ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើធំៗដល់ទៅ៤ក្បាល រួចពីទ្រុងដោយសារទឹកជំនន់នៅខេត្តស្រះកែវ

3 ថ្ងៃ មុន

មាន​សេចក្តីរាយការណ៍​ថា សត្វ​ក្រពើ​ចំនួន ៤​ក្បាល ដែល​មួយ​ក្បាល​ៗ​មាន​ប្រវែង​ប្រហែល​២ ម៉ែត្រ បាន​រួច​ពី​ទ្រុង​ក្នុង​ខេត្ត​ស្រះ​កែវ ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់ ដែល​ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ថៃ ភ័យ​ខ្លាច​រត់គេច​ខ្លួន និង​ខ្លះ​ទៀត​បាន​ឡើង​លើ​ដើមឈើ​ដើម្បី​សុវត្ថិភាព ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Khaosod English ។

ប្រភព​ដដែល​បាន​បន្ត​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា បានឃើញ​សត្វ​ក្រពើ​ទាំងនោះ នៅ​ក្បែរ​តំបន់​កសិដ្ឋាន​មួយ​ក្នុងស្រុក ខាវ ចា​កាន ( Khao Chakan) ហើយ​នៅ​ពេល​នេះ អាជ្ញាធរ​កំពុង​សម្រប​សម្រួលការ​ដោះស្រាយ​បញ្ហា​នេះ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​ចុះ​ទៅ​ក្នុង​ទឹក ឬ​ព្យាយាម​ចូល​ទៅ​ជិត និង​ចាប់​សត្វ​ទាំងនោះ ។

មក​ដល់​ពេល​នេះ ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​នេះ​កំពុង​តែ​ធ្ងន់ធ្ងរ ដោយ​ផ្លូវ​ហា​យ​វេ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ក៏​កំពុង​រង​ការ​ជន់​លិច​យ៉ាង​ខ្លាំង​ផង​ដែរ ដោយ​ផ្នែក​ខ្លះ​មិន​អាច​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ ។ អ្នកបើកបរ​ត្រូវ​បាន​ណែនាំ​ឱ្យ​ជៀសវាង​ផ្លូវ​ដែល​មាន​ទឹកជំនន់ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ។

រឿង​នេះ វា​កើត​នៅ​ថៃ​ឯណោះ​ទេ ប៉ុន្តែ​ដោយ​ភូមិសាស្ត្រ​ខេត្ត​នេះ​ជាប់​ផ្នែក​ខ្លះ​នៃ​ខេត្តបន្ទាយមានជ័យ ហើយ​ក៏​អាច​មាន​ប្រភព​ទឹក​ត​ភ្ជាប់​គ្នា ពលរដ្ឋ​យើង​ក៏​គួរ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ខ្លាច​វារ​សាត់អណ្តែត​មក​ដល់​ស្រុក​យើង ៕