ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ប្រាប់​អា​មេ​រិ​ក​ អំពី​ផល​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី ជុំវិញ​ទណ្ឌកម្ម​លើ​ការ​ទិញ​ប្រេង​រុ​ស្ស៊ី

2 ម៉ោង មុន

ទីក្រុង​ញូ​វ​ដែ​លី ៖ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១៧ កញ្ញា បាន​ប្រាប់​សហរដ្ឋអាមេរិក​ថា វិធានការ​ថ្មី​ៗ​ក្នុង​ការ​ដាក់​ពន្ធ​លើ​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ទ្វេភាគី​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រសួងការបរទេស​ឥណ្ឌា ប៉ុន្មាន​ម៉ោង​ក្រោយ​សហរដ្ឋអាមេរិក​បាន​ចាត់វិធានការ​ថ្មី ដាក់​ទណ្ឌកម្ម​លើ​អ្នកទិញ​ទាំងនោះ​។

សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៦ កញ្ញា (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​អនុម័ត​ច្បាប់​មួយ​ផ្តល់​អំណាច​ដល់​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី និង​ការ​ដំឡើង​ពន្ធ​ដល់ ១០០% លើ​បណ្តា​ប្រទេស​ទាំងឡាយ​ណា​ដែល​បាន​ទិញ​ប្រេង និង​ហ្គា​ស​រុ​ស្ស៊ី​។ ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​លោក ត្រាំ ដើម្បី​ចុះហត្ថលេខា​ឱ្យ​ក្លាយជា​ច្បាប់​ធរមាន​។

ងាក​មក​ឥណ្ឌា និង​ចិន ស្ថិត​ក្នុង​ចំណោម​ប្រទេស​ប្រឈម​មុខ​ខ្លាំង​ជាងគេ ព្រោះ​ប្រទេស​ទាំង​ពីរ​នេះ គឺជា​អតិថិជន​ធំ​របស់​រុ​ស្ស៊ី​។ តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​ថាមពល និង​ខ្យល់​ស្អាត (CREA) បានឱ្យ​ដឹង​ថា ចាប់ពី​ខែធ្នូ ឆ្នាំ​២០២២ ទៅ​ដល់​ខែសីហា ឆ្នាំ​២០២៦ ប្រទេស​ចិន​បាន​រួមចំណែក​ដល់​ទៅ​ពាក់កណ្តាល​នៃ​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​រុ​ស្ស៊ី បន្ទាប់​មក​គឺ​ឥណ្ឌា ៣៧% តួ​ក​គី ៥% និង​សហភាព​អឺរ៉ុប (EU) ៥%​។

ក្រសួងការបរទេស​ឥណ្ឌា​បាន​កត់សម្គាល់​ពី​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី ដោយ​លើក​ឡើង​ថា ទីក្រុង​ញូ​វ​ដេ​លី​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ជាមួយ​អា​មេ​រិ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ និង​បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី និង​ទីផ្សារ​ថាមពល​អន្តរជាតិ​។ ក្រសួង​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ទីក្រុង​ញូ​វដេ​លី​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ធានា​សន្តិសុខ​ថាមពល​សម្រាប់​ប្រជាជន​របស់​ខ្លួន ហើយនឹង​បន្ត​ស្វែងរក​ការ​ផ្គត់ផ្គង់​ពី​អ្នកលក់​ចម្រុះ​ផ្អែក​លើ​សក្ដានុពល​ទីផ្សារ​។

តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​សកល (GTRI) ដែល​ជា​ក្រុម​អ្នក​ស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​ដេ​លី​បង្ហាញ​ថា រុ​ស្ស៊ី​គឺជា​អ្នក​ផ្គត់ផ្គង់ ៣០,៣% នៃ​ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ឥណ្ឌា​ក្នុង​ឆ្នាំ ២០២៦ ដែល​មាន​តម្លៃ​ដល់ ៤០,៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ចំណោម​ការ​នាំ​ចូល​សរុប​ចំនួន ១៣៤,៧ ពាន់​លាន​ដុល្លារ​។

លុះ​នៅ​ក្នុង​ខែកក្កដា ប្រេង​ឆៅ​របស់​រុ​ស្ស៊ី​មាន​ចំនួន​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ការ​នាំ​ចូល​សរុប​របស់​ឥណ្ឌា ធៀប​នឹង​ប្រទេស​ផ្គត់ផ្គង់​ផ្សេង​ទៀត ដូច​ជា អេ​មី​រ៉ាត​អា​រ៉ាប់​រួម ១០,៨% អា​រ៉ា​ប៊ី​សា​អូឌីត ៩,៦%, វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៦,៣% ប្រេ​ស៊ី​ល ៥,៥%, អូ​ម៉​ង់ ៥,៣% និង​សហរដ្ឋអាមេរិក ២,៩% ដោយ​គិតតែ​រុ​ស្ស៊ី​មួយ បាន​ផ្គត់ផ្គង់​ប្រេង​ឆៅ​ច្រើន​ជាង​ប្រទេស​ទាំង​៦​នេះ​បូក​បញ្ចូល​គ្នា​ទៅ​ទៀត​៕ ប្រភព ៖ Reuters និង BBC