ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​លើស ១០០​ដុល្លារ​ ក្នុង​១​បា​រ៉ែល​ ជា​លើក​ដំបូង​ ក្នុង​រយៈពេល​ជាង​១​ខែ

1 ខែ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ហក់​ឡើង​លើស ១០០ ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​១​បារ៉ែល នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៦ ដោយ​ទម្លុះ​តម្លៃ​៣​ខ្ទង់​ជា​លើក​ដំបូង ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៦ ដោយសារ​តែ​ជម្លោះ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​កាន់​អំពី​ផល​រំខាន​នៃ​ការ​ដឹក​ជញ្ជូន​ប្រេង​ចេញពី​តំបន់​នោះ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters​។ គួររំលឹកថា តម្លៃ​ប្រេង​ឆៅ​ឡើង​ដល់​ជិត ១០០​ដុល្លារ ក្នុង​១​បារ៉ែល ដោយសារ​កម្តៅ​នៃ​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា

តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent បាន​កើនឡើង ២,១៥ ដុល្លារ ឬ ២,២% ដល់ ១០០,០៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល ត្រឹម​ម៉ោង ២ និង ២០ នាទី​រសៀល ខណៈ​ដែល​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក West Texas Intermediate (WTI) បាន​កើនឡើង ១,៧០ ដុល្លារ ឬ ១,៨៣% ដល់ ៩៤,៧៣ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ តម្លៃ​ប្រេង​ឆៅ Brent បាន​កើនឡើង ២៥% ចាប់តាំងពី​ដើមខែ​មុន​មក ដោយសារ​តែ​សង្ឃឹមលើ​ការ​ដោះស្រាយ​ជម្លោះ​រយៈពេល​៦​ខែ​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ត្រូវ​បាន​រលាយ​បាត់​ទៅ​វិញ​ ។

ការ​វាយប្រហារ​របស់​ក្រុម​ហ៊ូ​ធី​នៅ​ក្នុង​ប្រទេស​យេ​ម៉ែ​ន ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ អាច​គំរាមកំហែង​ដល់​ការ​ដឹក​ជញ្ជូន​ប្រេង​តាម​រយៈ​សមុទ្រ​ក្រហម ដែល​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ជំនួស​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​នៅ​ទីនោះ​ការ​ដឹក​ជញ្ជូន​ប្រេង​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង ចាប់តាំងពី​ការ​ចាប់ផ្តើម​សង្គ្រាម កាលពី​ថ្ងៃ​ទី ២៨ ខែកុម្ភៈ កន្លង​ទៅ​។

ការ​កើនឡើង​កម្តៅ​យ៉ាង​គំហុក​នៃ​សង្គ្រាម​រយៈពេល​៦​ខែ​នេះ កងកម្លាំង​សហរដ្ឋអាមេរិក​បាន​វាយប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អ៊ី​រ៉​ង់​ជា​ច្រើន​គ្រឿង ហើយ​អ៊ី​រ៉​ង់​បាន​ឆ្លើយ​តប​ដោយ​ការ​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អា​មេ​រិ​ក​ក្នុង​ប្រទេស​ហ្ស​ក​ដា​នី ព្រមទាំង​បាន​វាយប្រហារ​លើ​បណ្តា​កប៉ាល់​ដឹក​ជញ្ជូន​ផ្សេង​ទៀត​ផង​ដែរ​។

ការ​វាយប្រហារ​ចុង​ក្រោយបង្អស់​ទាំងនេះ គំរាមកំហែង​កាន់តែ​ខ្លាំង​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​មជ្ឈិមបូព៌ា ដែល​កំពុង​តែ​មាន​ភាព​តានតឹង​ស្រាប់​ទៅ​ហើយ ដោយសារ​តែ​ការ​វាយប្រហារ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ក្នុង​តំបន់ និង​ផ្លូវ​ដឹក​ជញ្ជូន​សំខាន់​ៗ៕