ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ថ្ងៃ​ជំនន់​ទឹកភ្លៀង ​វាយប្រហារ​ចូល​ឃុំ​ចំនួន​០៥ ​ក្នុងស្រុក​កំ​រៀង ​អាជ្ញាធរ​ត្រូវ​បង្ខំ​ជម្លៀស​ពលរដ្ឋ​ចេញពី​មូលដ្ឋាន

4 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖   មួយ​ថ្ងៃ​ពេញ ចាប់ពី​ព្រឹក​រហូត​ទល់​ល្ងាច​ថ្ងៃ​ទី​២៥ កញ្ញា ជំនន់​​ទឹកភ្លៀង បាន​វាយលុក​យ៉ាង​លឿន​ចូល​ដល់​ឃុំ​ចំនួន​០៥ នៃ​ស្រុក​កំ​រៀង ធ្វើ​ឲ្យ​លិច​លំនៅ​ឋា​នរាប់​រយ​ខ្នង លិច​ដំណាំ​រាប់​ពាន់​ហិក​តា រហូត​អាជ្ញាធរត្រូវ​បង្ខំ​ជម្លៀស​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ​។

​បើ​តាម​ព័​ត៌​មាន​បឋម​ដែល​កោះសន្តិភាព​ទ​ទួល​បាន​កាលពី​ម្សិលមិញ  ឃុំ​ចំនួន​០៥ ក្នុងស្រុក​កំ​រៀង ដែល​កំពុង​ទ​ទួល​រង​នូវ​ទឹកជំនន់​រួម​មាន​៖  ឃុំ​កំ​រៀង  ឃុំ​បឹង​រាំង  ឃុំ​អូរ​ដា  ឃុំ​ត្រាង និង​ឃុំតា​សែន ដែល​មាន​ភូមិ​ចំនួន​៣០ ដែល​រង​ផល​ប៉ះពាល់​ ។

​របាយ​ការ​ណ៍​បាន​បញ្ជាក់ទៀត​ថា  ជំនន់​ទឹកភ្លៀងបាន​ចូល​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​​​ជាង​២០០​ខ្នង ​។ ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​មាន​សរុប​​​ជាង​៦៤០​នាក់​។  ប៉ុន្តែ​អាជ្ញាធរ​បាន​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​អស់​ជិត​ពាក់​កណ្ដាល​​ហើយ នៅ​សល់​ប៉ុ​ន្មានក្រុម​សមត្ថកិច្ច​និង​អាជ្ញាធរ បាន​និង​កំពុង​ជួយ​ជម្លៀស​​បណ្ដើរ​ៗ​ជា​បន្ត​បន្ទាប់​ទៀត ​។

​ដោយឡែក ​បើ​និយាយ​ពី​ផលដំណាំ​កសិកម្ម​ដែល​រង​ផល​ប៉ះពាល់​​វិញ  យោង​លើ​ព័​ត៌​មាន​បឋម​នេះ​បាន​ឲ្យ​ដឹង​ថា  មាន​ដូច​ជា​ដំណាំ​ស្វា​យ  ដំណាំ​សណ្ដែកបាយ  ដំណាំ​តា​ង៉ែ​ន   និង​ដំណាំ​​ពោត  កំពុង​ប្រឈម​នឹង​ការ​ខូចខាត​រាប់​ពាន់​ហិក​តា  ជា​ពិសេស​ ដំណាំ​សណ្ដែក ដំណាំ​ពោត និង​ដំឡូង ដែល​ងាយ​និង​រង​ការ​ខូចខាត​ជាងគេ​ ។  ប៉ុន្តែ​របាយ​ការ​ណ៍​មិន​បាន​និយាយ​ពី​មនុស្ស​ដែល​រងគ្រោះថ្នាក់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​​ទេ ​។  នេះ​គ្រាន់តែ​ជា​របាយ​ការ​ណ៍​បឋម កាលពី​ម្សិលមិញ​ប៉ុណ្ណោះ ប៉ុន្តែ​វា​អាច​នឹង​បន្ថែម​ការ​លិចលង់​បន្ត​ទៀត​នៅ​ថ្ងៃនេះ​ ៕