ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​ការទូទាត់​ឆ្លង​ដែន​តាម​ ឃ្យូ​អរ​កូត រវាង​​កម្ពុជា និង​សិង្ហ​បុរី

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល…

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សិង្ហ​បុរី (​ដំណាក់កាល​ទី​ ១ ៖ កម្ពុជា​ស្កេ​ន ឃ្យូ​អរ​កូត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​) នៅ​ក្នុង​ឱកាស​នៃ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សិង្ហ​បុរី ឆ្នាំ​ ២០២៥ នៅ​ប្រទេស​សិង្ហ​បុរី​ ។

ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត ដំណាក់កាល​ទី ​១ ​នេះ នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រជាជន​កម្ពុជា​ដែល​មាន​គណនី​ធនាគារ​ជា​ប្រាក់​រៀល អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដោយ​ប្រើប្រាស់​កម្មវិធី​ទូទាត់​បាគង ឬ កម្មវិធី​ធនាគារ​ចល័ត​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​បាគង ដើម្បី​ស្កេ​ន​ទូទាត់​តាម RoamQR របស់​ពាណិជ្ជករ SGQR នៅ​ទូ​ទាំង​ប្រទេស​សិង្ហ​បុរី ប្រកបដោយ​ភាព​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព ​។

កិច្ច​សហប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហ​បុរី​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ និង​ការ​កាត់​បន្ថយ​តម្រូវការ​ក្នុង​ការ​ប្ដូរ​រូបិយប័ណ្ណ​ក៏​ដូច​ជា​ការ​ប្រើប្រាស់​ប័ណ្ណ​ទូទាត់ ដោយ​ផ្ដល់​លទ្ធភាព​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ភ្លាម​ៗ​ ។ ការណ៍​នេះ​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​រវាង​ប្រទេស​ទាំង​ពីរ ​។

គម្រោង​ទូទាត់​ឆ្លង​ដែន​នេះ ផ្ដួចផ្ដើម​ឡើង​ដោយ​មាន​ដៃគូ​សហការ​ក្នុង​វិស័យ​ឯកជន​រួម​មាន​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ធនាគារ​ហ្វី​លី​ព ភី​អិ​ល​ស៊ី និង​ក្រុមហ៊ុន​បណ្ដាញ​ទូទាត់ Liquid Group ដែល​ការណ៍​នេះ​បាន​សបញ្ជាក់​ពី​ការ​ចូលរួម​យ៉ាង​សំខាន់​របស់​វិស័យ​ឯកជន ក្នុង​ការ​ជំរុញ​កា​រត​ភ្ជាប់​ការ​ទូទាត់​ឆ្លង​ដែន​ជា​ឌី​ជី​ថ​ល ព្រមទាំង​បាន​រួមចំណែក​គាំទ្រ​ដល់​ការ​សម្រេច​បាន​នូវ​ទស្សនវិស័យ​រួម​ក្នុង​ការ​អភិវឌ្ឍ​អន្តរ​ប្រតិបត្តិការ​ទូទាត់​ក្នុង​តំបន់​អាស៊ាន​ប្រកបដោយ​បរិ​យា​បន្ន ស្រប​តាម​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​ប្រកបដោយ​នវានុវត្តន៍​ ៕ អត្ថបទសហការ