អាជ្ញាធរនិងសមត្ថកិច្ចស្រុកបវេលបាននិងកំពុងជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះទឹកជំនន់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ខណៈនេះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចស្រុកបវេល បាននិងកំពុងមមារញឹក ជួយជម្លៀសពលរដ្ឋចេញពីតំបន់នានា ដែលកំពុងលិចលង់ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាឃុំមួយចំនួន ។

អធិការស្រុកបវេល លោក សុខ សារិន បានផ្ដល់ព័ត៌មានបឋមដល់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៦ កញ្ញា នេះថា ពីម្សិលមិញ (២៥.០៩.២៦) កម្លាំងរបស់លោកបានចុះទៅជួយរំដោះពលរដ្ឋជិត១០គ្រួសារ ចេញពីតំបន់ទឹកជំនន់លិចលង់ខ្លាំង នៅឃុំអំពិលប្រាំដើម ទៅកាន់ទីទួលសុវត្ថិភាព ហើយនៅព្រឹកនេះ (២៦.០៩.២៦) កម្លាំងរបស់លោកសហការជាមួយអាជ្ញាធរមូលដ្ឋានផង កំពុងប្រឹងប្រែងជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ជាង១៦គ្រួសារថែមទៀត នៅក្នុងឃុំក្តុលតាហែន ដើម្បីដឹកទៅកាន់តំបន់មានសុវត្ថិភាព។

លោកអធិការបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវជម្លៀសនៅក្នុងឃុំក្ដុលតាហែននោះ ពួកគាត់រស់នៅតាមមាត់ស្ទឹង ដែលងាយនឹងគ្រោះថ្នាក់ខ្លាំង ។ ពេលនេះ សន្ទុះទឹកជំនន់បាននិងកំពុងហក់ឡើងខ្លាំង ស្ទើរគ្រប់កន្លែង នៅក្នុងភូមិសាស្ត្រ ស្រុកបវេល ហើយកម្លាំងរបស់លោក បានសហការជាមួយអាជ្ញាធរ បាននិងកំពុងចុះពិនិត្យ និងតាមដានជាប្រចាំរាល់ការវិវឌ្ឍន៍នៃទឹកជំនន់ និងការប្រឈមរបស់ប្រជាពលរដ្ឋ ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានការប្រឈម ឬជួបគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀង ដើម្បីងាយស្រូលដល់កម្លាំងចុះអន្តរាគមន៍បានទាន់ពេលវេលា ៕








ចែករំលែកព័តមាននេះ