ប្រាសាទលាក់នាង មានទីតាំងស្ថិតនៅចំទិសខាងលិចនៃប្រាសាទតាកែវ ។ ប្រាសាទនេះ មានរចនាសម្ព័ន្ធបែរមុខទៅរកប្រាសាទតាកែវដោយផ្ទាល់ ។ ប្រាសាទនេះ បានស្ថាបនាឡើង នៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ ជាប្រាសាទមិនត្រឹមតែជាទីសក្ការបូជាខាងសាសនាដូចប្រាសាទដទៃនោះឡើយ ប៉ុន្តែថែមទាំងជាប្រាសាទដែលបានកសាងក្នុងបរិវេណ «អារោគ្យសាលា» (មន្ទីរពេទ្យបុរាណ) មួយក្នុងចំណោមអារោគ្យសាលាទាំង១០២ នៅទូទាំងចក្រភពខ្មែរ ។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរាបានប្រកាសនាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ។

អាជ្ញាធរជាតិអប្សរា បានបន្តថា នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (ចុងសតវត្សរ៍ទី១២) ចក្រភពខ្មែរមានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យសុខាភិបាល និងការថែទាំសុខុមាលភាពប្រជារាស្ត្រ ។ ភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់មួយមានបង្ហាញពីការប្រើប្រាស់ក្បួនខ្នាតវេជ្ជសាស្ត្របុរាណ ដ៏គួរឱ្យចាប់អារម្មណ៍នៅលើចម្លាក់មួយនៃប្រាសាទនេះ ។

សូមរំឭកថា វិស័យសុខាភិបាលសម័យអង្គរ បានរៀបចំឡើងដោយឈរលើស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់ពីព្រះមហាក្សត្រ ដូចដែលមានចារឹកក្នុងសិលាចារឹកតម្កល់ក្នុងមន្ទីរពេទ្យថា៖ «ជំងឺផ្លូវកាយរបស់ប្រជារាស្ត្រ គឺជាជំងឺផ្លូវចិត្តរបស់ព្រះរាជា ហើយទុក្ខឈឺចាប់របស់ប្រជារាស្ត្រ គឺរឹតតែឈឺចាប់ជាងការឈឺចាប់របស់ព្រះរាជាទៅទៀត» ។

ប្រព័ន្ធសុខាភិបាលនៃចក្រភពខ្មែរ មិនត្រឹមតែជាកន្លែងសម្រាកព្យាបាលជំងឺប៉ុណ្ណោះទេ ។ ប៉ុន្តែមានការបែងចែកតួនាទីយ៉ាងច្បាស់លាស់ រួមមាន ៖ គ្រូពេទ្យជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី គ្រូពេទ្យជំនួយ អ្នកមើលថែទាំជំងឺ អ្នកកិនថ្នាំ ។ល។ នៅក្នុងមន្ទីរពេទ្យមានកន្លែងសម្រាកព្យាបាល កន្លែងសង្គ្រោះអ្នកក្រខ្សត់ អ្នកដាច់សង្វែង មានម្ហូបអាហារសម្រាប់អ្នកអត់ឃ្លាន។ល។
ផ្អែកលើចម្លាក់ថ្មភក់ដ៏កម្រ នៅលើបំណែកហោជាងនៃប្រាសាទលាក់នាង យើងឃើញពីវិធីសាស្ត្រ និងក្បួនខ្នាតពិនិត្យជំងឺយ៉ាងល្អិតល្អន់របស់ដូនតាខ្មែរ ។ នោះ គឺការស្ទង់ជីពចរ ដែលរូបចម្លាក់បានបង្ហាញយ៉ាងច្បាស់អំពីសកម្មភាពរបស់គ្រូពេទ្យបុរាណ ដែលកំពុងលូកដៃទៅចាប់កាន់ និងសង្កត់លើកដៃរបស់អ្នកជំងឺដើម្បី «ស្ទង់ជីពចរ» ។ នេះជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យយ៉ាងសំខាន់តាមវិស័យវេជ្ជសាស្ត្របុរាណ ដើម្បីវាយតម្លៃពីចង្វាក់បេះដូង លំហូរឈាម និងស្ថានភាពសរីរាង្គខាងក្នុងរបស់អ្នកជំងឺ មុននឹងសម្រេចចិត្តផ្សំថ្នាំ ឬជ្រើសរើសវិធីព្យាបាល ។

ចម្លាក់នៅប្រាសាទលាក់នាង មិនត្រឹមតែជាសិល្បៈរចនាបថបាយ័នដ៏ល្អប៉ុណ្ណោះទេ ។ ប៉ុន្តែគឺជា «ឯកសារប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ» ដ៏កម្រ និងមានតម្លៃជាសារវន្ត ដែលបញ្ជាក់យ៉ាងច្បាស់ថា ដូនតាខ្មែរមានចំណេះដឹងជ្រៅជ្រះលើវិទ្យាសាស្ត្រសុខាភិបាល និងក្បួនវេជ្ជសាស្ត្រច្បាស់លាស់តាំងពីមួយពាន់ឆ្នាំមុនមកម្ល៉េះ ។
ការឈានជើងចូលទស្សនាប្រាសាទលាក់នាង គឺជាការស្វែងយល់ពីឬសគល់នៃវិស័យសុខាភិបាលខ្មែរបុរាណ និងជាមោទនភាពនៃបេតិកភណ្ឌវេជ្ជសាស្ត្រជាតិដែលយើងគ្រប់គ្នាត្រូវរួមគ្នាអភិរក្ស និងលើកតម្លៃ ព្រមទាំងទទួលយកមោទនភាពជាតិផង ៕









ចែករំលែកព័តមាននេះ