ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មណ្ឌល​ចំនួន5​​​ត្រូវបាន​​ដំណើរការ​​​​ប្រកួត​​កីឡា​​​មហា​ជន​សម្រាប់​ឆ្នាំ​2011

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ការប្រកួត​កីឡា​មហា​ជន ​សម្រាប់ឆ្នាំ​​​២០១១ ​បានដំណើរការ​​ប្រកួត​​ចំនួន​​​២​ថ្ងៃ​​មក​ហើយ ​​ចាប់តាំង​ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​​​​១០ សីហា​​ ដែលការប្រកួត​ត្រូវ​បាន​គេរៀបចំ​​ធ្វើ​ឡើង​​នៅ​តាមមណ្ឌល​​​ចំនួន​៥ ​គឺមណ្ឌល​​​រាជ​ធានី​​ភ្នំពេញ ​​មណ្ឌល​​ខេត្តព្រៃវែង ​​មណ្ឌលខេត្ត​​តា​កែវ ​មណ្ឌលខេត្ត​​​ស្ទឹង​ត្រែង និងមណ្ឌលខេត្ត​ប៉ៃ​លិន​។ ​វិញ្ញាសា​​

រាជធានីភ្នំពេញ​​ ៖ ​​ការប្រកួត​កីឡា​មហា​ជន ​សម្រាប់ឆ្នាំ​​​២០១១ ​បានដំណើរការ​​ប្រកួត​​ចំនួន​​​២​ថ្ងៃ​​មក​ហើយ ​​ចាប់តាំង​ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​​​​១០ សីហា​​ ដែលការប្រកួត​ត្រូវ​បាន​គេរៀបចំ​​ធ្វើ​ឡើង​​នៅ​តាមមណ្ឌល​​​ចំនួន​៥ ​គឺមណ្ឌល​​​រាជ​ធានី​​ភ្នំពេញ ​​មណ្ឌល​​ខេត្តព្រៃវែង ​​មណ្ឌលខេត្ត​​តា​កែវ ​មណ្ឌលខេត្ត​​​ស្ទឹង​ត្រែង និងមណ្ឌលខេត្ត​ប៉ៃ​លិន​។ ​វិញ្ញាសា​​ដែលដាក់​ឱ្យប្រកួត​មាន​បាល់ទាត់​​ បាល់​ទះ បាល់បោះ និង​​អត្ត​ពល​កម្ម​។​

​លោក​ហ៊ុន សាមុត អនុ​ប្រធាន​នាយកដ្ឋាន​អប់រំកាយ និង​​កីឡា បាន​ឱ្យ​​ដឹង​ថា ​សម្រាប់​លទ្ធ​ផល​​ដែលទទួល​បាន​​ជាផ្លូវការ​​កាលពីថ្ងៃទី​​៩ ​​​​នៅមណ្ឌល​​​​រាជ​ធានីភ្នំពេញ​​ វិញ្ញា​សា​​បាល់ទាត់ ​​​ដែលធ្វើនៅ​​​ទីលាន​​វិទ្យាល័យ​​​បឹង​ត្របែក​​​ ក្រុម​បាល់ទាត់​​ ក្រសួង​​ព័ត៌មាន បានយកឈ្នះ​​​​ក្រុម​​បាល់​ទាត់​​​​​រាជធានី​ភ្នំពេញ​ក្នុងលទ្ធ​ផល​​ ៣-២​។​​នៅ​មណ្ឌល​​​ខេត្តព្រៃវែង ​​បាល់ទាត់​ក្រុម​​ខេត្ត​​​កណ្តាល​​ បានយកឈ្នះ​​​ខេត្តកំពង់​ឆ្នាំ​​ង​​៥­-​២​។ វិញ្ញាសា​​បាល់ទះក្រុម​ខេត្តកណ្តាល ​បាន​យក​​ឈ្នះ​ក្រុម​​​​ខេត្ត​​​​កំពង់​​ធំ​ ៣សិត​​ទល់២សិត​​ វិញ្ញាសា​​​​បាល់​បោះ​ក្រុម​ខេត្ត​ព្រៃវែង ​​​បានលេង​​ចាញ់​ក្រុម​ខេត្ត​ស្វាយរៀង ​​ក្នុងលទ្ធ​ផល​​​​៤៥​​​ទល់​​៥៧​ពិន្ទុ​។​មណ្ឌល​ខេត្ត​​​​តាកែវ ​វិញ្ញាសា​​បាល់ទាត់​​​ ក្រុម​​ខេត្ត​​កោះកុង ​​បានយក​ឈ្នះ​​​ខេត្ត​កំពង់​ស្ពឺ ​​៤-០​។ ​​វិញ្ញាសា​​បាល់ទះ ក្រុម​​ខេត្តតាកែវ បាន​យកឈ្នះ​​​ខេត្ត​កំពត​៣សិត​ទល់​​នឹង​​២សិត​។​ មណ្ឌល​ខេត្ត​​ស្ទឹ​ងត្រែង​​​ វិញ្ញាសា​​​បាល់ទះ​​ ខេត្ត​ក្រចេះ ​​បាន​យក​ឈ្នះ​​ខេត្តព្រះវិហារ​​​៣សិត​​ទល់០​។​

