ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទុះ​ទឹកស្ទឹង​សង្កែ​បាន​ហក់​ឡើង​ខ្លាំង ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​​ឈាន​ដល់​ការ​ប្រកាស​​អាសន្ន​ហើយ

5 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កម្ពស់​ទឹកស្ទឹង​សង្កែ​ បាន​ហក់​ឡើង​យ៉ាង​ខ្លាំង គិត​ត្រឹម​​ម៉ោង​១​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា នេះ កម្ពស់​ទឹកបាន​ហក់​ឡើង​ដល់​កម្រិត​១៣.៩៣​ម៉ែត្រ នៅ​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​តែ​ម្ដង ​។  នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌​​មាន​បឋម​ដោយ​ប្រធាន​​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ ។

​ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត លោក ខៃ សុ​ដា បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា​ នេះ​ថា សន្ទុះ​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​​នៅ​រសៀល​ថ្ងៃនេះ​ ។  បើ​គិត​​ត្រឹម​ម៉ោង​១ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា កម្ពស់​ទឹកស្ទឹង​សង្កែ នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​ហក់​ឡើង​ដល់​កម្រិត​១៣.៩៣​ម៉ែត្រ ដែល​ជា​កម្រិត​ប្រកាស​អាសន្ន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ​។

​ជាមួយ​គ្នា​នេះ ​គេ​ឃើញ នៅ​តំបន់​«ផ្សា​របឹង​ឈូក​»ក្នុង​ក្រុង​បាត់ដំបង បាន​និង​កំពុង​រងកម្ម​ធ្ងន់ធ្ងរ​ជាងគេ​ ដោយ​ជំនន់​ទឹកភ្លៀង​នេះ ព្រោះ​ជា​តំបន់​ទំនាប​ ។ សន្ទុះ​ទឹកបាន​និង​កំពុង​បែកធ្លាយ​ហូរ​ចេញពី​ដងស្ទឹង​តាម​ប្រព័ន្ធ​លូ​​នានា ចូល​ទៅ​កាន់​តំបន់​ទំនាប «​ផ្សារ​បឺ​ង​ឈូក» រីឯ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​ទៀត ក៏​កំពុង​ប្រឈម​នឹង​ការ​លិចលង់​ជា​បន្ត​ប​ន្ទា​ប់​​គ្នា​ដែរ​ ។ ​បើ​តាមក្រុម​​អា​ជីករ​បាន​ប្រាប់​​ថា ជំនន់​ទឹកភ្លៀង​ដែល​ហូរហៀ​ចេញ​ពី​ដងស្ទឹង បាន​ចាប់ផ្ដើម​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ឥឡូវ​កំពុង​ហូរ​បុក​ចូល​តំបន់​ផ្សារ​កាន់តែ​ខ្លាំង​ឡើង​ៗ ​ហើយ  ធ្វើ​ឲ្យ​ក្រុម​អ្នក​លក់ដូរ​មួយ​ចំនួន​រើ​តូប រើ​ហឹ​ង​ទៅ​រក​ទីទួល​​ខ្ពស់​មាន​សុវត្ថិភាព​ជា​បណ្ដើរ​ៗ​ហើយ​ ។ ​ក្រៅពី​តំបន់​ផ្សា​របឹង​ឈូក ដែល​ស្ថិត​ចំ​កណ្ដាល​បេះដូង ​ក្រុង​បាត់ដំបង  នៅ​តាម​បណ្ដា​ស្រុក​នានា  ដែល​មាន​ភូមិសាស្ត្រ ជាប់​នឹង​ដងស្ទឹង​សង្កែ ក៏​កំពុង​ប្រឈម​នឹង​ការ​លិចលង់​ដោយ​ជំនន់​​ទឹកភ្លៀង​ដ៏​អាក្រក់​នេះ​ដែរ​ ។

