ខេត្តសៀមរាបភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ បង្កការលិចលង់ និងបាក់ដើមឈើរលំ អាជ្ញាធរចុះអន្តរាគមន៍បន្ទាន់
- សៀមរាប
ខេត្តសៀមរាប៖ ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យមានការលិចលង់ផ្ទះសម្បែង ដំណាំ ផ្លូវថ្នល់ ព្រមទាំងបាក់រលំដើមឈើ និងដាច់ប្ញសជាច្រើនកន្លែងក្នុងក្រុងសៀមរាប ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការរកស៊ីរបស់ប្រជាពលរដ្ឋ ។

ជុំវិញបញ្ហានេះ រដ្ឋបាលក្រុង និងតាមបណ្តាសង្កាត់នីមួយៗ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត បានដាក់ពង្រាយកម្លាំងប្រជាការពារ និងមន្ត្រីជំនាញចុះអន្តរាគមន៍ជាបន្ទាន់ ដូចជាការកាយប្រឡាយរំដោះទឹក និងកាប់ដើមឈើដែលរលំ ឬងាប់ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ។

បើតាមប្រសាសន៍របស់ លោក ឡូយ មករា ចៅសង្កាត់រងសាលាកំរើក បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះថា អាជ្ញាធរបានចុះកាប់ និងកាត់តម្រឹមដើមឈើចំនួន៤ទីតាំងសំខាន់ៗក្នុងសង្កាត់ រួមមាន៖
ទី១៖ កាប់ដើមឈើងាប់ដើម្បីបង្ការគ្រោះថ្នាក់ នៅចំណុចមាត់ស្ទឹងសៀមរាប ក្នុងភូមិវត្តបូព៌។
ទី២៖ កាប់បង្ការដើមឈើងាប់ នៅចំណុចផ្លូវក្រោយវត្តស្វាយ ភូមិសាលាកំរើក។
ទី៣៖ កាត់ឈើដែលដួលរលំដល់ដី នៅចំណុចផ្លូវសាលាខៀវ ជិតការ៉ាស់សាំងម្លប់ជ្រៃ ភូមិសាលាកំរើក។
ទី៤៖ កាប់បង្ការដើមឈើងាប់ នៅចំណុចផ្លូវសាលាខៀវ ជិតសណ្ឋាគារអមតៈ។

ចំណែកឯ លោក ហាយ យ៉ង់ អភិបាលរងក្រុងសៀមរាបបានឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងនេះ បានបង្កការលិចលង់ផ្ទះសម្បែង និងផលដំណាំប្រជាពលរដ្ឋរីករាលដាលដល់ ៧ សង្កាត់ រួមមាន៖ សង្កាត់គោកចក, សង្កាត់សៀមរាប, សង្កាត់ជ្រាវ, សង្កាត់ទឹកវិល, សង្កាត់ស្រង៉ែ, សង្កាត់ស្វាយដង្គំ និងសង្កាត់ក្របីរៀល ។
បច្ចុប្បន្ន អាជ្ញាធរកំពុងសហការជាមួយមន្ត្រីអាជ្ញាធរជាតិអប្សរា ដើម្បីប្រើប្រាស់គ្រឿងចក្រ (អេស្កាវ៉ាទ័រ) កាយបើកច្រកទឹកហូរចេញទៅកាន់ស្រុកផ្សេងៗ ដើម្បីបញ្ចៀសការលិចលង់កាន់តែខ្លាំងក្នុងក្រុងសៀមរាប ៕

















ចែករំលែកព័តមាននេះ