ដោយមានការសំណូមពរពីលោកគ្រូ អ្នកគ្រូ ដែលបានដឹកនាំស្នាដៃ និងសិស្សានុសិស្សដែលជាម្ចាស់ស្នាដៃ ក៏ដូចជាពីលោកអ្នកជាអាណាព្យាលបាលសិស្ស និងទស្សនិកជនដែលបានអញ្ជើញចូលរួមពិនិត្យ និងវាយតម្លៃអំពីលទ្ធផលប្រឡងស្នាដៃសិល្បៈរបស់សិស្សានុសិស្សឆ្នាំសិក្សា២០២៤-២០២៥ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសម្តែងទស្សនីយភាពសិល្បៈជាស្នាដៃសិស្សជាច្រើនទម្រង់ក្នុងកម្មវិធីសិល្បៈសប្បុរសធម៌ដើម្បីវីរៈកងទ័ព ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីអំពាវនាវពីការជួយគាំទ្រចូលរួមចំណែករបស់សប្បុរជនជិតឆ្ងាយ ដូចជាថវិកា ស្បៀងអាហារ គ្រឿងនិង/ឬសម្ភារៈប្រើប្រាស់ចាំបាច់ដើម្បីជូនដល់វីរៈកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរាណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ (សៀម) និងបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពមួយចំនួននៃភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។

អ្នករៀបចំកម្មវិធីបានអះអាងប្រាប់កោះសន្តិភាពថា កម្មវិធីខាងលើនេះនឹប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០រសៀល នៅរោងមហោស្រពភិមានអាកាសសាលាមធ្យមវិចិត្រសិល្បៈ និងមានការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុករបស់សាលា ផងដែរ ។ ទស្សនិកជនអាចចូលរួមដោយសេរី ដោយគ្រាន់តែការចូលទស្សនានេះទស្សនិកអាចចូលរួមបរិច្ចាគជាថវិកា ឬសម្ភារផ្សេងៗតាមសន្ធា ដើម្បីក្រុមការងារយកជំនួយទាំងអស់ទៅចែកជូនជនភៀសសឹក និងកងទ័ពជួរមុខកម្ពុជា ។

ដោយឡែកសម្រាប់ទស្សនីយភាពសិល្បៈដែលត្រូវសម្តែងនោះមានដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនខោល សៀក និង ល្ខោនបាសាក់ ក្នុងពេលទស្សនីយភាពទាំងអស់នេះគឺសម្តែងដោយសិស្ស និងអតីតសិស្សមកពីសាលាមធ្យមវិចិត្រសិល្បៈ ហើយក៏មានតារាមួយចំនួនទៀតដែលពួកគេមកចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយផងដែរ ។

សម្រាប់ថវិកាដែលយើងទទួលបានពីសំណាក់ទស្សនិកដែលបានបរិច្ចាគចូលរួមទស្សនានេះគឺយើងមិនបានបែងចែកទៅកាន់អ្នកសិល្បៈ ឬអ្នករៀបចំកម្មវិធីនេះណាម្នាក់ឡើយ ពោលគឺយើងនឹងយកទៅចែកជូនវីរៈកងទ័ព និងជនភៀសសឹកទាំងអស់ ។

យ៉ាងណាតាមរយៈការសម្តែងសិល្បៈក្នុងកម្មវិធីខាងលើនេះ ក្រុមអ្នករៀបចំរំពឹងនឹងទទួលបានការចូលរួមគាំទ្រច្រើនពីសំណាក់ទស្សនិកជន ដើម្បីចូលរួមជាចំណែកនៅក្នុងមូលនិធិជួយដល់វីរៈកងទ័ពកម្ពុជាយើងដែលកំពុងឈរជើងការពារទឹកដី និងជនភៀសសឹកទាំងអស់ដែលបានរងគ្រោះដោយការឈ្លានពានពីសំណាក់ប្រទេសសៀម ៕
ចែករំលែកព័តមាននេះ