បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីពសិល្បៈ និងជាម្ចាស់ហាងលក់ទំនិញតាមប្រព័ន្ធអនឡាញ តារាចម្រៀងវ័យ៣០ឆ្នាំ Seo Ji-Young គ្រោងនឹងរៀបការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១១ ខាងមុខនេះ ជាមួយនឹងគូដណ្តឹងរបស់នាង គឺលោក Kim Yoong Man ដែលមានអាយុច្រើនជាងនាង៥ឆ្នាំ ។
គូដណ្តឹងរបស់នាង គឺជាមនុស្សម្នាក់មានទំនួលខុសត្រូវ និងជោគជ័យក្នុងជីវិត គឺបានបញ្ចប់ការសិក្សានៅក្នុងសាកលវិទ្យាល័យដ៏ល្បីល្បាញមួយក្នុងទីក្រុងសេអ៊ូលហើយបានចូលបម្រើការងារក្នុងក្រុមហ៊ុនឧស្សាហកម្មហិរញ្ញវត្ថុដ៏ធំមួយ ។
ថ្មីៗនេះពួកគេបានភ្ជាប់ពាក្យរួចរាល់ហើយ បន្ទាប់ពីពួកគេត្រូវបានណែនាំឱ្យស្គាល់គ្នាតាមរយៈមិត្តភក្តិអស់រយៈពេលជាង១ឆ្នាំ ។ ពួកគេបានកំណត់ពេលរៀបអាពាហ៍ពិពាហ៍នៅក្នុងខែវិច្ឆិកា បន្ទាប់ពីមានការជួបជុំគ្រួសាររបស់អ្នកទាំងពីរកាលពីខែកក្កដា កន្លងទៅនេះ។
គួររំលឹកដែរថា នាង Seo Ji-Young គឺជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់ កាលពីឆ្នាំ១៩៩៨ នៅក្នុងក្រុម K-pop S#arp។ ក្រុមរបស់នាងបានចេញផ្សាយថាសចម្រៀងចំនួន៦មុនពេលដែលមានការបែកបាក់គ្នាកាលពីឆ្នាំ២០០២ ។ ក្រៅពីការចេញថាសចម្រៀងរួមគ្នានាងបានចេញថាសចម្រៀងទោលរបស់នាងចំនួន២ ក្នុងឆ្នាំ២០០៧ ដែលមានបទពេញនិយមដូចជា ៖ Stay in me និង Hey Boy។ ក្រៅពីការងារសិល្បៈនាងក៏បានបើកហាងលក់ទំនិញផ្ទាល់ខ្លួនមួយតាមប្រព័ន្ធអនឡាញដែលមានឈ្មោះថា J-Young ៕
ចែករំលែកព័តមាននេះ