ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ៣៥០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលមានសមាជិកប្រមាណ ៣៥០នាក់ បានចុះបំពេញបេសកកម្មផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅខេត្តស្ទឹងត្រែង ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹង និងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សកម្មភាពភាពនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីលានតេជោធិបតី ខេត្តស្ទឹងត្រែង ដោយមានការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជាច្រើនផ្នែក រួមមាន ជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ និងធ្មេញ ព្រមទាំងការអប់រំអំពីការថែរក្សាសុខភាពនិងការការពារជំងឺ។
ក្នុងឱកាសនោះ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ បានលើកឡើងថា ការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយផ្ទាល់ដល់ប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃការចូលរួមលើកកម្ពស់សុខភាពសាធារណៈ និងជួយឱ្យប្រជាពលរដ្ឋអាចទទួលបានការពិនិត្យសុខភាពទាន់ពេលវេលា។
ឯកឧត្តមបានបន្តថា ការទទួលបានសេវាសុខាភិបាល និងការថែទាំសុខភាពបានល្អ អាចជួយកាត់បន្ថយបញ្ហាសុខភាពដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ព្រមទាំងជួយឱ្យប្រជាពលរដ្ឋមានកម្លាំងកាយល្អ និងមានសុខុមាលភាពកាន់តែប្រសើរ។
ជាមួយគ្នានេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានចាត់ទុកបេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តថា ជាសកម្មភាពមួយដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រោះបាននាំយកសេវាពិនិត្យ និងពិគ្រោះជំងឺទៅជិតប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានការលំបាកក្នុងការធ្វើដំណើរទៅទទួលសេវាសុខាភិបាលនៅតំបន់ឆ្ងាយ។
លោកបានមានប្រសាសន៍ថា ការចុះបេសកកម្មតាមបណ្តារាជធានី-ខេត្តនេះ បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការចូលរួមផ្តល់ការគាំទ្រដល់កុមារ និងប្រជាពលរដ្ឋដែលត្រូវការសេវាសុខាភិបាល។
ដោយឡែក លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឱ្យដឹងថា ក្រុមគ្រូពេទ្យដែលចូលរួមបេសកកម្មលើកនេះ មានទាំងវេជ្ជបណ្ឌិតឯកទេស និងក្រុមការងារផ្នែកសុខាភិបាលជាច្រើនជំនាញ។
សេវាដែលត្រូវបានផ្តល់ជូនរួមមាន ការពិនិត្យជំងឺភ្នែក មាត់ និងធ្មេញ បេះដូង អេកូសាស្ត្រស្ត្រី រោគស្ត្រី ជំងឺសន្លាក់ ឫសដូងបាត និងសេវាពិនិត្យព្យាបាលជំងឺផ្សេងៗទៀត។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះបំពេញបេសកកម្មផ្តល់សេវាសុខាភិបាលនៅខេត្តស្ទឹងត្រែង។
សម្រាប់ប្រជាពលរដ្ឋដែលបានមកទទួលសេវាលោក ភួ សាយ រស់នៅភូមិថ្មលាត សង្កាត់ស្ទឹងត្រែង បានបង្ហាញការសាទរចំពោះការរៀបចំកម្មវិធីនេះដោយលោកយល់ថា ការនាំយកក្រុមគ្រូពេទ្យ និងសេវាពិនិត្យព្យាបាលមកជិតមូលដ្ឋាន បានជួយសម្រួលដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារ ជាពិសេសការកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើដំណើរទៅរកសេវាសុខាភិបាលនៅទីកន្លែងផ្សេង។
តាមការបញ្ជាក់ បេសកកម្មពិនិត្យ និងព្យាបាលជំងឺនៅខេត្តស្ទឹងត្រែងនេះ ដឹកនាំដោយឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និងត្រូវបានរៀបចំឡើងដោយមានការយកចិត្តទុកដាក់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងគោលបំណងពង្រឹងការថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
កម្មវិធីនេះត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ និងអ្នកគ្រូនៅខេត្តស្ទឹងត្រែង សរុបប្រមាណ ៥.០០០នាក់៕





ចែករំលែកព័តមាននេះ