ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ជនសង្ស័យ​ម្នាក់ ​រត់​រួច​២នាក់ ​ក្រោយ​លួច​ម៉ូតូ​សណ្ដោង​រឺ​ម៉ក ​១​គ្រឿង

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល ចំណែក​បក្ខពួក​២​នាក់​ទៀត មានសំណាង​បាន​រត់គេច​ខ្លួន​រួច ក្រោយ​ពេល​ពួក​នេះ​ ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ​១​គ្រឿង ហើយ​ខណៈ​ពេល​កំពុង​ជិះ​យក​គេចខ្លួន ត្រូវ​បាន​ម្ចាស់​តាម​រក​ឃើញ ក៏​ស្រែក​ឆោឡោ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​ឡោម​ព័ទ្ធ​ចាប់ ។

ហេតុការណ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​ចោម​ចៅ​(​ផ្លូវ​វ៉េ​ង​ស្រេង​) ស្ថិត​នៅ​ចំណុច​មុខ​ហាង​កាហ្វេ​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះឈ្មោះ សោម វណ្ណៈ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខ​របរ ​និង​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ ដោយឡែក​បក្ខពួក​ ដែល​រត់គេច​ខ្លួន​បាត់​ម្នាក់​ឈ្មោះ អា​ក្លូ អាយុ​ប្រមា​ណ​៤០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ អា​យឺត អាយុប្រមាណ​៣៣​ឆ្នាំ ស្នាក់​នៅ​ពុំ​ពិតប្រាកដ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យខាងលើ នគរបាល​បាន​ដកហូត​សម្ភារ​​មួយ​ចំនួន ​មាន​ដូច​ជា​៖ ដែក​ចុង​ស្រួច​សម្រាប់​កាច់ក​ម៉ូតូ​ចំនួន​០២​ដើម​, ​សោ​ចិញ្ចៀន​០១​ដើម​,​ កូន​កន្ត្រៃ​០១​ដើម​,​ សោ​ម៉ូតូ​០១, ​ទូរ​សព្ទ ​០១​គ្រឿង​ម៉ាក HONOR​ពណ៌​ខ្មៅ។ ម៉ូតូ​០១​គ្រឿង ម៉ាក​ HONDA DREAM C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1MS-1688 និង​ម៉ូតូ​០១​គ្រឿង​ទៀត ម៉ាក​Honda ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1F-4931(​របស់​ជនសង្ស័យ​ សម្រាប់​ជិះ​ធ្វើ​សកម្មភាព​)។ កន្ទុយ​រ៉ឺ​ម៉ក​០១​គ្រឿង គ្មាន​ស្លាក​លេខ​ជា​របស់​ជន​រង​គ្រោះ ដែល​ជនសង្ស័យ​ដោះ​ទុក​ចោល រួច​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ Yamaha Sirius ព​ណ៍​ខៀវ គ្មាន​ស្លាក​លេខ​ទៅ​បាត់ ។

បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​ស​ណ្ដោ​យ​រ៉ឺ​ម៉ក​ខាងលើ​ឈ្មោះ លួ​ន នី​ន អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​រឺ​ម៉ក ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ឈ្មោះ លួ​ន នី​ន បាន​ជិះ​ម៉ូតូ មា​ក​YAMAHA SIRIUS ពណ៌​ខៀវ គ្មាន​ស្លាក​លេខ​សណ្ដោង​រ៉ឺ​ម៉ក ​១​គ្រឿង ​ចេញពីផ្ទះ​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ទៅ​ផឹក​ការ​ហ្វេ​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ លុះ​ពេល​ទៅ​ដល់​បាន​ទុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខាងលើ ​នៅ​ខាង​មុខ​ហាង​ការ​ហ្វេ​រួច​ហើយ​ដើរ​ចូល​ទៅ​អង្គុយ​ផឹក​ការ​ហ្វេ​ជា​ធម្មតា ហើយ​បន្ទាប់​ពី​ផឹក​រួច ​ដើរ​ចេញពី​ហាង​ការ​ហ្វេ​វិញ ស្រាប់តែ​ចោរលួច​ទាំង​ម៉ូតូ​ និង​កន្ទុយ​រ៉ឺ​ម៉ក​ទៅ​បាត់ ពេល​នោះ​ គាត់​បានរ​ត់ទៅ​សួរ​អ្នក​ជិតខាង​ថា មាន​ឃើញ​នរណា​ យក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​គាត់​ ឬអត់ ?

សមត្ថកិច្ច ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ប៉ុន្តែ​អ្នក​នៅ​ជិត​នោះ​ប្រាប់​ថា ​មិន​បានឃើញ​ទេ បន្ទាប់​មក​ម្ចាស់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​រូប​នោះ ក៏​បានរ​ត់ទៅ​ខ្ចី​ម៉ូត​ម្ចាស់​ហាង​ការ​ហ្វេ ​ដើម្បី​ជិះ​ទៅ​រក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​ខ្លួន។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ឃើញ​កន្ទុយ​រ៉ឺ​ម៉ក ​ត្រូវ​ចោរ​ទុក​ចោល​នៅ​ទីនោះ ហើយ​បាត់​មិនឃើញ​ម៉ូតូ​ឡើយ ។

សមត្ថ​កិ​ច​ខាងលើ ​បាន​ប្រាប់​បន្ត​ថា ខណៈនោះ​គាត់​ក៏​ជិះ​ម៉ូតូ​ទៅ​តាម​រក​ម៉ូតូ​របស់​ខ្លួន​បន្ត​ទៀត ដោយ​រក​មិនឃើញ ក៏​ជិះ​ម៉ូតូ​ត្រលប់​ទៅ​កន្លែង​ទីតាំង​ដែល​ប្រទះ​ឃើញ​កន្ទុយ​រ៉ឺ​ម៉ក​នៅ​ចំណុច​ខាង​មុខ​ផ្សា​រទួល​ពង្រ​វិញ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ និង​បក្ខពួក​កំពុង​តែ​លើក​កន្ទុយ​រ៉ឺ​ម៉ក​នោះ ​បំពាក់​លើ​ម៉ូតូ​របស់​ខ្លួន ​ដើម្បី​អូស​ចេញ​គេចខ្លួន។ ពេល​នោះ​គាត់​ (​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​) ក៏​បាន​ស្រែក​ឆោឡោ​ និង​រត់​ចូលចាប់ ហើយដោយ​មាន​ប្រជាពលរដ្ឋ​ជួយ​ផង ក៏​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​សោម វណ្ណៈ ចំណែក​បក្ខពួក​ឈ្មោះ​អា​ក្លូ និង​ឈ្មោះ​អា​យឺត​ បាន​យក​ម៉ូតូ​នោះ ​ជិះ​រត់គេច​ខ្លួន​បាត់​អស់ ។

បន្ទាប់​មក ​ជន​រង​គ្រោះ​ ក៏​បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ដើម្បី​សាកសួរ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់​ ៕