ប្រទេសវៀតណាម៖ ស្ថានភាពបាក់ច្រាំងទន្លេកំពុងបង្កការព្រួយបារម្ភនៅភាគខាងត្បូងប្រទេសវៀតណាម ខណៈទីក្រុងកឹងធើបានកត់ត្រាករណីបាក់ច្រាំងជិត ២០០កន្លែង ចាប់តាំងពីដើមឆ្នាំ២០២៦។ បញ្ហានេះបានប៉ះពាល់ដល់ផ្ទះសម្បែង ផ្លូវថ្នល់ និងជីវភាពប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
នៅកឹងធើ ការបាក់ច្រាំងបានកើតឡើងតាមប្រវែងជិត ៣០គីឡូម៉ែត្រ ដោយផ្ទះ ១០ខ្នងបានបាក់ធ្លាក់ចូលទន្លេទាំងស្រុង និងផ្ទះជាង ៧០ខ្នងផ្សេងទៀតរងផលប៉ះពាល់។ ការបាក់ច្រាំងក៏បានប៉ះពាល់ដល់ផ្លូវជនបទ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទឹក និងអគ្គិសនីមួយចំនួនផងដែរ។
មិនមែនមានតែនៅកឹងធើនោះទេ បញ្ហាបាក់ច្រាំងកំពុងកើតមានទូទាំងតំបន់ដីសណ្ដទន្លេមេគង្គ។ ចាប់ពីឆ្នាំ២០១៦ ដល់ខែឧសភា ឆ្នាំ២០២៦ វៀតណាមបានកត់ត្រាកន្លែងបាក់ច្រាំងចំនួន ៨១២កន្លែង ប្រវែងសរុបជាង ១,២១០គីឡូម៉ែត្រ ក្នុងនោះ ៣១៥កន្លែងត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ខ្ពស់ និងអាចប៉ះពាល់ដល់លំនៅឋាន ទំនប់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
អាជ្ញាធរវៀតណាមកំពុងចាត់វិធានការបន្ទាន់ ដើម្បីពិនិត្យតំបន់ដែលមានហានិភ័យ ជួសជុលការខូចខាត និងរៀបចំផ្លាស់ទីប្រជាពលរដ្ឋនៅតំបន់គ្រោះថ្នាក់។ ជាមួយគ្នានេះ អាជ្ញាធរក៏ព្រមានថា បញ្ហាអាកាសធាតុ កង្វះទឹក រាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃ អាចធ្វើឱ្យហានិភ័យបាក់ច្រាំងកាន់តែស្មុគស្មាញរហូតដល់ចុងឆ្នាំ២០២៦៕
ចែករំលែកព័តមាននេះ