រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបេស្បលខ្មែរអាណត្តិទី៣ សម្រាប់ឆ្នាំ២០១១-២០១៥រកបានសមាជិកគណៈកម្មាធិការប្រតិបត្តិតែ៧រូបប៉ុណ្ណោះ ហើយនិងអាចធ្លាក់មកនៅតែ៦រូបផង ក៏មិនដឹង ខណៈពេលដែលលោកញ៉ែម ថ្ថាវី ប្រកាសសុំដកខ្លួន។
សហព័ន្ធកីឡាបេស្បលខ្មែរ បានរៀបចំធ្វើមហាសន្និបាតរបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារអាណត្តិចាស់ និងជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីជាបន្តទៀត កាលពីថ្ងៃពុធ ទី៣ សីហា កន្លងមកនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោកឡាក់ សំអាត អគ្គនាយកក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានជ្រើសតាំងធ្វើជាគណៈ អធិបតីក្នុងអង្គមហាសន្និបាត។ ក្នុងលក្ខន្តិកៈបានចែងថា សមាជិកគណៈកម្មាធិការប្រតិបត្តិមិនអាចមានលើសពី១១នាក់ឡើយ តែបើក្រោម១១នាក់ក៏បានដែរ អាស្រ័យលើអង្គមហាសន្និបាតអនុម័តប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឱ្យមានការសោកស្តាយនោះ គឺសហព័ន្ធកីឡាមួយនេះមិនមានអ្នកឈរឈ្មោះបោះឆ្នោតឱ្យបានគ្រប់ចំនួនឡើយ ហើយមានអ្នកចូលរួមបោះឆ្នោតតែ១០នាក់គត់។ ការបោះឆ្នោតនេះទៀត ក៏មិនសូវមានភាពរលូនប៉ុន្មានដែរ ដោយសារតែមន្ត្រីតាមបណ្តាក្លឹបទាំងអស់មិនសូវយល់អំពីលក្ខន្តិកៈ និងច្បាប់នៃការបោះឆ្នោត។
លោកឡាក់ សំអាត បានសម្រេចជ្រើសរើសយកនីតិវិធីតែមួយគត់ ដែលងាយស្រួល គឺអនុម័តដោយការលើកដៃជំនួសការគូសសន្លឹកឆ្នោតវិញ។ ការអនុម័តដោយការលើកដៃដែលជានីតិវិធីខុសប្លែកពីគេមួយនេះគេសង្កេតឃើញមានសំឡេងគាំទ្រ១០០ភាគរយដែលសម្រេចថា បេក្ខជនទាំង៧រូបនេះ នឹងក្លាយជាសមាជិកគណៈកម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាបេស្បលខ្មែរពេញសិទ្ធិចាប់ពីពេលនេះទៅ។ សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីរបស់សហព័ន្ធកីឡាបេស្បលឆ្នាំ២០១១-២០១៥ ទាំង៧រូបនេះគឺ១-លោកញ៉ែម ថ្លាវី ២-លោកប៉ុក ជួត ៣-លោកញឹម សវឿន ៤-លោកឈឹម ខេវិន ៥-លោកអ៊ាន ភារ៉ា ៦-លោកពិន សាវឿន និង៧- លោកស្រីលៀង ចាន់ទី។ ប៉ុន្តែភ្លាមៗនោះ ឮថា លោកញ៉ែម ថ្ថាវី សុំដកខ្លួនចេញវិញ ដូច្នេះគេរំពឹងថា នៅថ្ងៃខាងមុខអាច នឹងនៅសល់តែ៦រូបប៉ុណ្ណោះ។
កីឡាបេស្បល គឺជាវិញ្ញាសាកីឡាមួយដែលពុំសូវគេស្គាល់ប៉ុន្មានឡើយសម្រាប់នៅកម្ពុជាយើង ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិចាស់ ហើយមានការជួយជ្រោមជ្រែងពីសំណាក់អ្នកនៅក្រៅស្រុកទៀតផងនោះ ធ្វើឱ្យវិញ្ញាសាកីឡាមួយនេះ មានសកម្មភាពជាហូរហែរហូតមកដល់ពេលនេះ។ គួររំលឹកផងដែរថា រហូតមកដល់ថ្ងៃនេះ ក្រោយពីការបោះឆ្នោតរួច ការជ្រើសរើសតែងតាំងប្រធាន អនុប្រធាន អគ្គលេខាធិការនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ៕
ចែករំលែកព័តមាននេះ