តំបន់​ខ្លះ​ទឹក​ហូរ​ឆ្លងកាត់​ផ្លូវ ឆ្លងកាត់​លើ​ស្ពាន លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ សាលារៀន និង​លិច​ផលដំណាំ​ ។​ល​។ ​និង​។​ល​។  អាជ្ញាធរ​មូលដ្ឋាន បាន​និង​កំពុង​ប្រឹងប្រែង​តាមដាន និង​ចុះ​ពិនិត្យ​ជាក់ស្ដែង​យ៉ាង​សកម្ម​នៅ​តាម​មូលដ្ឋាន និង​គ្រប់​ស្ថានភាព​ទឹកជំនន់​នេះ  ប៉ុន្តែ​គេ​ពុំ​ទាន់​មាន​របាយ​ការ​ណ៍​​ជាក់លាក់​ស្ដី​ពី​ «ស្ថានភាព​ទឹក  ឬ​គ្រោះ​មហន្តរាយ​» នៅឡើយ​ទេ​ ។

​លោក ខៃ សុ​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​បាន​និយាយ​ថា  ពេល​នេះ​ទ្វារ​ទឹក «​ទំនប់​ពហុ​បំណង បាត់ដំបង» ដែល​ជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​សម្បើម​នៃ​ដងស្ទឹង​សង្កែ បាន​បើកទ្វារ​ទម្លាក់​ទឹក​ប្រហែល​៨០%   ប៉ុន្តែ​ទ្វារ​ទឹក​«​ក​ង្ហ​ត» ​នៅ​ក្នុងស្រុក​បាណ​ន់  និង​ទ្វារ​ទឹក​ «​ទំនប់​សាលា​តា​អន​»នៅ​ប៉ែក​ខាងក្រោម ក្នុងស្រុក​ឯក​ភ្នំ បាន​បើក​ទាំងអស់  ដើម្បី​រំលស់​ទឹក​ពី​ដងស្ទឹង ដែល​កំពុង​មាន​ស​ន្ទុះ​ខ្លាំង​ នៅ​កណ្ដាល​ក្រុង​បាត់ដំបង​ ។          លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ក៏​បាន​ព្រមាន​ដែរ​ថា កម្រិត​ទឹកនឹង​អាច​ហក់​ឡើង​លើស​ពី​១៤​ម៉ែត្រ​ក្នុង​យប់​នេះ  ពីព្រោះ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ឥត​ដាច់ គ្រប​ដណ្ដប់​គ្រប់​ទិស​ទី នៃ​ខេត្តបាត់
ដំបង​ ។ 

លោក​បាន​បញ្ជាក់​ថា  ពេល​នេះ ​ជំនន់​ទឹកភ្លៀង​នៅ​តាម​បណ្ដា​អូរ​ព្រែក​នានា នៅ​តំបន់​ខាង​លើ  ជា​ពិសេស​នៅ​ស្រុក​សំឡូត និង​ស្រុក​រត​មណ្ឌល​ជាដើម បាន​និង​កំពុង​ហូរ​ធ្លាក់​ចូល​ដងស្ទឹង​សង្កែ ធ្វើ​ឲ្យ​ទឹកស្ទឹង​សង្កែ បន្ត​ហក់​ឡើង​ថែម​ទៀត​ ។  ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ  ជា​ពិសេស ​អ្នក​រស់នៅ​តំបន់​ទំនាប ឬ​នៅ​រស់នៅ​តាម​ដងស្ទឹង​សង្កែ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុតចំពោះ​មនុស្ស​ចាស់ជរា  កុមារ​តូច​ៗ សម្ភារៈ​ប្រើប្រាស់នានា ក្រែង​មាន​គ្រោះថ្នាក់​ដោយសារ​ជំនន់​ទឹកស្ទឹង ដោយ​យថាហេតុ  ព្រោះ​ទឹកស្ទឹង​សង្កែ​​នឹង​ហក់​ឡើង​បន្ថែម​ទៀត​ក្នុង​យប់​នេះ​ ៕