ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ និង​បរទេស​ជិត​៥​ពាន់ ត្រូវ​ជាប់​ឃុំ ខណៈ​នគរបាល​៧៧​នាក់ ត្រូវ​វិន័យ​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​អន​ឡាញ​ស្គេ​ម

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២៦ នៅ​កម្ពុជា​មាន​ជនជាតិ​ខ្មែរ និង​បរទេស ជាប់​ពាក់ព័ន្ធ​សំណុំរឿង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ៤.៨៣៤​នាក់ ត្រូវ​បាន​ឃាត់ និង​ឃុំខ្លួន​ជា​បន្តបន្ទាប់​ក្នុង​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​២៣​កន្លែង​ទូ​ទាំង​ប្រទេស​។ មិនមែន​តែ​ជន​ស៊ី​វិល​នោះ​ទេ ក៏​មាន​មន្ត្រី​នគរបាល​ជាតិ​៧៧​នាក់​ដែរ ដែល​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​សម្រេច​ដាក់​ទណ្ឌ កម្ម​វិន័យ​តាម​កម្រិត​នៃ​ទោស​ដែល​បាន​ប្រព្រឹត្ត នេះ​បើ​តាម​ការ​គូសបញ្ជាក់​ពី​លោក​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ ។

បើ​តាម​អ្នកនាំពាក្យ​រង ក្នុង​ចំណោម​ជន​ជាប់​ឃុំ​សរុប​ជិត ៥​ពាន់​នាក់​នោះ រួមមាន​៖ ជនជាតិ​ខ្មែរ​ចំនួន ៤៩១​នាក់ និង​ជនបរទេស​ចំនួន ៤.៣៤៣​នាក់ មក​ពី ២៧សញ្ជាតិ​ផ្សេង​ៗ​គ្នា​។ ជន​ជាប់​ឃុំ​ទាំងនោះ ត្រូវ​បាន​បែងចែក​ជា ៤​ប្រភេទ​ច្បាស់លាស់ ៖
ទី​១-​គឺ​ជន​ត្រូវ​ចោទ​មាន​ចំនួន ៤.១៦៨​នាក់ ដែល​ជា​ជន​រង​ការ​ចោទប្រកាន់​ជា​ស្ថាពរ​ពី​តំណាង​អយ្យការ​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ។
ទី​២-​គឺ​ជនជាប់ចោទ មាន​ចំនួន ៤៤១​នាក់ សំដៅលើ​ជន​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ដំណើរការ​ស៊ើបសួរ ​។
ទី​៣-​គឺ​ពិរុទ្ធជន មាន​ចំនួន ១៩៤​នាក់ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​បើក​សវនាការ​សម្រេច​ផ្ដន្ទាទោស​រួចរាល់ ប៉ុន្តែ​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ ដោយសារ​សាមីខ្លួន​នៅ​មាន​សិទ្ធិ​ប្ដឹង​តវ៉ា​តាម​ផ្លូវច្បាប់ ។
និង​ប្រភេទ​ទី​៤-​គឺ​ទណ្ឌិត​មាន​ចំនួន ៣១​នាក់ ដែល​ជា​ជន​រង​សាល ក្រម​ចូល​ជា​ស្ថាពរ និង​កំពុង​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ ឬ​ពិន័យ​ជា​ប្រាក់​តាម​ការ​កំណត់​របស់​តុលាការ​ ។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ទីតាំង​ឃុំឃាំង អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា ក្នុង​ចំណោម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង ២៣ នៅ​ទូ​ទាំង​ប្រទេស ពន្ធនាគារ​ចំនួន ៥ ដែល​មាន​ចំនួន​ជន​ជាប់​ឃុំ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ច្រើន​ជាងគេ រួម​មាន ពន្ធនាគារ​ខេត្តស្វាយរៀង នៅ​លំដាប់ថ្នាក់​លេខ​១ បន្ទាប់​មក​គឺ ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) និង​ពន្ធនាគារ​ខេត្តកោះកុង​ ។

បន្ត​មក​លម្អិត​ពី​ករណី​មន្ត្រី​នគរបាល​ជាតិ​រង​ទណ្ឌកម្ម​វិន័យ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ទូច សុ​ឃៈ បាន​លើក​ឡើង​អំពី​ចំណាត់ការ​វិន័យ​ផ្ទៃក្នុង​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​នោះ​ចំពោះ​ករណី​ពាក់ព័ន្ធ​ស្រាល ឬ​សើរ​ៗ ក្រសួង​បាន​អនុវត្ត​ទណ្ឌកម្ម​វិន័យ​ស្រប​តាម «​ប្រកាស​ស្តី​ពី​បទ​វិន័យ​នគរ​បា ល​ជាតិ​កម្ពុជា ឆ្នាំ​២០២៤» ដូច​ជា ការ​ព្រមាន​លើក​ទី​១ ការ​បន្ថយ​ឋានន្តរ ស័ក្តិ ការ​ផ្អាក​ការងារ និង​បៀវត្សរ៍​បណ្តោះអាសន្ន រហូត​ដល់​ការ​ដកហូត ឬ​បញ្ចប់​មុខ​តំណែង និង​បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​ ។

ដោយឡែក ចំពោះ​មន្ត្រី​ណា​ដែល​មានការ​ពាក់ព័ន្ធ​ធ្ងន់ធ្ងរ​ឈាន​ដល់​បទល្មើស​ព្រហ្មទណ្ឌ លោក ទូច សុ​ឃៈ បាន​បន្ថែម​ថា សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង​ឡើយ ​៕