ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើការហត់ពេញមួយថ្ងៃ តែដល់ពេលគេងបែរជាគេងមិនលក់? មូលហេតុអាចស្ថិតនៅទីនេះ!​

4 ថ្ងៃ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពរទេស មនុស្សជាច្រើនអាចជួបបញ្ហាបែបនេះ គឺធ្វើការហត់ពេញមួយថ្ងៃ ប៉ុន្តែពេលឡើងគេង បែរជាគេងមិនលក់ ឬគេងមិនស្ងប់។ មូលហេតុមួយអាចមកពីរាងកាយហត់ ប៉ុន្តែខួរក្បាលនៅតែគិតរឿងការងារ បញ្ហាផ្សេងៗ ឬរឿងដែលកើតឡើងពេញមួយថ្ងៃ។ ការគិតច្រើនមុនចូលគេង អាចធ្វើឱ្យពិបាកសម្រាក និងពិបាកចូលដំណេក។

ទម្លាប់មួយចំនួនក៏អាចរំខានការគេង ដូចជា ប្រើទូរស័ព្ទយូរមុនចូលគេង ផឹកកាហ្វេ ឬតែខ្លាំងនៅពេលរសៀលនិងល្ងាច និងចូលគេងមិនទៀងពេល។ ការញ៉ាំអាហារច្រើនពេកនៅពេលយប់ ឬការហាត់ប្រាណខ្លាំងជិតពេលចូលគេង ក៏អាចធ្វើឱ្យរាងកាយមិនងាយសម្រាកបានដែរ។

ដើម្បីជួយឱ្យគេងបានស្រួល អាចចាប់ផ្តើមពីរឿងងាយៗ ដូចជា ឈប់មើលទូរស័ព្ទមុនចូលគេងប្រហែល១ម៉ោង និងជៀសវាងកាហ្វេ តែ ឬភេសជ្ជៈដែលធ្វើឱ្យភ្ញាក់នៅពេលល្ងាច។ ប្រសិនបើមានរឿងជាច្រើននៅក្នុងចិត្ត អាចសរសេរទុកលើក្រដាស មុនចូលគេង ដើម្បីកាត់បន្ថយការគិតរវល់។

បន្ថែមពីនេះ គួរព្យាយាម ចូលគេង និងក្រោកពីគេងនៅម៉ោងប្រហាក់ប្រហែលគ្នារាល់ថ្ងៃ។ ពេលព្រឹក គួរចេញទទួលពន្លឺថ្ងៃបន្តិច និងធ្វើចលនាឱ្យបានសមរម្យក្នុងពេលថ្ងៃ។ បន្ទប់គេងគួរតែស្ងាត់ ងងឹត និងមានសីតុណ្ហភាពសមរម្យ ដើម្បីឱ្យរាងកាយងាយចូលសម្រាក។

សរុបមក ការហត់ខ្លាំងមិនមានន័យថា យើងនឹងគេងលក់ភ្លាមៗនោះទេ ប្រសិនបើខួរក្បាលនៅតែរវល់ និងទម្លាប់មុនចូលគេងមិនសមរម្យ។ ការកាត់បន្ថយការប្រើទូរស័ព្ទ កុំផឹកកាហ្វេយប់ រក្សាម៉ោងគេងឱ្យទៀងទាត់ និងទុកពេលឱ្យខ្លួនឯងសម្រាកមុនចូលគេង អាចជួយបាន។ ប្រសិនបើគេងមិនលក់ជាប់ៗគ្នា និងប៉ះពាល់ដល់ការងារ ឬជីវិតប្រចាំថ្ងៃ គួរទៅពិគ្រោះអ្នកជំនាញសុខភាព៕