មណ្ឌល​​​ខេត្តប៉ៃលិន វិញ្ញាសា​​​​បាល់ទាត់​​​ខេត្ត​ពោធិ៍សាត់ ​បានយកឈ្នះ​​ខេត្ត​ឧត្តរ​មានជ័យ ​៤-១ វិញ្ញា​សា​​បាល់ទះ ខេត្ត​ឧត្តរ​មានជ័យ ​​បាន​យក​ឈ្នះ​​ខេត្តប៉ៃ​លិន ​៣សិត​ទល់​​២សិត​។​ ចំពោះ​លទ្ធ​ផល​​នៃការ​​​ប្រកួត​​សម្រាប់​ថ្ងៃ​ទី​​១០ សីហា ​វិញ ​​មណ្ឌល​​រាជធានី​​​ភ្នំពេញ​​​វិញ្ញាសា​បាល់​ទាត់​ក្រុម​ស៊ីម៉ាក់ បាន​យកឈ្នះ​ក្រុម​​​គណៈ​កម្មា​ធិការ​​​ជាតិគ្រប់គ្រង​​​​គ្រោះមហន្តរាយ​​​​​១០-០​។ វិញ្ញាសា​​​បាល់ទះ​​ក្រុមរាជធានី​ភ្នំពេញ​​បាន​យកឈ្នះ​​ក្រុមស៊ីម៉ាក់​​​៣សិត​ទល់​​​២សិត​។ ​​ផ្នែក​​​អត្ត​ពល​កម្ម វិញ្ញាសា​​ចោល​ដុំ​ដែក ​បាន​រក​ឃើញ​អ្នក​​ដែលទទួល​ជ័យជម្នះជា​​បណ្តើរ​ៗ​ហើយ​។

ផ្នែកនារី​​ លេខ​១ បានទៅ​កីឡាការិនី​​​​ធឿន ​​ម៉ារ៉ា​​នាថ ​​មកពី​រាជធានីភ្នំពេញ ​​​ចោល​បាន​ចម្ងាយ​​​​៨,៥៣ម៉ែត្រ​។ ​លេខ​​២ អ៊ុក ធាវី ​​មកពី​អគ្គ​ស្នងការ​​​នគរ​បាល​​ជាតិ ​​ចោលបាន​ចម្ងាយ​​​​៨,៩​​ម៉ែត្រ​។ លេខ​​​៣ ​​សំរដ្ឋា ​​មកពី​សាកល​វិទ្យា​ល័យធនធាន​​មនុស្ស ​​ចោលបាន​​​៧,៨៧ម៉ែត្រ​។​ ផ្នែក​បុរស​លេខ​​​១ បានទៅលើ​​លៀម ​វាស្នា ​​អគ្គ​ស្នង​ការ​​នគរបាល​ជាតិ​​ ចោលបាន​​១០,៨៦​ម៉ែត្រ ​​លេខ​​២​ រិច អារ៉ាន់ ​​អគ្គស្នងការ​​នគរបាល​ជាតិ ​ចោល​បាន​​​១០,២១ម៉ែត្រ និង​​លេខ​​៣ ម៉េង ​​សុខគ្រី ​ក្រសួងការពារជាតិ ចោលបាន​​៩,៤៣​​ម៉ែត្រ​។​

