ខេត្តបន្ទាយមានជ័យ ៖ ដោយគិតគួពីបញ្ហាប្រឈមនានា និងសុខសុវត្ថិភាព នារដូវវស្សានេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១, ៩១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចេញប្រតិបត្តិការបន្ទាន់ភ្លាមៗ ដើម្បីចុះជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលកំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត ។
ប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងសង្គ្រោះនេះ គឺកម្លាំងនគរបាលធ្វើឡើងដើម្បីធានាបាននូវសនិ្តសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដូចជាក្នុងករណីបើប្រជាពលរដ្ឋលិចលង់ខ្លាំង ត្រូវជម្លៀសពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព រួមទាំងទ្រព្យសម្បត្តិ និងសត្វពាហនះគ្រប់ប្រភេទ ។
ដោយក្តីព្រួយបារម្មណ៍ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានការដាក់ចេញនូវផែនការនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្នានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ឥតឈប់ឈរ ហើយបានបញ្ជាឱ្យកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ នៅតាមគោលដៅត្រៀមលក្ខណៈជាស្រេច ដើម្បីចេញជួយសង្គ្រោះ និងត្រៀមជួយជម្លៀសពលរដ្ឋគ្រប់ពេលវេលា ។
ជាមួយគ្នានេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ នារដូវវស្សា និងប្រសិនបើជួបនូវបញ្ហាផ្សេងៗសូមទាក់ទងមកនគរបាលយើងខ្ញុំដែលនៅជិតបងប្អូន ដើម្បីភាពងាយស្រួលជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ៕









ចែករំលែកព័តមាននេះ