ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាប្រាប់ UN ថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​ជំនឿទុកចិត្តរវាងកម្ពុជា និង​ថៃ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ភាព​តានតឹង និង​ជម្លោះ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជំនឿ​ទុកចិត្ត​រវាង​កម្ពុជា និង​ថៃ ។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សម័យប្រជុំ​លើក​ទី​៨១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ក្រោម​មូលបទ «​ស្តារ​ទំនុកចិត្ត​ឡើង​វិញ គ្រប់គ្រង​បរិវត្ត​កម្ម ៖ អង្គការសហប្រជាជាតិ​ដែល​សម្រេច​លទ្ធផល​សម្រាប់​ទាំងអស់​គ្នា​» នៅ​មហា​ស​ន្និ​បាទ​អង្ក​ការ​សហប្រជាជាតិ (​អ​.​ស​.​ប​. )​នា​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័​ត៌ មានបាន​ឱ្យ​ដឹង​ថា ក្រៅពី​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ភាព​តានតឹង​ជម្លោះ​នេះ បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​ដ៏​ជ្រាលជ្រៅ និង​យូរអង្វែង រួម​ទាំង​ការ​ខូចខាត​ដល់​បេតិកភណ្ឌ​វប្បធម៌ និង​ការ​បន្ត​គំរាមកំហែង​ពី​សំណាក់​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាដើម ។

ឯកឧត្តម​ថា សម្រាប់​កម្ពុជា ការ​ស្តារ​ទំនុកចិត្ត​ឡើង​វិញ ត្រូវ​តែ​ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​ជាក់ស្តែង ។ នេះ​ជា​ការ​ចាំបាច់​ដែល​ត្រូវ​មានការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ពេញលេញ និង​សុ​ឆន្ទៈ ចំពោះ​រាល់​ការ​ព្រមព្រៀង​គ្នា ក្នុង​នោះ​រួម​មាន​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ កុងសង់ស៊ីស​ហ្វ៊ូ​សៀន (Fuxian Consensus) និង​ជា​ពិសេស​សេចក្តី​ប្រកាស​រួម ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ចិត្ត​បដិសេធ​ការ​គំរាមកំហែង ឬ​ការ​ប្រើ​កម្លាំង និង​ការ​គោរព​ខណ្ឌសីមា​ព្រំដែន​អន្តរជាតិ ក៏​ដូច​ជា​ការ​អនុវត្ត​វិធានការ​ជាក់ស្តែង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង កសាង​ទំនុកចិត្ត​ឡើង​វិញ និង​ជំរុញ​ប្រក្រតី​ភាព​ទំនាក់ទំនង​ទ្វេភាគី ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​វិធានការ​ទាំងនេះ ការ​ចាប់ផ្តើម​ឡើង​វិញ​ជា​បន្ទាន់​នូវ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ដោះស្រាយ​បញ្ហា​ទាមទារ​នានា​ដែល​នៅ​សេសសល់​ពាក់ព័ន្ធ​នឹង​ព្រំដែន និង​ការ​បង្កើត​ខ្សែ​ព្រំដែន​មួយ​ដ៏​ច្បាស់លាស់​ដែល​ភាគី​ទាំង​ពីរ​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ។

អ្វី​ដែល​មាន​សារៈសំខាន់​ដូច​គ្នា​ដែរ ហើយ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ផ្នែក​មនុស្សធម៌ នោះ គឺ​ការ​មិន​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​ខ្លួន​វិញ​បាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​២០,០០០​នាក់ ដោយសារ​ការ​បន្តកាន់កាប់ ការ​រារាំង​របស់​កម្លាំងយោធា​ថៃ ។ ដូចដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ បាន​លើក​ឡើង​នៅ​ពេល​ចុះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​កាលពី​ខែកក្កដា កន្លង​ទៅ​ថា «​ពួក​គេ​ត្រូវការ និង​សម​ទទួល​បាន​នូវ​ការ​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​វិញ​» ៕