មណ្ឌលព្រៃវែង វិញ្ញាសា​​​បាល់ទះ​ក្រុម​​ខេត្ត​​ព្រៃវែង យកឈ្នះ​ខេត្ត​កំពង់​ឆ្នាំង ​​៣​សិត​​​​០​។ ​​មណ្ឌល​​តាកែវ វិញ្ញាសា​​បាល់ទះ ​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស យក​ឈ្នះ​​ខេត្តព្រះសីហនុ​​ ៣សិតទល់​​១​សិត​​។ មណ្ឌលខេត្ត​​​​ស្ទឹង​ត្រែង​​​ វិញ្ញាសា​​បាល់ទាត់​ក្រុម​ខេត្ត​ស្ទឹង​ត្រែង​​យកឈ្នះ​ព្រះវិហារ​​​៣-០ ​និង​មណ្ឌល​​​​ប៉ៃលិន​​​បាល់ទាត់​​ ខេត្តប៉ៃ​លិន​​ យក​ឈ្នះ​​​ខេត្តបាត់ដំបង​​​៤-១ ។

បើក​ការ​ប្រកួត​កីឡា​​មហា​ជន​ជ្រើស​​រើស​​ជើង​ឯក​ប្រចាំភូមិ​ភាគតា​កែវ

ខេត្តតាកែវ ៖ នារសៀល​ថ្ងៃទី១០ និង​១១ សីហា ​​នៅ​ទី​លាន​បាល់​​ទាត់​​ខេត្ត​តាកែវ ​មាន​រៀបចំ​​បើក​ការ​ប្រកួត​កីឡា​មហា​ជន​​ជ្រើស​រើស​ជើង​ឯក​​ប្រចាំ​​ភូមិ​ភាគ​​ក្រប​ខណ្ឌ​ក២ ឆ្នាំ​២០១១ ក្រោម​អធិបតី​ភាព​លោក​មាស សារិន ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ​លោក​អ៊ិត ​សុខ អភិ​បាល​រង​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​​ប្រធាន អនុ​ប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត គណៈ​​កម្មាធិ​ការ​​ដឹក​នាំ​ កីឡា​ករ​​ កីឡា​ការិនី​ និង​ប្រជា​ពល​រដ្ឋ​​យ៉ាង​ច្រើន​កុះ​ករ​​ ។

លោក​ពៅ ដារ៉ា ​ប្រធាន​មណ្ឌល​​​ភូមិ​ភាគ​​តាកែវ បាន​ឱ្យ​ដឹងថា ​ការ​ប្រកួត​កីឡា​មហា​ជន​​ជ្រើស​រើស​ជើង​ឯក​នា​ពេល​នេះ ចាប់​ផ្តើម​​​​ពីថ្ងៃទី​៨ ដល់​ថ្ងៃទី​២២ សីហា ឆ្នាំ​២០១១ ​លើ​វិញ្ញា​សា​​បាល់ទាត់​ បាល់​ទះ ​បាល់​បោះ និង​​អត្តពល​កម្ម​​ ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​បញ្ចប់​​ការ​ប្រកួត កីឡា​ករ​​ កីឡា​ការិនី​​តាម​ក្រុម​នីមួយៗ​​​ ​ត្រូវ​បញ្ចេញ​​ឱ្យ​អស់​ពី​សមត្ថ​ភាព​​ និង​ត្រូវ​អនុ​វត្ត​ទៅតាម​បទបញ្ជា​បច្ចេក​ទេស​​របស់​គណៈ​កម្មាធិការ​រៀបចំ​ការ​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ ។

