ទឹកស្រកបន្តិចវិញហើយ ក្រោយមេឃបន្តធ្លាក់ភ្លៀងធ្វើឱ្យផ្លូវជាតិលេខ៤រងការជន់លិច
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ផ្លូវជាតិលេខ៤ រងការជន់លិចដោយសារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ តែគិតមកត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ទឹកបានស្រកបណ្តើរៗវិញហើយ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៦ ម្សិលមិញ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងលោក មុត ភន អភិបាលស្រុកសំរោងទង បានចុះពិនិត្យស្ថានភាពទឹកលិចផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូលេខ៣២-៣៣ ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង នឹងចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២- ៤៣ ឃុំវល្លិ៍ស ព្រំប្រទល់ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីអន្តរាគមន៍ និងរកដំណោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋថា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២-៤៣ ត្រង់ចំណុចព្រំប្រទល់ ក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន នឹងឃុំវល្លិ៍សរ ស្រុកសំរោងទងនេះ ទឹកភ្លៀងជន់លិចស្ទើរតែជារៀងរាល់ឆ្នាំ ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ទឹកបានស្រកចុះបន្តិចហើយ ចរាចរណ៍ផ្លូវដំណើរការជាធម្មតាទេ ។






ចែករំលែកព័តមាននេះ