ប្រទេសថៃ ៖ នៅប្រទេសថៃ ក្រុងបាងកក ត្រូវទឹកជន់លិច ក្រោយរយៈពេល៤៨ម៉ោងនៃភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឲ្យលិចផ្ទះសម្បែង ហាងទំនិញ និងផ្លូវថ្នល់ទាំងឡាយ ។ អាជ្ញាធរក្រុងបាងកកប្រកាស កាលពីថ្ងៃទី២៦ កញ្ញា ការប្រកាសអាសន្នគ្រោះមហន្តរាយធម្មជាតិក្នុងទីក្រុងនោះទាំងមូល ។

សភាពការណ៍ពិតជាធ្ងន់ធ្ងរដល់ថ្នាក់នាយករដ្ឋមន្ត្រីថៃ លោកអានុទីន ឆានវីរ់គុល បំព្រួញទស្សនកិច្ចនៅអង់គ្លេស ប្រញាប់វិលត្រឡប់មកប្រទេសវិញ ក្រោយពីភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតដល់៣០០មីល្លីម៉ែត្រក្នុងរាជធានី នៅរសៀលថ្ងៃទី២៤ កញ្ញា និងព្រឹកថ្ងៃទី២៦ កញ្ញា ។ ទឹកជំនន់ធ្ងន់ធ្ងរ ក៏ត្រូវបានរាយការណ៍ផងដែរ ក្នុងខេត្តថៃ២១ទៀត ជាមួយមនុស្សម្នាក់ស្លាប់។

ពលរដ្ឋក្រុងបាងកកនិយាយថា ទឹកនៅបន្តឡើងហើយពេលនេះ គេពិតជាមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ។ ហាងទំនិញជាច្រើនបានបិទទ្វារចាប់តាំងពី២ថ្ងៃមកហើយ ។ គេមិនដែលឃើញទឹកជំនន់់ខ្លាំងបែបនេះទាល់តែសោះ ចាប់តាំងពី១៥ឆ្នាំមកហើយ ។

គួររំលឹកថា កាលពីឆ្នាំ២០១១ នៅប្រទេសថៃទាំងមូលជួបប្រទះទឹកជំនន់អាក្រក់បំផុត បណ្ដាលឲ្យមនុស្សស្លាប់ដល់ជាង៥០០នាក់ ហើយផ្ទះសម្បែងច្រើនលានខ្នងរងការខូចខាត ។
រដ្ឋបាលក្រុងបាងកកបានប្រកាសពីគ្រោះមហន្តរាយធម្មជាតិក្នុងស្រុក៥០នៃក្រុងនេះ ។ ផ្លូវទាំងឡាយនៃក្រុងបាងកក ត្រូវទឹកជន់លិច ហើយមនុស្សម្នាដើរកាត់ទឹកត្រឹមជង្គង់ និងកន្លែងខ្លះដល់ត្រឹមចង្កេះ។ សូម្បីតែព្រលានយន្តហោះដនមឿង ក្រុងបាងកក ក៏ត្រូវទឹកជន់លិចដែរ ៕

ចែករំលែកព័តមាននេះ