កញ្ញា Lee Seong-hye វ័យ២២ឆ្នាំ ជនជាតិកូរ៉េខាងត្បូង បច្ចុប្បន្នជានិស្សិតនៅសាលា Parsons ផ្នែកច្នៃម៉ូដ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានគ្រងមកុដ បវរកញ្ញាកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី៣ សីហា ឆ្នាំ២០១១ កន្លងទៅនេះ ។
កញ្ញា Lee Seong-hye ត្រូវបានបំពាក់មកុដដោយ Jung Sora ដែលបានជាប់បវរកញ្ញាកាលពីឆ្នាំទៅមិញ។ ទឹកមុខញញឹមជាមួយនឹងមកុដដ៏ស្រស់ស្អាត បវរកញ្ញា Lee Seong-hye បានប្តេជ្ញាចិត្តថា នឹងជួយលើកកម្ពស់ដល់វប្បធម៌ប្រទេសកូរ៉េខាងត្បូង ។
បវរកញ្ញា Lee បាននិយាយថា «ខ្ញុំសុំចែករំលែកកិត្តិយសនេះទៅដល់អ្នកដែលបានបួងសួងឱ្យខ្ញុំ និងគ្រួសារជាទីស្រឡាញ់របស់ខ្ញុំ។ លើសពីនេះទៅទៀត នាងបាននិយាយថា «ក្នុងនាមជាអ្នកឈ្នះបវរកញ្ញាឯកកូរ៉េខាងត្បូង ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីតំណាងឱ្យប្រជាជនកូរ៉េខាងត្បូង ទាំងមូលសម្រាប់អាណត្តិ១ឆ្នាំរបស់ខ្ញុំនេះ ។
លើសពីនេះទៀត ខ្ញុំគឺជាតំណាងបវរកញ្ញាប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០១១ (Miss World) និងបវរកញ្ញាសាកលឆ្នាំ២០១២ (Miss Universe)។
គួររំលឹកដែរថា ប្រទេសកូរ៉េខាងត្បូងធ្លាប់បានរៀបចំកម្មវិធីប្រឡងជ្រើសរើសបវរកញ្ញាតំណាងប្រទេសតាំងពីឆ្នាំ១៩៥៧ មកម៉្លេះ ។ សម្រាប់ការប្រកួតឆ្នាំនេះ មានបេក្ខនារីចំនួន៥៤នាក់មកពីទូទាំងប្រទេសចូលរួមប្រកួត ហើយលទ្ធផលចុងក្រោយ គណៈកម្មការសម្រេចជ្រើសរើសបេក្ខនារីចំនួន៧រូប ចុងក្រោយនៅលើឆាក ហើយនៅចុងបញ្ចប់គណៈកម្មការសម្រេចជ្រើសរើសកញ្ញា Lee Seong-hye ឱ្យទទួលមកុដបវរកញ្ញាឆ្នាំ២០១១៕
ចែករំលែកព័តមាននេះ