រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជន។ ពិសេសតបទៅប្រទេសសៀមពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៤ មីនា ២០២៦ បានកត់សម្គាល់អំពីព័ត៌មាន និងមតិយោបល់មួយចំនួនដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា ។ ពិសេស«ស្បៃ» ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច «ព្រះថោងតោងស្បៃ» គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុក និងគោរពអនុវត្ត គ្រប់ៗជំនាន់រហូតមកទល់បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត ៕



ចែករំលែកព័តមាននេះ