វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងក្រុមហ៊ុនមីនេបៀ ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូក្នុងការឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន
- សៀមរាប
ខេត្តសៀមរាប ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះ
បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប រវាងលោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងលោក Kensuke Watanabe អគ្គនាយករងនៃក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ឯ.ក ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ព្រមទាំងអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការឧស្សាហកម្ម ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងសហការអភិវឌ្ឍកម្មវិធីសិក្សា និងការបណ្តុះបណ្តាលជំនាញ ដោយផ្អែកលើតម្រូវការរបស់ក្រុមហ៊ុន ព្រមទាំងពង្រឹងសមត្ថភាពដល់សិស្ស និស្សិត បុគ្គលិក និងកម្មករ ។

ជាមួយគ្នានេះ ក្រុមហ៊ុន មីនេបៀ នឹងផ្តល់កន្លែងសម្រាប់សិស្ស និងនិស្សិតចុះទស្សនកិច្ចសិក្សា កម្មសិក្សា ឬហាត់ការ និងអនុវត្តកម្មវិធីសិក្សាផ្អែកលើការងារ (Work-Based Learning) ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង ។ ក្រុមហ៊ុនក៏នឹងផ្តល់ឱកាសការងារដល់សិស្ស និងនិស្សិតដែលបានបញ្ចប់ការសិក្សាទៅតាមតម្រូវការរបស់ក្រុមហ៊ុន។

ចំណែកវិទ្យាស្ថាននឹងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងកម្មវិធីបំពាក់ជំនាញថ្មី (Reskilling) និងបំពាក់ជំនាញបន្ថែម (Upskilling) ដល់បុគ្គលិក និងកម្មកររបស់ក្រុមហ៊ុន ។ ក្រុមហ៊ុនក៏នឹងផ្តល់ឱកាសឱ្យគ្រូបច្ចេកទេសចូលរួមកម្មវិធីត្រឡប់ទៅឧស្សាហកម្ម (Return to Industry Scheme) ដើម្បីពង្រឹងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ។

ទន្ទឹមគ្នានេះ អនុស្សរណៈនេះ មានសុពលភាពរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៨ ហើយត្រូវបានរំពឹងថា នឹងរួមចំណែកភ្ជាប់ការបណ្តុះបណ្តាលជំនាញជាមួយតម្រូវការរបស់ទីផ្សារ ព្រមទាំងបង្កើនឱកាសកម្មសិក្សា និងការងារសម្រាប់សិស្ស និស្សិតជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៕ អត្ថបទ៖ សហការ





ចែករំលែកព័តមាននេះ