ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំង EV71 លើកដំបូង ការពារជំងឺពងបែកដៃ ជើង និងមាត់ចំពោះកុមារ

4 ថ្ងៃ មុន

ប្រទេសវៀតណាម៖ វៀតណាមបានចាប់ផ្តើមផ្តល់វ៉ាក់សាំង EV71 ដើម្បីការពារជំងឺពងបែកដៃ ជើង និងមាត់ ​ដល់កុមារជាលើកដំបូង ដោយកម្មវិធីចាក់វ៉ាក់សាំងបានដំណើរការនៅមជ្ឈមណ្ឌលជិត ៣០០កន្លែងទូទាំងប្រទេស។ វៀតណាមក៏ក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលដាក់ឱ្យប្រើវ៉ាក់សាំងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre។

វ៉ាក់សាំងនេះអាចប្រើសម្រាប់កុមារអាយុចាប់ពី ២ខែ ដល់ក្រោម ៦ឆ្នាំ ហើយត្រូវចាក់ ២ ឬ ៣ដូស អាស្រ័យលើអាយុរបស់កុមារនៅពេលចាប់ផ្តើមចាក់។ ទិន្នន័យពីការសាកល្បងព្យាបាលដំណាក់កាលទី៣នៅវៀតណាម បានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩៦,៨ភាគរយ ប្រឆាំងនឹងជំងឺពងបែកដែលបង្កដោយវីរុស EV71។

វីរុស EV71 ត្រូវបានចាត់ទុកថា ជាវីរុសមួយក្នុងចំណោមមេរោគដែលអាចបង្កជំងឺដៃ ជើង និងមាត់ធ្ងន់ធ្ងរ ដោយអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្តាល។ គ្រូពេទ្យនៅទីក្រុងហូជីមិញបានព្រមានថា កុមារដែលមានជំងឺនេះអាចធ្លាក់ពីស្ថានភាពស្រាលទៅធ្ងន់ធ្ងរក្នុងរយៈពេលត្រឹម ៦ទៅ៨ម៉ោង។

នៅថ្ងៃដំបូងនៃការដាក់ឱ្យប្រើវ៉ាក់សាំង មានការចុះឈ្មោះចាក់វ៉ាក់សាំងរាប់ម៉ឺនករណីនៅមជ្ឈមណ្ឌលជិត ៣០០កន្លែងទូទាំងប្រទេស ហើយកុមារអាយុក្រោម ៣ឆ្នាំមានប្រមាណ ៧០ភាគរយនៃចំនួនចុះឈ្មោះ។ ក្រុមហ៊ុន VNVC និងក្រុមហ៊ុន Substipharm Biologics របស់ស្វីសបានសហការគ្នា ដើម្បីនាំវ៉ាក់សាំងនេះមកប្រើប្រាស់នៅវៀតណាម៕