មហាជនកំពុងបើកភ្នែកមើលនៅខេត្តស្ទឹងត្រែង ជុំវិញការចេញប័ណ្ណកម្មសិទ្ធិឯកជនលើផ្ទៃដីជាង៣ពាន់ហិកតា
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ភាពចម្រូងចម្រាសជុំវិញការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ទំហំសរុបជាង៣ពាន់ហិកតា ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងក្លាយជាចំណុចក្តៅមួយដែលទាមទារឱ្យមានការបំភ្លឺពីស្ថាប័នជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង ។ ករណីនេះមិនត្រឹមតែពាក់ព័ន្ធនឹងការត្រួតស៊ីគ្នារវាងដីសហគមន៍ព្រៃឈើជាមួយកម្មសិទ្ធិឯកជនមួយ និងដែនជម្រកសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឱ្យមានការឃុំខ្លួនប្រធានសហគមន៍ព្រៃឈើ និងការដាក់ចេញនូវសំណួរពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃនីតិវិធីចេញប័ណ្ណកម្មសិទ្ធិទៀតផង ។
យោងតាមឯកសារ និងប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ដំបូងឡើយ បងប្អូនជនជាតិដើមភាគតិចកួយ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បានរួមគ្នាបង្កើតជា «សហគមន៍ព្រៃឈើភ្នំជម្រកសត្វ» ដែលត្រូវបានបង្កើតឡើងតាមប្រកាសលេខ ០៧១ កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដោយមានផ្ទៃដីទំហំ៤.១៥៣ហិកតា ។ សហគមន៍នេះធ្លាប់បានចុះកិច្ចព្រម ព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ក្នុងគោលបំណងថែរក្សាតំបន់ព្រៃភ្នំនោះ សម្រាប់ផលប្រយោជន៍សហគមន៍ និងអភិវឌ្ឍវិស័យទេសចរណ៍មូលដ្ឋាន ។ លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ១៧៤ អនប្រ.បក ស្តីពីការបង្កើត «ដែនជម្រកសត្វព្រៃឆែប-ព្រះរកា» ស្ថិតក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារដែលធ្វើឱ្យផ្ទៃដីសហគមន៍ព្រៃឈើភ្នំជម្រកសត្វស្ទើរតែទាំងស្រុង ស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ។
យោងលើឯកសារដែលកោះសន្តិភាពបានទទួល គឺក្នុងអំឡុងឆ្នាំ២០២៣ ក្រសួងរ៉ែនិងថាមពលបានផ្តល់អាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មជូនក្រុមហ៊ុនលីន វតីឯ.ក សម្រាប់ធ្វើអាជីវកម្មថ្មអារ តាមរយៈដែនអាជ្ញាប័ណ្ណចំនួន ៣ គឺ៖ លិខិតលេខ ០០៤១ រថ.អរធ.អប ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ទំហំ៩៩ហិកតា ។ លិខិតលេខ ០០២៥ រថ.អរធ.អប ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ទំហំ៩៨ហិកតា ។ លិខិតលេខ ០០២៧ រថ.អរធ.អប ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ទំហំ៧១ហិកតា (សរុបចំនួន២៦៨ហិកតា) ។
