ទីក្រុងតេអេរ៉ង់៖ នៅថ្ងៃនេះ អុីរ៉ង់ទន្ទឹងរង់ចាំចម្លើយតបពីមន្ត្រីរដ្ឋាភិបាលអាមេរិកបន្ទាប់ពីខ្លួនបញ្ជូនសំណើបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ និងបិទបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។ ការរង់ចាំនេះបន្ទាប់ពីសារព័ត៌មានវ៉លស្ទ្រីតជើណល (Wall Street Journal) ចុះផ្សាយថាលោកដូណាល់ត្រាំបដិសេធសំណើនោះ។ អុីរ៉ង់បានផ្ដួចផ្ដើមលើកសំណើនេះឡើងនៅមហាសន្និបាតអង្គការសហប្រជាជាតិដោយអះអាងថាសំណើនោះត្រូវបានបញ្ជូនទៅអាមេរិកតាមរយៈប្រទេសកាតាដែលជាអ្នកសម្របសម្រួល។

អុីរ៉ង់ថាសំណើនេះអាចនឹងនាំទៅដល់ការបើកច្រកហ័រម៉ូសឡើងវិញ និងបញ្ចប់អរិភាពនៅក្នុងតំបន់ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះប៉ុណ្ណោះ។ អុីរ៉ង់ក៏ភ្ជាប់ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាសត្រូវរបស់ខ្លួនទៅនឹងការបើកច្រកសមុទ្រនេះផងដែរ។ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកអាបាស់ អារ៉ាក់ឈី ថ្លែងប្រាប់អ្នកសារព័ត៌មានថាប្រសិនបើមានកិច្ចព្រមព្រៀងតាមសំណើនេះ ច្រកសមុទ្រហ័រម៉ូសនឹងបើកឡើងវិញ ហើយការប្រយុទ្ធគ្នានៅក្នុងតំបន់នឹងត្រូវបិទបញ្ចប់។

លោកថាបើអាមេរិកពិតជាប្រកាន់ជំហរច្បាស់លាស់ដើម្បីទទួលយកកិច្ចព្រមព្រៀង និងបើកច្រកហ័រម៉ូសឡើងវិញមែន អ្វីៗគ្រប់យ៉ាងកំពុងរង់ចាំការចុះហត្ថលេខា។ បើអាមេរិកឯកភាពតាមសំណើនេះ ភាគីជម្លោះទាំងអស់អាចចាប់ផ្ដើមការពិភាក្សាយ៉ាងទូលំទូលាយទៅលើប្រធានបទដែលទទួលយកទាំងសងខាង។ មានន័យថាអាចរួមបញ្ចូលទាំងការពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអុីរ៉ង់ផងដែរ។ លោកត្រាំសច្ចាថាអុីរ៉ង់នឹងមិនអាចផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។

មន្ត្រីជាន់ខ្ពស់អុីរ៉ង់ប្រាប់ថារដ្ឋាភិបាលរបស់ខ្លួននឹងមិនកែប្រែជំហរនៅក្នុងបញ្ហានុយក្លេអ៊ែរទេបើទុកជាអាមេរិកយល់ព្រមទទួលយកសំណើសន្តិភាពក៏ដោយ។ អុីរ៉ង់នឹងមិនធ្វើសម្បទានទេរួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឬការដឹកជញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមដែលមានវិទ្យុសកម្មកម្រិតខ្ពស់ចេញពីប្រទេសរបស់ខ្លួន។ ទោះជាបែបនេះក្ដី អុីរ៉ង់បានបញ្ជូនសំណើរួចហើយដើម្បីបញ្ចប់អរិភាពនៅលើគ្រប់សមរភូមិទាំងអស់រួមទាំងនៅប្រទេសលីបង់ផងដែរ។

តាមរយៈផែនការនេះ អាមេរិកត្រូវលុបចោលការបិទខ្ទប់ដែនសមុទ្រអុីរ៉ង់ អនុញ្ញាតឱ្យអុីរ៉ង់ប្រើប្រាស់ទ្រព្យសម្បត្តិដែលបានបង្កកទុក និងលុបចោលការដាក់ទណ្ឌកម្មលើការនាំប្រេងចេញ។ នេះបើយោងតាមប្រសាសន៍លោកអារ៉ាក់ឈី។ មន្ត្រីរដ្ឋាភិបាលអាមេរិកដែលស្នើសុំមិនបញ្ចេញឈ្មោះធ្លាប់ចាត់ទុកការពិភាក្សាគ្នាកាលពីពេលកន្លងមកមានចំណុចវិជ្ជមាន និងស្ថាបនា។ ប៉ុន្តែលោកត្រាំមិនទាន់ជឿទុកចិត្តថាអុីរ៉ង់នឹងអនុវត្តទៅតាមលក្ខខណ្ឌទាមទាររបស់លោកទេ។ លោកថែមទាំងប្រាប់សហការីរបស់លោកថាយុទ្ធនាការវាយប្រហារអុីរ៉ង់ទំនងជាអាចកើតឡើងទៀត៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