ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ហូរ​ច្រោះ​បាក់កំណាត់​ផ្លូវជាតិ​លេខ​៥៧.៧​នៅ​ស្រុក​សំឡូត ​មន្ត្រី​ជំនាញ​កំពុង​ជួសជុល

2 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សារ​ធា​រណការ ​និង​ដឹក​ជញ្ជូន​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កញ្ញា  បាន​និង​កំពុង​រុះ​រាន់​ប្រើ​គ្រឿង​ចក្រ​ជួសជុល​កំណាត់​ផ្លូវ​លេខ​​៥៧.៧ ដែល​ត្រូវ​ទឹក​​ហូរ​ច្រោះ​បាក់​ស្ទើរ​ពាក់កណ្ដាល នៅ​ត្រង់​ចំណុច​ភូមិ​ព្រៃ​រំចេក  ឃុំ​តា​សាញ  ស្រុក​សំឡូត ដើម្បី​បាន​អ្នកដំណើរ​ឆ្លងកាត់​ពេញលេញ​ឡើង​វិញ ​។

​កំណាត់​ផ្លូវជាតិ​លេខ​៥៧.៧ ដែល​រង​ការ​បាក់​ស្រុត​ខាងលើ​នេះ  បាន​កើតឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ដោយសារ​ទឹក​ហូរ​ច្រោះ​ ។  គ្រោះ​ធម្មជាតិ​បាន​បំផ្លាញ​ផ្លូវ​នេះ  ស្ទើរ​អស់​ពាក់កណ្ដាល​ទ្រូងផ្លូវ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​តាម​យានយន្ត​ជួប​ការ​លំបាក និង​បារម្ភ​ពី​គ្រោះថ្នាក់​ ។ ​ដី​ផ្លូវ​បាន​បាក់​ដាច់​ធ្លាក់​ចូល​ទៅ​កាន់​អូរ​នៅ​ក្បែរ​នោះ ដែល​មាន​ទំហំ​ច្រើន​ម៉ែត្រ ​។        

អភិបាលស្រុក​សំឡូត លោក ហ៊ុន ធឿ​ន បាន​ថ្លែងប្រាប់​កោះសន្តិភាព ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា​នេះ​​ថា  ចំណុច​ផ្លូវ​ដែល​បាក់​ស្រុត​នោះ មាន​ប្រព័ន្ធ​លូ ដែល​រំដោះ​ទឹក​ទម្លាក់​ទៅ​កាន់​អូរ​នៅ​ផ្នែក​ខាងក្រោម​នៃ​ម្ខាង​ផ្លូវ ហើយដោយ​សារ​តែ​ទឹកអូរ​នៅ​ប៉ែក​ខាងក្រោម​នៃ​ផ្លូវ​ហូ​ច្រោះ​ដាច់​មាត់​លូ​ម្ដង​បន្តិច​ៗ  ទើប​ធ្វើ​ឲ្យ​បាក់​ស្រុត​កាន់តែ​ខ្លាំង ស្ទើរ​ដល់​ពាក់កណ្ដាល​ផ្លូវ  ធ្វើ​ឲ្យ​អ្នកដំណើរ​មាន​ការ​ព្រូ​យ​បារម្ភ​ពី​ហានិភ័យ​ ។

​លោក​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​​ទី​២៨ កញ្ញា នេះ​ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត បាន​និង​កំពុងប្រើប្រាស់​គ្រឿងចក្រ​ជួសជុល​ឡើង​វិញ  ប៉ុន្តែ​ពេល​នេះ ​អាច​ឆ្លងកាត់​បាន​តែ​រថយន្ត​ធុន​តូច រីឯ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​មិន​ទាន់​អនុញ្ញាតឱ្យ​​ឆ្លងកាត់​នៅឡើយ​ទេ​ ។

​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត​ត្ត លោក ព្រួញ រិ​ទ្ធ​ថា  ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​បាន​មាន​ប្រសា​ស​ន៍​​ដែរ​ថា  កំណាត់​ផ្លូវ​ដែល​បាក់​ស្រុត​នោះ មាន​ប្រវែង​ប្រហែល​​៥០​ម៉ែត្រ ស្ថិត​លើ​ចម្រាក់​មាត់​អូរ ​។  ពេល​នេះ ​មន្ត្រី​ជំនាញ​របស់​លោក បាន​និង​កំពុងធ្វើការ​ជួសជុល​ឡើង​វិញ​ហើយ  ប៉ុន្តែ​ត្រូវការ​ចំណាយពេល​យូរ​ដែរ  ប៉ុន្តែ​អ្នកដំណើរ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បានជា​ធម្មតា​ ។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ដែរ​​ថា  នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា នេះ ស្ថានភាព​ទឹក​នៅ​តំបន់​ខាងលើ បាន​ធូរស្រាល​វិញ​ហើយ​ ។  រាល់​ការ​កកស្ទះ​តាម​កំណាត់​ផ្លូវ​នានា និង​តាម​បណ្ដា​ស្ពាន​ដែល​លិចលង់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧  ឬ​លេខ​៥៧.៧ បាត់​ដំបង​-​ប៉ៃលិន  ឬ បាត់​ដំបង​-​សំឡូត  អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ស្រួល​វិញ​អស់ហើយ​ ។  ពេល​នេះ​ ​មន្ត្រី​ជំនាញ​របស់​លោក​បាន​និង​កំពុង​មមារញឹក ធ្វើការ​ជួសជុល​តាម​កំណាត់​ផ្លូវជាតិ​នានា ដែល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដើម្បី​ជួ​យ
ស​ម្រួ​ល​ជា​បណ្ដោះអាសន្ន​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ៕