រាជធានីភ្នំពេញ ៖ ពិធីការិនីទូរទស្សន៍ CTN ធ្មេញច្រពើស អ្នកនាងផូ មុន្នី ពៅ ក្រោយពីរៀបការកាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១១ មក ស្រាប់តែការងារជាពិធីការិនីរបស់នាង ស្ងប់ស្ងាត់ស្ទើរតែបាត់មុខពីកញ្ចក់ទូរទស្សន៍ទាំងស្រុងតែម្តង ។ សព្វថ្ងៃអាជីពសិល្បៈរបស់នាងនៅតែមួយកម្មវិធីប៉ុណ្ណោះ គឺកម្មវិធី «អាហារពិតជីវិតពិត» ជាមួយអ្នកនាងយុគ ចិន្តា ។
ពិធីការិនីវ័យ២០ឆ្នាំរូបនេះអាចឈរលើអាជីពបានជាច្រើនឆ្នាំនៅ CTN ដោយធ្វើជាពិធីការិនីកម្មវិធី «មន្តស្នេហ៍សំនៀង» កម្មវិធី «អេវ័ន» និងកម្មវិធីប្រគំតន្ត្រីបន្តផ្ទាល់មួយចំនួនទៀតតែក្រោយពីនាងរៀបការមកស្ថានីយ CTN បានកាត់បន្ថយអាជីពការងាររបស់នាងឱ្យសល់តែមួយកម្មវិធីប៉ុណ្ណោះ គឺកម្មវិធី «អាហារពិតជីវិតពិត»។
ខណៈដែលការងារស្ងប់ស្ងាត់ ពិធីការិនីផូ មុន្នីពៅ មិនបារម្ភនោះទេ ព្រោះនាងមានស្វាមីជាមន្ត្រីស្ថានទូតបារាំង ប៉ុន្តែអ្វីដែលនាងកំពុងតែគិត កំពុងភ័យនោះ គឺនាងខ្លាចគ្មានកូន ។ មុន្នីពៅ និយាយថា ចាប់តាំងពីរៀបការមក ទាំងរូបនាង និងស្វាមីចង់មានកូនខ្លាំងណាស់ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មាន។ ទាំងរូបនាង និងស្វាមីមានសុខភាពល្អប្រសើរណាស់ ហើយមិនមានប្រើថ្នាំការពារអ្វីទេ តែមិនដឹងមកពីមូលហេតុអ្វីទេ ។
នាងផូ មុន្នី ពៅ និយាយថា ក្នុងខែសីហានេះ នាងនិងស្វាមីត្រៀមរកថ្ងៃទំនេរទៅឱ្យគ្រូពេទ្យពិនិត្យមើលដើម្បីរកវិធីឱ្យមានគភ៌ ។
ដោយហេតុតែចង់បានកូន រាល់ថ្ងៃសីលនាងតែងតែអុជធូបផ្សងសុំកូនពីព្រះជាម្ចាស់ ទោះស្រី ឬប្រុសក៏ដោយ ឱ្យតែបាន។
នាងផូ មុន្នីពៅ រៀបការកាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១១ ជាមួយលោកអេរិច ជនជាតិបារាំង ជាមន្ត្រីនៅស្ថានទូតបារាំងប្រចាំកម្ពុជា ៕
ចែករំលែកព័តមាននេះ