រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រណាំងរថយន្ត Asia Cross Country Rally 2011 ដែលចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១១ សីហា មានផ្លូវចម្ងាយរហូតដល់ទៅ៨៧៥គីឡូម៉ែត្រ ចេញដំណើរពីប៉ាតាយ៉ា ប្រទេសថៃ និងត្រូវបានគេកំណត់ទីតាំងជ័យជម្នះនៅលើទឹកដីនៃខេត្តសៀមរាប។
លោកវ៉ាន់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា នេះជាលើកទី២ហើយដែលកម្ពុជាមានឱកាសបានទទួលយកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ដែលលើកទី១ នៅឆ្នាំ២០០៧ ការប្រណាំងរថយន្ត Rally ចេញដំណើរពីប្រទេសឥណ្ឌាចូលតាមច្រកបាវិតឆ្លងកាត់ប្រទេសកម្ពុជា។ ចំណែកលើកនេះជាលើកទី២ ប៉ុន្តែការកំណត់ទីតាំងជ័យជម្នះត្រូវបញ្ចប់នៅទីក្រុងអង្គរ រួមទាំងការចែកពានរង្វាន់ផងដែរ។
ក្រុមកីឡាករមកពីប្រទេសចំនួន៤គឺថៃ ម៉ាឡេស៊ី ជប៉ុន និង កូរ៉េខាងត្បូង មានរថយន្ត១៧គ្រឿង ក្នុង១គ្រឿងមានអ្នកបើកបរ២នាក់។លោកបន្តថា នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតដែលពុំធ្លាប់មានពីមុនមក ហើយអ្វីដែលពិសេសបំផុតទៀតនោះបើកាលណាយើងមានព្រឹត្តិការណ៍ធំៗបែបនេះ យើងអាចស្រូបយកភ្ញៀវទេសចរមកពីតាមបណ្តាប្រទេសផ្សេងៗជាច្រើននៅលើពិភពលោកឱ្យបានមកទស្សនាប្រទេសយើង ជាក់ស្តែងលើកនេះអាចមានភ្ញៀវទេសចរដែលរួមដំណើរជាង៣០០នាក់ ។
លោកបានបញ្ជាក់ថា ការប្រកួតកីឡាប្រណាំងរថយន្ត Rally គឺត្រូវឆ្លងកាត់ផ្លូវលំជាច្រើន និងមានការលំបាកជាច្រើនដំណាក់កាលមុននឹងចូលមកដល់ប្រទេសកម្ពុជា។ ក្បួនរថយន្តបានចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ឆ្លងកាត់ខេត្តបាត់ដំបងឆ្ពោះទៅកាន់ខេត្តសៀមរាប ចំណែកឯការបើកបរលើទឹកដីកម្ពុជាមានចម្ងាយផ្លូវជាង១៥០គីឡូម៉ែត្រ និងឆ្លងកាត់ផ្លូវឧបសគ្គជាច្រើនដំណាក់កាល។ ប៉ុន្តែអ្វីដែលជាមោទនភាពសម្រាប់ជាតិខ្មែរនោះគឺ យើងមានបំណងចង់ស្រូបយកភ្ញៀវទេសចរបរទេសឱ្យគេបានស្គាល់កម្ពុជាបានកាន់តែច្រើន ជាពិសេសគឺទឹកដីអង្គរតែម្តង៕
ចែករំលែកព័តមាននេះ