ទឹកហក់ឡើងខ្លាំងនៅទំនប់បង្ហៀរពាមពូល អាជ្ញាធរឃុំចំបក់ជូនដំណឹងផ្អាកការធ្វើដំណើរឆ្លងកាត់ហើយ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ទំនប់បង្ហៀរពាមពូល ទឹកកំពុងតែឡើងខ្លាំង អាជ្ញាធរឃុំចំបក់នៃស្រុកភ្នំស្រួចបានជូនដំណឹងដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរមិនអាចធ្វើដំណើរឆ្លងកាត់បានទេ ក្រោយមេឃធ្លាក់ភ្លៀងបន្តជាប់គ្នានៅប៉ុន្មានថ្ងៃនេះ ធ្វើឱ្យទឹកហក់ឡើងខ្លាំង ។

នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលឃុំចំបក់ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ទំនប់បង្ហៀរពាមពូល ទឹកកំពុងតែឡើងខ្លាំងមិនអាចធ្វើដំណើរឆ្លងកាត់បានទេ សូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា ។
សូមរំលឹកផងដែរថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ទឹកហូរបុកខ្លាំងនៅចំណុចទំនប់បង្ហៀរពាមពូល ស្ថិតនៅក្នុងឃុំចំបក់ ព្រំប្រទល់ជាឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើឱ្យទឹកហូរកួចក្មេងស្រីម្នាក់ចុះក្រោម សំណាងល្អ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជួយអន្តរាគមន៍ សង្គ្រោះទាន់ពេលវេលា ។
ដូច្នេះ នៅតាមតំបន់ព្រៃភ្នំ ស្ទឹង ទំនប់បង្ហៀរទឹកនានា ជាពិសេស ទំនប់បង្ហៀរពាមពូលនេះ ដែលបងប្អូនប្រជាពលរដ្ឋតែងតែធ្វើដំណើរឆ្លងកាត់ច្រើន ពីឃុំចំបក់ ទៅកាន់ឃុំក្រាំងដីវ៉ាយ ទើបអាជ្ញាធរមូលដ្ឋានជូនដំណឹងនៅពេលដែលអាកាសធាតុប្រែប្រួល និងមានភ្លៀងធ្លាក់ចុះខ្លាំងម្តងៗនោះ ៕

ចែករំលែកព័តមាននេះ