ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុង​ សុវណ្ណ​ឌឿន ​ជួប​​ សេង​ មករា ​នៅលើ​​​​សង្វៀន​​បាយ័ន​​ថ្ងៃសុក្រ​ ​ឯ ​ការ​ប្រកួត​​​ដណ្តើម​​​ខ្សែ​ក្រវាត់​​​ខារ៉ាបាវ​ ​​ជ័យ វណ្ណៈ​ ​ជួប​ ​រាជសីហ៍ បាបា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ឡុង សុវណ្ណឌឿន​ មកពី​ក្លឹប​​​សាលវ័ន្ត​​​​កីឡា​ ចង់​​សាក​កម្លាំង​ជាមួយ​សេង មករា ​មកពីក្លឹប​យុវកីឡា នៅលើ​​សង្វៀន​ស្ថានីយ​​​ទូរទស្សន៍​បាយ័ន​ នា​ថ្ងៃសុក្រទី​​៥ ខែ សីហាខាង​មុខនេះ ខណៈ ​​ធិន សុវណ្ណ មកពី​ក្លឹប​​​កងពល​តូច​លេខ​​៧០ ចង់​សាកកម្លាំង​​ជាមួយ​ចាន់ សុខ​ហួន ​អ្នក​ប្រដាល់​​ជើងថ្មី​​មកពី​ក្លឹប​​និរោធ​​មានជ័យ ។​

រាជធានីភ្នំពេញ ៖ ​​ឡុង សុវណ្ណឌឿន​ មកពី​ក្លឹប​​​សាលវ័ន្ត​​​​កីឡា​ ចង់​​សាក​កម្លាំង​ជាមួយ​សេង មករា ​មកពីក្លឹប​យុវកីឡា នៅលើ​​សង្វៀន​ស្ថានីយ​​​ទូរទស្សន៍​បាយ័ន​ នា​ថ្ងៃសុក្រទី​​៥ ខែ សីហាខាង​មុខនេះ ខណៈ ​​ធិន សុវណ្ណ មកពី​ក្លឹប​​​កងពល​តូច​លេខ​​៧០ ចង់​សាកកម្លាំង​​ជាមួយ​ចាន់ សុខ​ហួន  ​អ្នក​ប្រដាល់​​ជើងថ្មី​​មកពី​ក្លឹប​​និរោធ​​មានជ័យ ។​

ឡុង សុវណ្ណ​​ឌឿន ជាកីឡាករ​ជើង​ថ្មី​​ដែល​​ទើបតែ​លេចមុខ​​នៅលើ​សង្វៀន​មិន​យូរ​​ប៉ុន្មាន​​ឡើយ តែ​​កេរ្តិ៍ឈ្មោះ​របស់​គេ​​ល្បី​​​​គួរសម​​ ដោយ​សារតែ​​​ជ័យជម្នះ​​ជាបន្ត​បន្ទាប់​​មក​នេះ។  លើក​នេះ ​​គេ​មាន​​បំណង​ចង់​សាកជាមួយអ្នក​​ប្រដាល់​​​ចាស់​វស្សា​សេង​ មករា វិញ ព្រោះ​ថា កន្លងមក​​រវាង​​គេទាំង២​នាក់​មិន​ធ្លាប់​​ប៉ះ​គ្នា​​​ម្តង​ណា​ឡើយ ម្យ៉ាង​មករា​ ​មួយរយៈ​​មក​នេះ​យីអ៊ុន​​របស់​គេ​​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​​ទេ ​មិនតែ​ប៉ុណ្ណោះ​​ភាគ​ច្រើន​​គឺ​បរាជ័យនៅក្រោម​​កណ្តាប់​​ដៃរបស់​អ្នក​ប្រដាល់​ជើង​ថ្មីតែ​ម្តង ។ ចំណែក​សុវណ្ណ​​ឌឿន ក៏មិន​ហ៊ាន​​អួត​​ទុក​មុន​ថា​​យ៉ាងណា​​ដែរ គឺស៊ីសង​សាក​មើល​សិន​ប៉ុណ្ណោះ ។

ធិន សុវណ្ណ ​និង​​ចាន់ សុខហួន ក៏​មិន​ធ្លាប់​​​ជួប​គ្នា​ពីមុន​មក​ដែរ ​ព្រោះ​ថា​សុខ​ហួន​គ្រាន់តែ​ជាអ្នក​​​ប្រដាល់​ជើងថ្មី​ម្នាក់​មិន​សូវ​មាន​ប្រវត្តិ​​​ល្បី​ល្បាញ​​នៅលើ​សង្វៀន​ប៉ុន្មាន​​ឡើយ ឯ​សុវណ្ណ​​ ថ្វីដៃ​ប្រកួត​នៅលើ​សង្វៀន​​របស់​គេ​​អ្នក​ណា​​ក៏​ទទួល​​​ស្គាល់​ថាខ្លាំង​ដែរ ​ទាំង​ស្នៀត​​ជើងនិង​ស្នៀត​កណ្តាប់​ដៃ​​​សុទ្ធតែ​អាច​វាយ​ចេញ​​បាន​យ៉ាង​​​ល្អ​បំផុត​​ ។ លើក​​នេះមិន​​ដឹងថា ជើង​ចាស់​​​ស៊ីជើងថ្មី​ឬជើង​ថ្មី​ស៊ី​ជើង​ចាស់​​​នោះទេ ។