ប្រភពក្រៅផ្លូវការបានឱ្យដឹងថា ក្រុមហ៊ុននេះបានដំណើរការក្នុងរយៈពេលខ្លីក៏ជួបបញ្ហាក្ស័យធន និងបញ្ហាបំណុល ដោយត្រូវបានផ្ទេរការគ្រប់គ្រងបន្តទៅឱ្យបុគ្គលដទៃ ដែលមានលុយ និងមានអំណាច ។ ក្រោយពេលផ្ទេរការគ្រប់គ្រងក៏លេចចេញនូវលិខិតស្នើសុំចុះបញ្ជីដីកម្មសិទ្ធិឯកជនលើផ្ទៃដីសរុបទំហំ៣.០៦៤ហិកតា សម្រាប់ប្រជាពលរដ្ឋចំនួន១០រូប រស់នៅរាជធានីភ្នំពេញ ដែលនាំឱ្យមានភាពចម្រូងចម្រាស និងការតវ៉ាពីប្រជាសហគមន៍ព្រៃឈើលើសកម្មភាពគ្រឿងចក្រឈូសឆាយ និងកាយដីក្រវាត់ព្រំរបស់ភាគីក្រុមហ៊ុន ឯកជនដ៏មានអំណាចថ្មីមួយ ។ ភាពតានតឹងបានឈានដល់ការឃុំខ្លួនលោក ម៉ឹង រដ្ឋា ប្រធានសហគមន៍ព្រៃឈើភ្នំជម្រកសត្វ ដែលជាជនជាតិដើមភាគតិចកួយ ក្រោយពីបានដឹកនាំការតវ៉ាប្រឆាំងនឹងការប្រើប្រាស់គ្រឿងចក្រឈូសឆាយចូលតំបន់សហគមន៍តាមអំណាច ។
បន្ទាប់មក លោក ម៉ឹង រដ្ឋា ត្រូវបានមន្ទីរបរិស្ថានខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងឃុំខ្លួនក្នុងពន្ធនាគារក្រោមការចោទប្រកាន់ពីបទ «កាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ» ក្នុងដែនជម្រក សត្វព្រៃឆែប-ព្រះរការ ដែលរឿងនេះត្រូវបានសហគមន៍ និងមហាជនចាត់ទុកថាជាភាពអយុត្តិធម៌ ព្រោះដីនេះជាដីសហគមន៍គ្រប់គ្រងមានអនុក្រិត្យ បែរជាធ្វើប័ណ្ណកម្មសិទ្ធិឱ្យឯកជនទៅវិញ ។ លុះដល់សហគមន៍តវ៉ា បែរជាចាប់គ្នាដាក់គុក ។ នេះហើយឬយុត្តិធម៌នោះលោកម្ចាស់ ?
ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន៨ប័ណ្ណ (លេខ ១៩០៥០៩០២-១២១៩ ដល់១៩០៥០៩០២-១២២៦) ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង ហាក់មានភាពមិនប្រក្រតី និងផ្ទុយនឹងអនុក្រឹត្យលេខ ១៧៤ របស់រាជរដ្ឋាភិបាល ។ ជុំវិញបញ្ហានេះ ស្ថាប័នសារព័ត៌មានកោះសន្តិភាពបានលើកជាសំណួរផ្ទាល់ដល់លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងដើម្បីបំភ្លឺជូនសាធារណជនដូចខាងក្រោម ប៉ុន្តែស្ងាត់ឈឹងដូចចោរលួចសេះ…ហេ ! ហេ !
១-យោងតាមឯកសារផ្ទៃដីស្នើសុំទំហំ ៣.០៦៤ហិកតា របស់ប្រជាពលរដ្ឋចំនួន១០ឈ្មោះ ដែលស្ថិតក្នុងវិសាលភាពនៃអនុក្រឹត្យលេខ ១៧៤ អនប្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ តើពិតជាស្ថិតនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដែរឬទេ ?
២-ក្នុងនាមជាមន្ទីរជំនាញ ជានីតិវិធីស្របតាមបទដ្ឋានគតិយុត្តិជាធរមាន តើយោងទៅលើមូលដ្ឋានអ្វីខ្លះដែលអាចសម្អាង និងឈានដល់ការសម្រេចកសាង និងចេញប័ណ្ណកម្មសិទ្ធិឯកជនស្របច្បាប់លើផ្ទៃដីមានអនុក្រិត្យ ។
៣-តើមានអនុក្រឹត្យនិយ័តកម្ម ឬអនុក្រឹត្យកែប្រែដីពីសាធារណៈរបស់រដ្ឋ មកជាដីឯកជនដែរឬទេ ?
៤-លិខិតស្នើសុំចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរស់នៅភ្នំពេញចំនួន១០ ឈ្មោះ ១០រូប (ដែលអាជ្ញាធរភូមិ-ឃុំ និងប្រជាសហគមន៍អះអាងថាមិនមែនជាពលរដ្ឋមូលដ្ឋាន) ប៉ុន្តែហេតុអ្វីបានជាប័ណ្ណកម្មសិទ្ធិដែលចេញមានត្រឹមតែ៨ប័ណ្ណ និងមានឈ្មោះត្រឹមតែ២នាក់ប្តីប្រពន្ធគឺឈ្មោះលោកស្រី កែកុល សោភា (ប្រពន្ធ) និងឈ្មោះ ទូច គង្គា ជាអភិបាលរងខេត្តតែប៉ុណ្ណោះ ? ប្រសិនបើមានការបំភ្លឺណាមួយយើងនឹងផ្សាយជូនបន្តទៀត ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព

ចែករំលែកព័តមាននេះ