ​។ លទ្ធ​ផល​ស៊ើប​អង្កេត​បឋម​បង្ហាញ​​​ថា​ករណី​បាញ់​ប្រហារ​មួយ​ទំនង​ជា​កើត​ឡើង​ដោយ​ការ​ទំនាស់​រវាង​ក្រុម​រក​ស៊ី​​ជីក​រ៉ែ​ខុស​ច្បាប់ និង​ក្រុម​រក​ស៊ី​កាច់​កុង​គ្នា​។

លោក​រ៉ាម៉ា​ហ្វូសា​ថ្លែង​ថា​បទ​ឧក្រិដ្ឋ​នេះ​មាន​ភាព​ធ្ងន់​ធ្ងរ​ដែល​យើង​ត្រូវ​តែ​លុប​បំបាត់​ឱ្យ​បាន​។ កង​សន្តិ​សុខ​របស់​យើង​បន្ត​ទប់​ស្កាត់​ករណី​នេះ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​សង្កេត​ឃើញ​ថា​បទ​ល្មើស​ហិង្សា​បន្ត​កើត​មាន​យ៉ាង​ពុះ​កញ្ជ្រោល​នៅ​អាហ្វ្រិក​ខាង​ត្បូង​ទោះ​បី​​អាជ្ញា​ធរ​ព្យាយាម​បង្ក្រាប​យ៉ាង​ណា​ក្ដី​។ រដ្ឋ​ធានី​របស់​អាហ្វ្រិក​ខាង​ត្បូង​ជាប់​ឈ្មោះ​ជា​ទី​ក្រុង​ដែល​មាន​អត្រា​ឃាត​ក​កម្ម​ខ្ពស់​បំផុត​មួយ​នៅ​លើ​សាកល​លោក​។

ករណី​បាញ់​ប្រហារ​នៅ​កន្លែង​ផឹក​ស៊ី​អាច​ជា​ការ​វាយ​ប្រហារ​បែប​សង​សឹក​។ នៅ​តំបន់​​វេលេ​ឡា (Weleda) ចម្ងាយ​៨០​គីឡូ​ម៉ែត្រពី​ចូហាន់​ណេស្បឺក​ មនុស្ស​១៧​នាក់​បាន​ស្លាប់​ និង​១៥​នាក់​រង​របួស​ដោយ​សារ​ការបាញ់​ប្រហារ​ពី​សំណាក់​ជន​សង្ស័យ​ជា​ច្រើន​នាក់​ដែល​បំពាក់​ដោយ​កាំ​ភ្លើ​ងអាកា​៤៧​។ លោក​រ៉ាម៉ា​ហ្វូសា​អះ​អាង​ថា​នគរ​បាល​មាន​រូប​ថត​ជន​សង្ស័យ​ និង​កំពុង​តាម​ប្រមាញ់​ពួក​គេ​ហើយ​៕​