លោក​ប្រធាន​មណ្ឌល​ភូមិ​ភាគ​បាន​បន្ត​​ទៀត​ថា ​ចំពោះ​ក្រុម​​កីឡា​ដែល​ត្រូវ​ចូល​មក​ប្រកួត​នា​ពេល​នេះ មាន​៧​ក្រុម​មកពី​១-​ខេត្ត​តាកែវ ​មាន​វិញ្ញា​សា​បាល់ទាត់ បាល់​ទះ បាល់បោះ អត្តពល​កម្ម ​បុរស​-នារី ​២-ខេត្ត​កំពត​ មាន​វិញ្ញា​សា​បាល់​ទាត់​ បាល់​ទះ​ បាល់​​បោះ អត្ត​ពល​កម្ម​បុរស-នារី ​៣-ខេត្ត​កែប ​មាន​វិញ្ញា​សា​​បាល់​ទាត់ ​អត្ត​ពល​កម្ម បុរស-នារី ៤-​ខេត្ត​​ព្រះ​សីហនុ ​មាន​វិញ្ញា​សា​​អត្តពល​កម្ម​បុរស​-នារី ៥-ខេត្ត​កោះ​កុង ​មាន​វិញ្ញា​បាល់​ទាត់ ​៦-ខេត្ត​កំពង់​ស្ពឺ​ មាន​វិញ្ញា​សា​បាល់​ទាត់ បាល់​បោះ ​បាល់​ទះ អត្ត​ពល​កម្ម​បុរស-នារី​​ និង​៧-​ក្រុម​អង្គ​​រក្ស​ មាន​វិញ្ញាសា បាល់​ទះ បុរស ។ សរុប​កីឡា​បាល់​ទាត់​​មាន​៥​ក្រុម បាល់​បោះ​៣​ក្រុម​ បាល់​ទះ​៤​ក្រុម ​​និង​អត្ត​ពល​កម្ម​៥​ក្រុម។

​លោក​អ៊ិត សុខ អភិ​បាល​រង​ខេត្ត និង​លោក​មាស សារិន ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​ យុវ​ជន និង​កីឡា​ បាន​មាន​ប្រសាសន៍​​ស្រដៀង​គ្នា​ថា ​ការ​ប្រកួត​​​កីឡា​ គឺជា​ការ​ជួប​ជុំ​គ្នា​​​គ្រប់​​មជ្ឈ​ដ្ឋាន​សង្គម ​ដើម្បី​ចាប់​​ដៃ​គ្នា​ផ្លាស់​ប្តូរ​ប​ទ​ពិសោធន៍​ មាន​សាមគ្គី​ភាព មិត្តភាព ចេះ​អធ្យា​ស្រ័យ​​គ្នា ​​ដោយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ ​ការ​ប្រកួត​កីឡា​​នា​ពេល​នេះ​​ធ្វើឡើង​​ដើម្បី​​វាស់​ស្ទង់​កម្រិត​បច្ចេក​ទេស​​កីឡា​ករ កីឡា​ការិនី និង​ជ្រើស​រើស​​​​កីឡា​ករ​ឆ្នើម​ៗ​សម្រាប់​ត្រៀម​​ប្រកួត​កីឡាថ្នាក់​ជា​តិ​ ថ្នាក់​តំបន់ ថ្នាក់​អន្តរ​ជាតិ សំដៅលើក​ស្ទួយ​កិត្តិ​យស​ជាតិ​ឱ្យ​អន្តរ​ជាតិ​បាន​ស្គាល់​​ពី​ទង់​ជាតិ​ និង​ភ្លេង​ជាតិខ្មែរ។ ​ដូច្នេះ​​ពី​ពេល​ចាប់​​ផ្តើម​ប្រកួត​នេះ​ទៅ​ សូម​គ្រូ​បង្វឹក​​ដឹក​នាំ​កីឡា​ករ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​ខិត​ខំ​ពង្រឹង​ពង្រីក​​ការ​ហ្វឹក​ហាត់​កីឡ​ាករ​របស់​ខ្លួន​ឱ្យ​​​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ទៅ​ចូលរួម​ប្រកួតថ្នាក់​​ជាតិ​នៅ​ខេត្ត​ពោធិ៍​សាត់ ​នា​ពេល​ខាង​មុខ ៕