ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម​គ្គុ​ទេ្ទ​សក៍ទេសចរណ៍១រូប ប្រាប់ភ្ញៀវថាចម្លាក់អប្សរា «កាន់ការ៉េមញ៉ាំ» ត្រូវបានហៅមក​​​ធ្វើកិច្ចសន្យា

5 ថ្ងៃ មុន
  • សៀមរាប

‎​ខេត្តសៀមរាប​៖ មន្ទីរ​ទេសចរណ៍​​ខេត្តសៀមរាប បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​រូប ដែល​បាន​ជូន​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ទស្សនា​ប្រាសាទ និង​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ចម្លាក់​អប្សរា​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ថា «​កាន់កា​រ៉េ​ម​ញ៉ាំ​» ដែល​ជា​ការ​បកស្រាយ​មិន​សម​ស្រប និង​អាច​បង្ក​ឱ្យ​មានការ​យល់​ច្រឡំ​អំពី​អត្ថន័យ សិល្បៈ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ ក្រុមការងារ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ធិ​ម សេរី​វុ​ឌ្ឍ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​អញ្ជើញ​មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​នោះ​មក​ជួប ដើម្បី​ធ្វើការ​ណែនាំ និង​អប់រំ​អំពី​ការ​អនុវត្ត​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ​។

ក្នុង​ជំនួប​នេះ ក្រុមការងារ​បាន​ណែនាំ​ឱ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​នោះ បញ្ឈប់​ការ​ធ្វើ​អត្ថាធិប្បាយ ឬ​ការ​បកស្រាយ​ព័ត៌មាន​ណាមួយ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ខុស​ពី​ការ​ពិត ឬ​ប្រាសចាក​ពី​ខ្លឹមសារ​ប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ ប្រពៃណី និង​បេតិកភណ្ឌ​ជាតិ ជា​ពិសេស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រាសាទបុរាណ និង​ចម្លាក់​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

ជាមួយ​គ្នា​នេះ មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​នោះ បាន​ទទួលស្គាល់​ការ​ណែនាំ និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ធ្វើ​អត្ថាធិប្បាយ​ដែល​មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ប្តេជ្ញា​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ក្រមសីលធម៌ បទ​ប្បញ្ញត្តិ និង​គោលការណ៍​ណែនាំ​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍​។

មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប សូម​រំលឹក​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងអស់​ថា មគ្គុទ្ទេសក៍​ទេសចរណ៍​គឺជា​អ្នក​ផ្តល់​ព័ត៌មាន និង​ជា​អ្នក​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណី និង​តម្លៃ​បេតិកភណ្ឌ​របស់​កម្ពុជា ទៅ​កាន់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ដូច្នេះ រាល់​ការ​ធ្វើ​អត្ថាធិប្បាយ និង​ការ​បកស្រាយ​ត្រូវ​ផ្អែក​លើ​ប្រភព​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​ច្បាស់លាស់ ត្រឹមត្រូវ និង​អាច​ទុកចិត្ត​បាន ហើយ​ត្រូវ​ជៀសវាង​ការ​បន្ថែម​ខ្លឹមសារ​ដោយ​ខ្លួនឯង​ដែល​អាច​នាំ​ឱ្យ​មានការ​យល់​ច្រឡំ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ និង​កិត្តិយស​នៃ​បេតិកភណ្ឌ​ជាតិ​។

មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម ក្រមសីលធម៌​វិជ្ជាជីវៈ និង​សមត្ថភាព​របស់​មគ្គុទ្ទេសក៍​ទេសចរណ៍ សំដៅ​ធានា​ឱ្យ​ភ្ញៀវ​ទេសចរ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ មានគុណ​ភាព និង​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ក្នុងអំឡុងពេល​ទស្សនា​ខេត្តសៀមរាប​។

«​មគ្គុទ្ទេសក៍​ទេសចរណ៍ គឺជា​អ្នក​នាំសារ​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយធម៌​ខ្មែរ ទៅ​កាន់​ពិភពលោក​។ ការ​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គឺជា​ការ​រួមចំណែក​ថែរក្សា​តម្លៃ និង​កិត្តិយស​នៃ​បេតិកភណ្ឌ​ជាតិ​»​ ៕