ប្រទេសឡាវ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងបន្តរាលដាលនៅប្រទេសឡាវ និងប៉ះពាល់ដល់ការផ្គត់ផ្គង់សាច់ជ្រូក ជាពិសេសនៅទីក្រុងវៀងចន្ទន៍ ខណៈអាជ្ញាធរបានរឹតបន្តឹងការដឹកជញ្ជូនជ្រូក និងសាច់ជ្រូក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
តាមក្រសួងកសិកម្ម និងបរិស្ថានឡាវ ជំងឺនេះបានរាលដាលដល់ ៧ខេត្ត ១៩ស្រុក និង៩៥ភូមិ បណ្តាលឱ្យជ្រូកចំនួន ១៤,០០២ក្បាលងាប់ ឬត្រូវបានសម្លាប់ ដើម្បីទប់ស្កាត់ការរីករាលដាល។ ការខាតបង់ផ្នែកសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា មានប្រមាណ ២,៦លានដុល្លារអាម៉េរិក។
នៅទីក្រុងវៀងចន្ទន៍ ការខ្វះសាច់ជ្រូកបានប៉ះពាល់ដល់អ្នកលក់ និងអ្នកប្រើប្រាស់ ខណៈតម្លៃសាច់គោក៏បានកើនឡើងប្រមាណ ០,៩០ដុល្លារ ក្នុងមួយគីឡូក្រាម។ អាជ្ញាធរបានដាក់កំហិតលើការនាំសាច់ជ្រូកចូលទីក្រុង ដើម្បីទប់ស្កាត់ការរីករាលដាល។
ដើម្បីគ្រប់គ្រងស្ថានការណ៍ អាជ្ញាធរឡាវបានអនុវត្តប្រព័ន្ធបែងចែកតំបន់ជាពណ៌ក្រហម លឿង និងបៃតង និងរឹតបន្តឹងការផ្លាស់ទីជ្រូកពីតំបន់មានការផ្ទុះជំងឺ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិកប៉ះពាល់ដល់ជ្រូក ប៉ុន្តែមិនឆ្លងទៅមនុស្សទេ៕
ចែករំលែកព័តមាននេះ