លំនៅឋានជាង ៦ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុង-ស្រុកចំនួន១២ នៅខេត្តសៀមរាប រងការជន់លិច ដោយជំនន់ទឹកភ្លៀង
- សៀមរាប
ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាបបានអះអាងនៅយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៦ថា តាមការណែនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត អំពីបញ្ហាទឹកជំនន់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចុះពិនិត្យប្រព័ន្ធប្រឡាយ លូ ដើម្បីកាយសម្រាម និងអាចម៌ដីដែលធ្វើឱ្យស្ទះផ្លូវទឹកហូរ ព្រមទាំកទ្វារទឹកក្នុងការជួយដល់ល្បឿនទឹកហូរ។ បន្ទាប់ពីព្រះរាជាណាច្រកកម្ពុជាទទួលរងព្យុះទី ២៦ ឈ្មោះ ស៊ូរីហ្គាអេ ដែលធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស ។ ដោយឡែកខេត្តសៀមរាបក៏មានភ្លៀងធ្លាក់រាយប៉ាយទូទាំងខេត្តជាច្រើនម៉ោង បណ្តាលឱ្យស្ថានភាពទឹកហូមិនទាន់ បង្កឱ្យមានការជន់លិចនៅតាមបណ្តា ក្រុង ស្រុក មួយ ចំនួន។
ជាមួយនឹងការជន់លិចទឹកភ្លៀងនេះ លោកអភិបាល ក្រុង ស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ចុះពិនិត្យប្រព័ន្ធប្រឡាយ លូ ដើម្បីធ្វើការកាយសំរាម និងអាចម៌ដីដែលធ្វើឱ្យស្ទះផ្លូវទឹកហូរមិនបានលឿន។ មួយវិញទៀត ក៏បានបើកទ្វារទឹកក្នុងការជួយដល់ល្បឿនទឹកហូរបន្ថែមផងដែរ។
សូមបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសៀមរាប កំពុងមានលំហូរទឹកជន់ឡើងខ្លាំង លើសកម្រិតប្រកាសអាសន្ន ០.៣០ម៉ែត្រ ។ នេះបើតាមការបញ្ជាក់ពីរ មន្ទីរធនធាន ទឹក និងឧតុ និយមខេត្តសៀមរាប សូមជូនដំណឹង អំពីស្ថានភាពទឹកស្ទឹងសៀមរាប ដែលកំពុងមាន ទឹកលំហូរជន់ឡើងខ្លាំង ដែលបច្ចុប្បន្នមានកម្រិតទឹកឡើងខ្ពស់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពស់ ១៣,៨០ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ១៣,៥០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០.៣០ម៉ែត្រ ហើយ។ ដូចនេះសូមសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថាន ភាពធាតុអាកាសដែលមានភ្លៀង ផ្គររន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ដែលអាចជាកត្តាបណ្តាលឱ្យមានជំនន់ទឹកភ្លៀង ដែលអាចជន់លិច ក្នុងក្រុងសៀមរាប ។
បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប បានមានប្រសាសន៍ថា គិតត្រឹមល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យមានជំនន់ទឹកភ្លៀងនិងធ្វើឱ្យលំនៅឋាន សាលា រៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងក្រុង-ស្រុកចំនួន១២, ឃុំ-សង្កាត់ចំនួន ៥៥ និង ភូមិចំនួន ១៧៩ ភូមិ ក្នុងខេត្ត សៀមរាប បានរងការជន់លិច និងបានបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋសរុប ៦ ៣៨៣ ខ្នងផ្ទះ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀង នេះបានបង្កផលប៉ះពាល់ដល់ប្រជាពល រដ្ឋចំនួន ៦៥៣១ គ្រួសារ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួន ១៨គ្រួសារ និងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ៦គ្រួសារ។ ក្រៅពីនេះ ទឹកជំនន់បានប៉ះពាល់ដល់លំនៅឋានកម្រិតស្រាលចំនួន ៦ ៣៦៥ខ្នង, កម្រិតធ្ងន់ ១៨ខ្នង, សាលារៀន ៣៣កន្លែង, មន្ទីរពេទ្យ ៤កន្លែង, វត្តអារាម/វិហារសាសនា ១ កន្លែង និងអគាររដ្ឋបាល ២កន្លែង។
ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជំនន់ទឹកភ្លៀងបាន ប៉ះពាល់ផ្លូវកៅស៊ូប្រវែង ៣ ២៨០នម៉ែត្រ (ខូចខាត ៤ម៉ែត្រ),ផ្លូវបេតុងប្រវែង ៣ ៨៣៨ ម៉ែត្រ (ខូចខាត ១០ម៉ែត្រ), ផ្លូវដីស/ក្រួសក្រហមប្រវែង ៨២ ០៨៥ម៉ែត្រ (ខូចខាត ៤១០ម៉ែត្រ), ទំនប់ប្រវែង ១ ៥៣០ ម៉ែត្រ (ដាច់និងខូចខាត ៣០ម៉ែត្រ)និងស្ពាន/លូកាត់ផ្លូវប្រវែង ៤៣ម៉ែត្រ។
រីឯវិស័យកសិកម្ម បានរងផលប៉ះពាល់ស្រូវពង្រោះចំនួន ២ ២៩០ ហិកតា និងដំណាំ រួមផ្សំ/បន្លែ ចំនួន ១៤ហិកតា ព្រមទាំងបានជម្លៀស សត្វ ពាហនៈគោក្របី ជ្រូក មាន់ទា ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ ចំពោះមុខសភាព ការណ៍នេះ រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធបានចុះអន្តរា គមន៍ឆ្លើយតប និងបញ្ចៀសផលប៉ះពាល់ជាប្រចាំ។
ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តត្រៀមលក្ខណៈ ដើម្បី តាមដាន និង ត្រៀមបម្រុងសម្រាប់ជួយ សង្គ្រោះក្នុង ករណីមានគ្រោះមហន្តរាយ ឬ ឧបទ្ទវហេតុផ្សេងៗ កើតឡើង និង បន្តត្រៀមបម្រុង តាម ដានស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើងវិញក្នុងភូមិសាស្ត្រ ក្រុង ស្រុក នៃខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា ក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលចាក់បំពេញអាចម៌ដីនៅផ្លូវចូលផ្ទះត្រូវសុំ ច្បាប់ និងសូមរៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវតាមការណែនាំ ច្បាប់ និងលិខិតបទដ្ឋាន។ ម្យ៉ាងទៀត សូមវេចខ្ចប់សំរាម និង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងសំរាមរាយប៉ាយ បណ្តាលឱ្យស្ទះលូហូរពុំលឿន៕


























ចែករំលែកព័តមាននេះ