​ចំណែក​ណុប សុភា មកពី​ក្លឹប​​ប៉ោយប៉ែត ​​ជួប​មាស សាមឿន មកពី​ក្លឹប​ឃ្លាំងមឿងកីឡា ។ ​អាន មុន្នី មកពី​​​ក្លឹប​​​និរោធ​​មានជ័យ ជួប ពៅ សារ៉ាត់ មកពី​​ក្លឹប​​​វីអាយភី​ចំការ​មន ។
រីឯ​ការ​​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​​​ខារ៉ា​បាវ​​​ នៅលើ​​សង្វៀន​​​​ស្ថានីយ​ទូរទស្សន៍​​ CTN នា​ថ្ងៃ​សុក្រ​​​ទី៥ ខែសីហា​ខាង​មុខ​នេះដែរ​ គឺ​ជា​វគ្គ​​​ប្រកួត​​​ជម្រុះ​វិលជុំ​​ក្នុង​ពូល​A នៅ​​ក្នុង​ជុំ​ទី៣ ។ ជ័យ​ វណ្ណៈ មកពីក្លឹប​ឃ្លាំងមឿង​កីឡា​ ជួបរាជ​សីហ៍ បាបា មកពី​ក្លឹប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿង​ញៀន រីឯអ៊ឹង បូរ៉ា មកពី​ក្លឹប​សិង្ហ​កីឡា​ ជួប ពៅ ស៊ីយ៉េត មកពី​ក្លឹប​​ក្រុង​ប៉ោយ​ប៉ែត​ ។

វណ្ណៈ​ និង​បាបា ធ្លាប់​​បាន​ឆ្លង​កាត់​ការ​ប្រកួត​​​មួយ​លើក​ម្នាក់​រួចមក​​ហើយ ថែមទាំង​យក​ឈ្នះ​​​ការ​ប្រកួត​រៀងៗ​ខ្លួន​ទៀត​ផង ។ វណ្ណៈធ្លាប់​​យក​ឈ្នះ​​​​ហ៊ុល ដារ៉ា​ មកពី​ក្លឹប​​សាល​វ័ន្ត​កីឡា ​​ដោយ​ពិន្ទុ រីឯ​បាបា ធ្លាប់​យកឈ្នះ​​​ពៅ ស៊ីយ៉េត​​ដោយ​ពិន្ទុ​​ដែរ ដូច្នេះ​រវាង​​គេទាំង​​២​​នាក់​​សុទ្ធតែ​​​មាន​​៣​​ពិន្ទុ​​នៅក្នុង​​ដៃ​ដូចគ្នា​​ ។ លើកនេះ​​គេទាំង​២​នាក់​ជួបគ្នា​​ ហើយ​ទាំង​សងខាងសុទ្ធតែ​ចង់​​ស្វែង​​​រក៣​ពិន្ទុ​​បន្ថែម​​ដូចគ្នា​ទៀត​ ប៉ុន្តែ​បើ​និយាយ​​ពីល្បិច​​​ប្រយុទ្ធ​​​នៅលើ​​សង្វៀន​​​ វណ្ណៈ​ល្អជាង​​​បន្តិច​ហើយ​​​ ជាពិសេសកម្លាំង​​​ក៏​រឹងមាំ​ណាស់​ដែរ។  ចំណែក​​បាបា​​ ចិត្ត​​របស់​គេ​ហ៊ាន​គួរសម​ យ៉ាង​​ហោច​ណាស់​ក៏ធ្វើ​​ឱ្យ​វណ្ណៈ​វេទនា​ខ្លះៗ​ដែរ​ មុននឹង​​​ឈ្នះ​នោះ ។

អ៊ឹង ​បូរ៉ា និង​​ស៊ីយ៉េត ទើបតែ​ឆ្លង​កាត់​ការ​​ប្រកួត​បាន​១លើក​ម្នាក់​ដូចគ្នា​ ប៉ុន្តែ​​បូរ៉ា​រក​បាន​៣ពិន្ទុ​​ហើយ ​ដោយសារ​ប្រកួត​​​លើក​ទី១​គេ​បាន​​​វាយ​ផ្តួល​ធា រិទ្ធី មកពី​​​ក្លឹប​​អេភូថង​​កីឡា​ឱ្យ​សន្លប់​​​នៅ​ទឹក​ទី៤ ។ ចំណែក​​ស៊ីយ៉េត​ចាញ់​២លើក​ ទើប​តែ​រក​បាន​២​ពិន្ទុ​​គត់​ហើយលើក​នេះ​គេក៏​ចង់​ស្វែង​​រក​៣​ពិន្ទុ​​បន្ថែម​​ទៀត​ដែរ ប៉ុន្តែ​មិន​ដឹង​​ថា​ទៅរួច​​ជាមួយ​បូរ៉ា​​​ឬអត់ ម្យ៉ាង​​​ក្បាច់​​ប្រយុទ្ធ​​​របស់​បូរ៉ា​​ក៏​ល្អ​ជាង​ស៊ី​​យ៉េត ថែមទៀត ។

ចំណែក​គូប្រកួត​មិត្ត​ភាព​ ​នេន វណ្ណា មកពី​ក្លឹប​កងពល​ធំអន្តរាគមន៍​លេខ៣​ព្រះ​វិហារ​ ជួប​ឡុង ចាន់ណាក់ មកពី​ក្លឹប​សាលវ័ន្ត​កីឡា​ ។ ​ប៊ី យីម មកពី​ក្លឹប​​ភ្នំពេជ្រ​​កីឡា ប្រកួត​ជា​លក្ខណៈ​​សាកល​ ជាមួយ​​សូ សុជាតិ មកពី​ក្លឹប​​​តោមាស ៕