ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ទ្រព្យ​ជាង ២,៤ ទ្រី​លាន​ដុល្លារ ជួបជុំ​គ្នា​ក្នុង​ពិធី​លៀង​សាយភោជន៍​នៅ​សេត​វិមាន

5 ថ្ងៃ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ព្រមទាំង​ស្ត្រី​ទី​១​អា​មេ​រិ​ក លោកស្រី មេ​ឡា​នី ត្រាំ (Melania Trump) បាន​រៀបចំ​ពិធី​លៀង​សាយភោជន៍​ផ្លូវការ​មួយ​នៅ​សេត​វិមាន ដើម្បី​ស្វាគមន៍​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ង​ពីង (Xi Jinping) និង​ស្ត្រី​ទី​១​ចិន លោកស្រី ផេង លី​យ័ន (Peng Liyuan)​។

ក្រៅពី​វត្តមាន​មន្ត្រី អ្នកមុខអ្នកការ​នៃ​ប្រទេស​ទាំង​ពីរ​ហើយ​នោះ ពិធី​ដ៏​ឱឡារិក​នេះ ក៏​មានការ​ចូលរួម​ពី​មហាសេដ្ឋី​កំពូល​ជា​ច្រើន​រូប ដែល​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មាន​តម្លៃ​បំផុត​លើ​ពិភពលោក ក្នុង​នោះ​រួម​ទាំង​លោក អេ​ឡុ​ន ម៉ា​សក៍ (Elon Musk) មហាសេដ្ឋី​សញ្ជាតិ​អា​មេ​រិ​ក បច្ចុប្បន្ន​ជា​បុគ្គល​មាន​បំផុត​លើ​ពិភពលោក​ផង​ដែរ​។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ទស្សនាវដ្តី Forbes បានឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​សរុប​របស់​បណ្តា​បុគ្គល​ឥទ្ធិពល​ផ្នែក​បច្ចេកវិទ្យា ដែល​បាន​ចូលរួម​ក្នុង​ពិធី​នៅ​សេត​វិមាន​នេះ មាន​ចំនួន​ជាង ២,៤ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

ជា​ការ​កត់សម្គាល់ ជិត ៤០% នៃ​ចំនួន​ដ៏​មហាសាល​នេះ ជា​កម្មសិទ្ធិ​របស់​លោក អេ​ឡុ​ន ម៉ា​សក៍ ជាមួយ​ទ្រព្យ​សុទ្ធ​ប្រមាណ​ដល់​ទៅ ៩២៧,៩ ពាន់​លាន​ដុល្លារ​។ បុគ្គល​ល្បី​បន្តបន្ទាប់​ពី​ទៀត ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos មហាសេដ្ឋី​លំដាប់​ទី​២​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ ៣៦៩,៣ ពាន់​លាន​ដុល្លារ​។

មហាសេដ្ឋី​មាន​បំផុត​លំដាប់​ទី​៤ និង​ទី​៥ ពិភពលោក នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meta លោក Mark Zuckerberg មាន​ចំនួន ២៦៦,៤ ពាន់​លាន​ដុល្លារ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Dell Technologies លោក Michael Dell មាន​ចំនួន ២៦៥,៤ ពាន់​លាន​ដុល្លារ​ក៏​មាន​វត្ត​មាននៅ​ទីនោះ​ផង​ដែរ ក្នុង​ចំណោម​កំពូល​នាយក​ប្រតិបត្តិ​បច្ចេកវិទ្យា​ជា​ច្រើន​រូប​ផ្សេង​ទៀត​។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ បញ្ជី​ឈ្មោះ​ភ្ញៀវ​កិត្តិយស​មិន​មាន​រួម​បញ្ចូល​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន​ណា​ម្នាក់​ឡើយ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យ​ដឹង​ថា មន្ត្រី​អា​មេ​រិ​ក និង​ចិន​ធ្លាប់​បាន​ពិភាក្សា​គ្នា​អំពី​ការ​បញ្ចូល​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ល្បី​ៗ​មួយ​ចំនួន​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ភ្ញៀវ​ដែរ​។

ទោះ​យ៉ាងណា​ក៏​ដោយ ការ​ចរចា​ជួប​ប្រទះ​ឧបសគ្គ ដោយសារ​ភាគី​អា​មេ​រិ​ក​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​បទ​ប្បញ្ញត្តិ និង​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​អំពី​តួនាទី​នាយក​ប្រតិបត្តិ​ចិន កំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នោះ​។ គិត​មក​ទល់​ពេល​នេះ សេត​វិមាន​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​ជុំវិញ ការ​អវត្តមាន​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន​នៅឡើយ​ទេ​៕ ប្រភព ៖ Znews